យោងតាមមន្ត្រីមូលដ្ឋានម្នាក់បានឲ្យដឹងថា ប្រទេសកម្ពុជា និងវៀតណាមបានធ្វើការស៊ើបអង្កេតរួមគ្នាអំពីបង្គោលតម្រុយព្រំដែន ដែលគេឃើញថា បានបាត់អំឡុងការល្បាតតំបន់នោះជាប្រចាំកាលពីថ្ងៃអង្គារ នៅក្នុងខេត្តត្បូងឃ្មុំ។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា នគរបាលព្រំដែនកត់សម្គាល់ឃើញថា បង្គោលបេតុងកម្ពស់ប្រហែល៧០សង់ទីម៉ែត្រ ដែលបានបោះកណ្ដាលស្រែនោះ បានបាត់ ខណៈដែលការល្បាតតាមព្រំដែនកម្ពុជា-វៀតណាមនៅក្នុងឃុំចាន់មូល ក្នុងស្រុកមេមត់។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីនគរបាលរបស់យើងរកឃើញថា បង្គោលព្រំដែននេះបាត់នោះ យើងបានទាក់ទងនគរបាលព្រំដែនវៀតណាម ដើម្បីជូនដំណឹងដល់ពួកគេ។ ឥឡូវនេះ យើងកំពុងធ្វើការស៊ើបអង្កេតរួមគ្នាជាមួយវៀតណាម ដើម្បីរកឲ្យឃើញថា តើបង្គោលតម្រុយព្រំដែននេះត្រូវបានដកដោយមានបំណងមិនល្អ ឬដោយសារមូលហេតុអ្វីនោះឡើយ”។ លោកបានមានប្រសាសន៍ថា នគរបាលព្រំដែនបានធ្វើការល្បាតកន្លែងនោះ មួយថ្ងៃមុនពេលបង្គោលព្រំដែននេះបានបាត់។
ភាគច្រើននៃព្រំដែនកម្ពុជា-វៀតណាមនៅមានទំនាស់នៅឡើយ ហើយមិនទាន់ត្រូវបានកំណត់ព្រំប្រទល់ផ្លូវការទេ។ ការបោះបង្គោលព្រំដែននៅតែជាបញ្ហាចម្រូងចម្រាសសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយ៨ ដែលចោទប្រទេសភាគខាងកើតរបស់ខ្លួនពីបទរំលោភយកដី។
កាលពីឆ្នាំ២០១០ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានផ្ដន្ទាទោសកំបាំងមុខពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈបន្ទាប់ពីបានដកបង្គោលតម្រុយព្រំដែននៅតាមព្រំដែនវៀតណាម ដែលលោកបានអះអាងថា ត្រូវបានបោះនៅក្នុងដីស្រែរបស់ប្រជាជនខ្មែរ។
លោក សម រង្ស៊ី ទើបតែត្រូវបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ២០១៣ ប៉ុណ្ណោះបន្ទាប់ពីទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
កាលពីម្សិលមិញ លោក ម៉ៅ ពៅ បានប្រកាសផ្ដល់រង្វាន់ផ្ទាល់ខ្លួនដល់នរណាដែលបានផ្ដល់ព័ត៌មានដែលឈានទៅរកការចាប់ខ្លួនក្នុងករណីនៃការបាត់បង្គោលព្រំដែនថ្មីៗនេះ។ ទោះជាយ៉ាងណា លោក ម៉ៅ មុនីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិបានផ្ដល់ការពន្យល់ចំពោះភាពអាថ៌កំបាំងនេះ។
លោកបានមានប្រសាសន៍ថា លោកបានចុះទៅមើលតំបន់ព្រំដែននេះកាលពីពីរបីខែមុន ហើយបានកត់សម្គាល់ឃើញថា ដីធូរណាស់ ហើយតែងតែមានសត្វពាហនៈដើរត្រាច់ចរជាប្រចាំ។ លោកបានលើកឡើងថា បង្គោលព្រំដែននេះអាចដួលដោយសារសត្វគោ ហើយថា អ្នកភូមិអាចដកចោល។
លោកបានមានប្រសាសន៍ថា តាមគំនិតរបស់ខ្ញុំ វាជាបញ្ហាលំបាក។ អាជ្ញាធរអាចបោះបង្គោលតម្រុយព្រំដែនថ្មីកន្លែងដែលបង្គោលបាត់នោះ ពីព្រោះវាគ្រាន់តែជាបង្គោលបណ្ដោះអាសន្នប៉ុណ្ណោះ”៕ សារុន