យោងតាមច្បាប់ចម្លងនៃព្រះរាជក្រឹត្យមួយ ដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែលលាលែងពីតំណែងជាលេខាផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីខែកញ្ញា ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលមួយរូបមិនដល់២ខែផង បន្ទាប់ពីលោកបានផ្ដាច់ខ្លួនចេញពីអតីតនាយករដ្ឋមន្ត្រីទី១។
លោក អានន្ទដាយ៉ាត បានធ្វើជាទីប្រឹក្សាផ្ទាល់ និងជាអ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាង១ទសវត្សរ៍មកហើយ ប៉ុន្តែពួកគាត់ទាំងពីរបានចែកផ្លូវគ្នាកាលពីខែកញ្ញា បន្ទាប់ពីព្រះអង្គម្ចាស់បានចោទប្រកាន់លោក អានន្ទដាយ៉ាត ថា បានរិះគន់ព្រះអង្គជាសាធារណៈ។
យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី លោក អានន្ទដាយ៉ាត ត្រូវបានផ្ដល់តំណែងជាទីប្រឹក្សារដ្ឋាភិបាលចាប់ពីថ្ងៃទី១០ ខែវិច្ឆិកាទៅ។ ព្រះរាជក្រឹត្យនេះមានខ្លឹមសារដូច្នេះថា ” តែងតាំងលោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានឋានៈស្មើនឹងរដ្ឋមន្ត្រី”។
គេមិនអាចទាក់ទងលោក អានន្ទដាយ៉ាត បានឡើយកាលពីម្សិលមិញ ប៉ុន្តែលោកបានលើកឡើងកាលពីខែមុនថា លោកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីដកខ្លួនចេញពីគណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យ ដែលទើបតែបង្កើតឡើងថ្មីរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោក អានន្ទដាយ៉ាត បានមានប្រសាសន៍នៅពេលនោះដោយច្រានចោលការដែលថា លោកនឹងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិនាពេលអនាគត់ថា ” ខ្ញុំមិនមែនជាប្រភេទអ្នកប្រឆាំងឡើយ”៕ ស៊ុយឈាង