នៅពេលរាជធានីភ្នំពេញជោរជន់ទៅដោយស្រោមអនាម័យចែកឥតគិតថ្លៃ អំឡុងពិធីបុណ្យអុំទូកកាលពីសប្ដាហ៍មុន ដើម្បីធានាថាអ្នកចូលរួមអបអរពិធីនេះ ដែលទៅស្វែងរកការសប្បាយបំពេញចំណង់ផ្លូវភេទមានសុវត្ថិភាពនោះ អ្នកលក់ស្រោមអនាម័យនៅក្នុងរាជធានីមិនសប្បាយចិត្តឡើយចំពោះរឿងនេះ។
លោក កែម វិចិត្រ នាយកក្រុមហ៊ុន PPES Group ដែលជាក្រុមហ៊ុនក្នុងស្រុកទទួលចែកចាយស្រោមអនាម័យ Yoi បានមានប្រសាសន៍ថា “អំឡុងពិធីបុណ្យអុំទូក ក្រុមហ៊ុនរបស់ខ្ញុំស្ទើរតែមិនទទួលបានការកុម៉្មង់ទិញពីបណ្ដាផ្ទះសំណាក់ ពីព្រោះភ្ញៀវភាគច្រើនដែលមកភ្នំពេញទទួលបានស្រោមអនាម័យឥតគិតថ្លៃពីអង្គការមិនមែនរដ្ឋាភិបាល”។
ប៉ុន្តែបុណ្យអុំទូកគឺជាពិធីដែលប្រារព្ធឡើងមួយឆ្នាំម្ដង ហើយបណ្ដាក្រុមហ៊ុនឯកជនផ្សេងៗទៀតក្នុងវិស័យស្រោមអនាម័យនិយាយថា ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលផ្នែកសុខភាពដែលបានចែកចាយស្រោមអនាម័យឥតគិតថ្លៃកាលពីសប្ដាហ៍មុន ក៏បានជួយឲ្យទីផ្សារស្រោមអនាម័យដែលស្វែងរកប្រាក់ចំណេញទទួលបានប្រជាប្រិយភាពផងដែរ។
Population Services International (PSI) ជាអង្គការសុខភាពពិភពលោក ដែលពេលនេះប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឈ្មោះថា Population Services Khmer (PSK) គ្រប់គ្រងភាគច្រើននៃទីផ្សារស្រោមអនាម័យ ហើយស្រោមអនាម័យម៉ាក NumberOne និងម៉ាក OK របស់វា ទទួលបានឧបត្ថម្ភធនយ៉ាងច្រើន។ ទោះបីជាអង្គការនេះនៅតែផ្ដល់ស្រោមអនាម័យដោយឥតគិតថ្លៃក្ដី ក៏ខ្លួនបានព្យាយាមជំរុញឲ្យប្រជាពលរដ្ឋមានទម្លាប់ទិញស្រោមអនាម័យ ដោយចាប់ផ្ដើមពីតម្លៃថោកបំផុត ខណៈលុយម្ចាស់ជំនួយសម្រាប់ស្រោមអនាម័យឥតគិតថ្លៃ ចាប់ផ្ដើមអស់ជាបណ្ដើរៗ។
ហើយកិច្ចប្រឹងប្រែងរបស់ពួកគេហាក់ទទួលបានផល។ សម្រាប់ក្រុមហ៊ុន FullWell Trading ជាក្រុមហ៊ុនចែកចាយស្រោមអនាម័យ Okamoto ផ្លូវការ ភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារស្រោមអនាម័យ ដែលមិនទទួលបានឧបត្ថម្ភធន បានកើនឡើងពី៣០ភាគរយទៅ៥០ភាគរយ ដោយធ្វើឲ្យវាក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឯកជនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
លោក អឿង វាសនា នាយកផ្នែកលក់នៅក្រុមហ៊ុន Full Well Trading បានមានប្រសាសន៍ថា ទីផ្សារនេះត្រូវបានជំរុញដោយសារប្រាក់ចំណូលកើនឡើង និងការផ្លាស់ប្ដូរឥរិយាបថចំពោះស្រោមអនាម័យ ហើយភាគច្រើនគឺដោយសារយុទ្ធនាការអប់រំរបស់អង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ពីមុន ស្រីៗធ្លាប់តែពឹងដៃគូរបស់ពួកគេឲ្យទៅទិញស្រោមអនាម័យ ប៉ុន្តែពេលនេះពួកគេមានទំនុកចិត្តជាងមុន ដោយហ៊ានចូលទៅទិញស្រោមអនាម័យដោយគ្មានការខ្មាស់អៀន ហើយខ្សឹបដាក់អ្នកលក់”។
លោកបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកលក់ស្រោមអនាម័យបានប្រហែល១,៣លានស្រោមក្នុងមួយឆ្នាំ ពោលគឺកើនឡើងពីចំនួនតិចជាង១លានស្រោមកាលពី២ឆ្នាំមុន។ លោកលើកឡើងថា ការលក់របស់ក្រុមហ៊ុនលោកគឺមានចំនួនតិចតួចប៉ុណ្ណោះបើប្រៀបធៀបនឹងការចែកចាយរបស់ PSK នូវស្រោមអនាម័យរហូតដល់ទៅ២០លានស្រោម ទាំងមិនគិតថ្លៃទាំងទទួលបានឧបត្ថម្ភធនក្នុងមួយឆ្នាំៗ។
លោកបានបន្តថា ” ដោយវិស័យឯកជនមានការរីកចម្រើន និងវត្តមានរបស់ PSI ទីផ្សារនេះបានក្លាយជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង”។
ប៉ុន្តែលោកបានមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់ PSK ក្នុងការណែនាំស្រោមអនាម័យតម្លៃថោកសម្រាប់ប្រជាពលរដ្ឋទូទៅ បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនប្ដូរទៅទិញស្រោមអនាម័យផ្សេងៗ ដោយបង្កើតបានសន្សឹមៗនូវទីផ្សារមួយប្រកបដោយនិរន្តរភាព។
លោក ស៊ូរ៉េស គ្រីសនែន (Suresh Krishnan) ម្ចាស់ក្រុមហ៊ុន Dhanam Enterprise ដែលចែកចាយស្រោមអនាម័យ Moods បានប៉ានប្រមាណថា វិស័យស្រោមអនាម័យឯកជនកំពុងកើនឡើងក្នុងអត្រាប្រហែល៣០ភាគរយក្នុងមួយឆ្នាំ។ ប្រហែល២ឆ្នាំមុនលោកលក់ស្រោមអនាម័យបានប្រមាណ១.០០០ស្រោមប៉ុណ្ណោះក្នុង១ខែ ប៉ុន្តែពេលនេះលោកលក់បានដល់ទៅប្រហែល២០.០០០ស្រោមក្នុង១ខែ។
វិស័យស្រោមអនាម័យឯកជនក៏បានជួបប្រទះបញ្ហាខ្លះដែរ ដោយស្រោមអនាម័យមួយចំនួនដែលគ្មានការចុះបញ្ជីត្រឹមត្រូវ និងគ្មានសុវត្ថិភាពកំពុងធ្វើចរាចរនៅលើទីផ្សារ នេះបើយោងតាមលោក ស៊ូរ៉េស គ្រីសនែន ដែលបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានស្រោមអនាម័យគ្មានការចុះបញ្ជីត្រឹមត្រូវប្រហែលប្រាំបួនម៉ាក ដែលត្រូវបានរត់ពន្ធចូលក្នុងប្រទេសកម្ពុជា ចំណែកឯស្រោមអនាម័យដែលមានការចុះបញ្ជីត្រឹមត្រូវវិញ លោកបានប៉ាន់ប្រមាណថា មានចំនួនប្រាំបីប៉ុណ្ណោះ។
លោកស្រី មា៉រី អូឌីល អុីម៉ុន (Marie-Odile Emond) មន្ត្រីសម្របសម្រួលរបស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា វិស័យឯកជនដែលកំពុងមានការរីកចម្រើន គឺជាសន្ទស្សន៍រឹងមាំមួយបង្ហាញថា តម្រូវការស្រោមអនាម័យកំពុងកើនឡើង ដែលមានសារៈសំខាន់ខ្លាំងនៅពេលមួយដែលជំនួយពីបណ្ដាអង្គការសុខភាពធំៗត្រូវបានកាត់បន្ថយ ខណៈកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍។
លោកស្រីបានមានប្រសាសន៍ទៀតថា “ស្រោមអនាម័យដែលឥតគិតថ្លៃមានតិចជាងមុន ប៉ុន្តែនៅតែអាចរកទិញបានក្នុងតម្លៃថោកៗពីអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែប្រជាពលរដ្ឋកាន់តែច្រើនទិញស្រោមអនាម័យនៅតាមឱសថស្ថាន ពីព្រោះពួកគេគ្មានការខ្មាសអៀន ឬការភ័យខ្លាចដូចពីមុន និងដោយសារអត្រាប្រាក់ចំណូលកើនឡើង។ ការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនឯកជន គឺជារឿងល្អ ពីព្រោះវារក្សាឲ្យតម្លៃធ្លាក់ចុះ ប៉ុន្តែបញ្ហាប្រឈមបន្ទាប់គឺយើងត្រូវមើលថា តើរដ្ឋាភិបាលអាចទទួលភារកិច្ចបន្តពីអង្គការមិនមែនរដ្ឋាភិបាលបានឬយ៉ាងណា ចំពេលជំនួយពីខាងក្រៅធ្លាក់ចុះ ហើយត្រូវកំណត់អត្តសញ្ញាណ និងចែកចាយស្រោមអនាម័យដល់ប្រជាពលរដ្ឋក្រីក្រ”៕ សុខុម