ក្រសួងការបរទេសកម្ពុជាបានប្រកាសកាលពីចុងសប្តាហ៍នេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបគ្នាជាឯកជនជាមួយលោក តូនី អាបត់ សមភាគីអូស្ត្រាលីរបស់លោក និងមេដឹកនាំពិភពលោកជាច្រើនរូបផ្សេងទៀតនៅក្រៅជំនួបកំពូលប្រចាំតំបន់នាចុងសប្តាហ៍នេះក្នុងប្រទេសភូមា។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ ក្រសួងនេះបានឲ្យដឹងថា លោក ហ៊ុន សែន នឹងធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសភូមា ដោយចាប់ផ្តើមពីថ្ងៃពុធសម្រាប់ការប្រជុំកំពូលអាស៊ាន ហើយមានកិច្ចប្រជុំជាឯកជនជាមួយលោក អាបត់ ក៏ដូចជានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ។
សេចក្តីប្រកាសព័ត៌មានមិនបានឲ្យដឹងថា មេដឹកនាំទាំងនោះនឹងពិភាក្សាគ្នាអំពីអ្វីនោះទេ ហើយមន្ត្រីនៅក្រសួងនេះមិនអាចទាក់ទងបាន និងបដិសេធមិនអធិប្បាយ។
ប៉ុន្តែកិច្ចប្រជុំដែលគ្រោងទុករបស់លោកនាយករដ្ឋមន្ត្រីជាមួយលោក អាបត់ មានឡើងចំពេលមានកិច្ចខិតខំដោយប្រទេសទាំង២ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសស្តីពីការតាំងទីលំនៅជនភៀសខ្លួន ដែលគេបានចុះហត្ថលេខាកាលពីខែកញ្ញា។
បន្ទាប់ពីមានការចរចាជាច្រើនខែ ប្រទេសកម្ពុជាបានយល់ព្រមតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនមួយចំនួន ដែលប្រទេសអូស្ត្រាលីកំពុងឃាត់ទុកក្នុងសមុទ្រ ជាថ្នូរនឹងប្រាក់ជំនួយបន្ថែម៣៥លានដុល្លារសម្រាប់រយៈពេល៤ឆ្នាំបន្ទាប់។
បើទោះជាមានការប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះនៅក្នុងប្រទេសទាំងពីរក៏ដោយ ក៏មន្ត្រីកម្ពុជាបាននិយាយថា ក្រុមជនភៀសខ្លួនដំបូងអាចនឹងមកដល់នៅចុងឆ្នាំនេះយ៉ាងយូរបំផុត។មានិត