កាលពីម្សិលមិញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាជួយស្វែងរកចម្លើយពីរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានការភ័យខ្លាចចំពោះការបាត់បង់ទាំងអស់ ឬមួយចំនួននៃដីធ្លីរបស់ពួកគាត់ទៅលើគម្រោងមួយដែលទទួលបានជំនួយមូលនិធិពីធនាគារ ដើម្បីស្តារបណ្តាញផ្លូវដែករបស់កម្ពុជាឡើងវិញ។
លោក អេរីក សុិចវីក (Eric Sidgwick) នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានសន្យាបែបនេះនៅខាងក្រៅការិយាល័យប្រចាំប្រទេសរបស់ធនាគារនេះ ដែលមានតំណាងប្រហែល២០០នាក់របស់គ្រួសារទាំងនោះប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ា។
ប្រជាពលរដ្ឋប្រមាណ១.០០០គ្រួសារ ដែលផ្ទះរបស់ខ្លួនស្ថិតនៅជាប់នឹងផ្នែកខ្លះដែលចាស់ទ្រុឌទ្រោមនៃបណ្តាញផ្លូវដែកក្នុងខេត្តមួយចំនួន ត្រូវបានបណ្តេញចេញរួចមកហើយ ដើម្បីបើកផ្លូវសម្រាប់គម្រោងនេះ។ គ្រួសារដែលបានប្រមូលផ្តុំគ្នានៅការិយាល័យរបស់ធនាគារ ADB កាលពីម្សិលមិញ មិនទាន់បានបាត់បង់ផ្ទះសំបែងរបស់ខ្លួននៅឡើយទេ ប៉ុន្តែ មានការព្រួយបារម្ភ ខណៈរដ្ឋាភិបាលមិនទាន់បានបញ្ជាក់ច្បាស់លាស់ថា ដីទំហំប៉ុណ្ណានៅអមសងខាងផ្លូវដែកដែលគម្រោងនេះត្រូវការសម្រាប់ពង្រីក។
អំឡុងជំនួបមួយជាមួយគ្រួសារទាំងនោះកាលពីខែមុន លោក អេរីក សិុចវីក បានប្រាប់ពួកគាត់ថា គម្រោងនេះត្រូវការទំហំដីប្រវែង៣,៥ម៉ែត្រនៅសងខាងទ្រូងផ្លូវដែកក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ គ្រួសារទាំងនេះចង់ដឹងថា តើរដ្ឋាភិបាលនឹងត្រូវការដីបន្ថែមទៀត ឬយ៉ាងណា ហើយពួកគាត់ចង់ឲ្យធនាគារ ADB ដែលកំពុងផ្តល់មូលនិធិមួយផ្នែកធំនៃការងារស្តារនេះ ជួយស្វែងរកចម្លើយជូនពួកគាត់។
លោក អេរីក សិុចវីក បានប្រាប់ពួកគាត់កាលពីម្សិលមិញថា ធនាគារនេះនឹងធ្វើជាអ្នកនាំសារសម្រាប់គ្រួសារទាំងនេះ និងរដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ៉ (Toll Royal Railway) ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងអូស្ត្រាលីនិងកម្ពុជា ដែលមានសម្បទានរយៈពេល៣០ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការបណ្តាញផ្លូវដែកនេះ។
លោកមានប្រសាសន៍ទៀតថា “ADB មិនអាចឆ្លើយសំណួររបស់បងប្អូនអស់ទេ ប៉ុន្តែ យើងនឹងព្យាយាមជួយសម្របសម្រួលចម្លើយដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូន។ ADB នឹងធ្វើឲ្យប្រាកដថា សំណួរដែលបងប្អូនសួរនឹងឮទៅដល់រដ្ឋាភិបាល និងក្រុមហ៊ុន ថូល ហើយយើងនឹងធ្វើអ្វីតាមដែលយើងអាចធ្វើទៅបាន ហើយព្យាយាមនាំចម្លើយមកជូនបងប្អូនវិញ។ យើងមិនអាចធានាថា បងប្អូននឹងទទួលបានចម្លើយស្របនឹងសំណួររបស់បងប្អូន ប៉ុន្តែ យើងសន្យាថា យើងនឹងព្យាយាម”។
អ្នកស្រី នី សណ្តោស តំណាងគ្រួសារទាំងនេះបាននិយាយថា ពួកគាត់នឹងពិភាក្សាគ្នាអំពីការសន្យានេះក្នុងចំណោមពួកគាត់ មុនពេលសម្រេចថា តើទទួលយក ឬក៏អត់។ អ្នកស្រីនិយាយទៀតថា ប្រសិនបើពួកគាត់សម្រេចច្រានចោលសំណើនេះ “យើងនឹងប្រមូលផ្តុំគ្នានៅទីនេះដើម្បីទទួលបានចម្លើយជាក់លាក់ ហើយការតវ៉ាលើកក្រោយនឹងធ្វើឡើងនៅក្រោយពិធីបុណ្យអុំទូក”។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកប្រចាំឆ្នាំដែលមានរយៈពេលបីថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំនេះ។
លោក ផែង សុវិជ្ជានោ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបន្ទុកគម្រោងផ្លូវដែកនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយជំុវិញក្តីបារម្ភរបស់គ្រួសារទាំងនេះទេ ដោយលោកមានប្រសាសន៍ថា “យើងមិនដឹងថា ពួកគាត់ចង់បានអ្វីទេ”៕សុខុម