តំណាងអ្នកភូមិខេត្តក្រចេះ ដែលបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លី ជាមួយក្រុមហ៊ុនកសិពាណិជ្ជកម្មមួយបាននិយាយថា ការពិភាក្សាជាមួយមន្ត្រីរៀបចំដែនដី និងមន្ត្រីខេត្តនៅសាលាស្រុកស្នួលកាលពីម្សិលមិញ បានបញ្ចប់ដោយគ្មានដំណោះស្រាយអ្វីឡើយ។
តាមព័ត៌មានថា អាជ្ញាធរបានប្រមូលឯកសារ និងគ្រោងធ្វើការពិភាក្សាបន្តនៅថ្ងៃទី១៨ ខែកញ្ញាហើយនៅពេលមួយពួកបានអះអាងប្រាប់ក្រុមអ្នកភូមិថា ពួកគេនឹងសម្រេចថា តើនរណាមានសិទ្ធិកាន់កាប់ដី របស់ខ្លួន។
លោក សួន វិច្ឆិកា តំណាងអ្នកភូមិ៣២៩គ្រួសាររស់នៅក្នុងឃុំស្នួលបាននិយាយថា “យើងស្នើឲ្យអាជ្ញាធររកដំណោះស្រាយឲ្យបានឆាប់សម្រាប់អ្នកភូមិ ហើយបានលើកឡើងថា ពួក គេត្រូវតែប្រគល់ដី ឲ្យពួកយើងវិញ”។
សមាជិកសហគមន៍ប្រហែល១០០នាក់បានធ្វើការតវ៉ានៅខាងក្រៅសាលាស្រុក ពីព្រោះក្រុមអ្នកភូមិ និងអ្នកយកព័ត៌មានត្រូវបានរារាំងមិនឲ្យចូលទៅក្នុងអគារនោះអំឡុងការពិភាក្សា ប៉ុន្តែ ទីបំផុតអ្នកយកព័ត៌មានពីរបីនាក់ត្រូវបានអនុញ្ញាតឲ្យចូល។
អ្នកភូមិដែលរដ្ឋាភិបាលបានសន្យាផ្តល់ប័ណ្ណកម្មសិទ្ធិដីត្រូវអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Horizon Agricultural Development ដែលលើកឡើងថា ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ដើម្បីដាំដំឡូងមី និងម្រេចនៅលើដីនេះ បានដាក់ពាក្យបណ្តឹង។
កាលពីថ្ងៃទី១៨ ខែសីហា ក្រុមអ្នកភូមិបានប៉ះទង្គិចជាមួយនគរបាលនៅក្នុងរាជធានីភ្នំពេញ ខណៈដែលព្យាយាមដាក់ញត្តិនៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំជំនួយ។ នៅព្រឹកថ្ងៃដដែលនោះលោក ហ៊ុន សែន បានរិះគន់លោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស ចំរុង អភិបាលខេត្តក្រចេះនៅក្នុងសុន្ទរកថាមួយ ចំពោះការមិនរកដំណោះស្រាយចំពោះវិវាទដីធ្លី។
លោក កៅ ម៉ាលីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា គណៈកម្មាធិការសុរិយោដីថ្នាក់ជាតិបានមកស្រង់ទិន្នន័យអំពីករណីនេះ ហើយបាននិយាយថា លោកនឹងរាយការណ៍ទៅលោក អឹុម ឈុនលឹម ឲ្យបានទាន់ពេលវេលាសម្រាប់ការប្រជុំនៅខែកញ្ញា។
លោក ម៉ាលីឡែន បានមានប្រសាសន៍ថា ”អ្នកភូមិទាំងនោះបានស្នើសុំឲ្យមានដំណោះស្រាយឲ្យបានឆាប់ ប៉ុន្តែ សំណើនេះមិនអាចទទួលយកបានទេ ពីព្រោះពួកគាត់គ្រាន់តែជាភាគីម្ខាងប៉ុណ្ណោះ”។ លោកបានបន្ថែមថា លោកសង្ឃឹមថា តំណាងក្រុមហ៊ុននឹងចូលរួមកិច្ចប្រជុំលើកក្រោយ។
លោក វិច្ឆិកា បាននិយាយថា ក្រុមអ្នកភូមិនឹងមិនទទួលយកអ្វីឡើយក្រៅតែពីការទទួលបានដី ដែលមានវិវាទនៅថ្ងៃទី១៨ ខែកញ្ញាមកវិញ។ លោកបាននិយាយថា “យើងនឹងបន្តធ្វើការតវ៉ាទៀត ប្រសិនបើពួកគេសម្រេចឲ្យក្រុមហ៊ុនឈ្នះនោះ”៕សារុន