កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបាននិស្សិតរាប់រយនាក់ នៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញចំអកឲ្យ ដោយពួកគេបានចោទសួរអំពីអព្យាក្រឹតភាពរបស់លោកហើយបានលើកបដាអំពាវនាវឲ្យលោកបញ្ចប់កិច្ចការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានធ្វើបាឋកថា ទៅកាន់និស្សិតប្រមាណ១.០០០នាក់ នៅក្នុងសាលមួយនៃសាកលវិទ្យាល័យមេគង្គកម្ពុជាស្ដីពីប្រធានបទ “ ផលលំបាកនៃការសម្រុះសម្រួលដល់ការប្រកួតប្រជែងផលប្រយោជន៍ក្នុងច្បាប់វិនិយោគបរទេស”។
លោក សុរិយា ស៊ូបេឌី ជាសាស្ត្រាចារ្យផ្នែកច្បាប់អន្ដរជាតិ នៅសាកលវិទ្យាល័យលីដ(University of Leeds) ប្រទេសអង់គ្លេសបានលើកឡើងតាមលក្ខណៈបច្ចេកទេស និងជាទូទៅអំពីសារៈសំខាន់នៃការការពារតាមផ្លូវច្បាប់សម្រាប់បណ្ដាវិនិយោគិនអន្ដរជាតិព្រមទាំងវិធាននានាផងដែរ ដើម្បីទប់ស្កាត់មិនឲ្យមានការរំលោភបំពានពីសំណាក់ក្រុមហ៊ុននានា ដោយលោកគ្រាន់តែលើកឡើងពីប្រទេសកម្ពុជាតិចតួចប៉ុណ្ណោះ។
លោក សុរិយា ស៊ូបេឌី បានធ្វើសេចក្ដីសន្និដ្ឋាននៅចុងបញ្ជប់នៃបាឋកថារបស់លោកថា “ អ្នកទាំងអស់គ្នាជាយុវជន គឺជាសេចក្ដីសង្ឃឹមសម្រាប់ប្រទេសនេះ។ អនាគតគឺជារបស់អ្នក ហើយត្រូវប្រុងប្រយ័ត្ន និងយល់ដឹងពីការវិវឌ្ឍនេះ ហើយត្រៀមខ្លួនក្លាយជាថ្នាក់ដឹកនាំនាពេលអនាគតនៅក្នុងសង្គមនេះ។ សូមអរគុណ”។
នៅពេលបើកឱកាសសម្រាប់ឲ្យនិស្សិតសាកសួរ យុវជន ជា ឆេង អាយុ២៣ឆ្នាំ ជានិស្សិតរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានយកក្បាលមេក្រូមកនិយាយ។
សំដៅដល់របាយការណ៍មួយរបស់លោកសុរិយា ស៊ូបេឌី ស្ដីពីប្រទេសកម្ពុជាកាលពីខែកក្កដាឆ្នាំមុន ដែលត្រូវបានរដ្ឋាភិបាលឆ្លើយតបទាំងខឹងសម្បានាពេលនោះ យុវជន ជា ឆេង សួរថា “ លោកនិយាយថា កម្ពុជាគឺជាឋាននរកផ្នែកសិទ្ធិមនុស្ស។ របាយការណ៍របស់លោកមាន១៨០ទំព័រដែលរៀបរាប់ពីរឿងអាក្រក់ៗរបស់ប្រទេសកម្ពុជា។ ហេតុអ្វី?”
និស្សិតរូបនេះ បានបន្ដថា “ សំណួរមួយទៀតគឺថា ហេតុអ្វីបានជាយើងត្រូវការអ្នកធ្វើរបាយការណ៍ពិសេសសម្រាប់ប្រទេសកម្ពុជា? ពីព្រោះនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងទៀត ស្ថានភាពសិទ្ធិមនុស្សប្រសើរជាងគេឆ្ងាយណាស់”។
ដោយទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីអ្នកចូលរួម យុវជន ជា ឆេង បានលើកឡើងបន្ដថា “ ប្រទេសកម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សទេ។ កម្ពុជាគឺជារដ្ឋអធិបតេយ្យ”។
បន្ទាប់មកនិស្សិតប្រាំនាក់ទៀតមកពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យមួយចំនួនផ្សេងទៀតក្នុងរាជធានីភ្នំពេញ បានចាប់យកក្បាលមេក្រូនិយាយរិះគន់ដល់របាយការណ៍របស់លោក សុរិយា ស៊ូបេឌី ដែលរៀបរាប់ពីបញ្ហានានាដូចជា សិទ្ធិដីធ្លី ភាពឯករាជ្យនៃប្រព័ន្ធតុលាការ និងកំណែទម្រង់បោះឆ្នោត ដោយទទួលបានការទះដៃអបអរសាទរកាន់តែខ្លាំងពីយុវជនទាំងនោះ។
និស្សិតម្នាក់ទៀតដែលប្រាប់ឈ្មោះ ត្រឹមរ័ត្ន និងចាត់ទុកខ្លួនឯងថា ជា “ និស្សិតធម្មតាម្នាក់” បាននិយាយថា រូបគេធ្លាប់បានអានរបាយការណ៍របស់លោក សុរិយា ស៊ូបេឌី។
យុវជនរូបនេះបានប្រាប់ទៅប្រេសិតអង្គការសហប្រជាជាតិរូបនេះថា“ របាយការណ៍នេះ រៀបរាប់រឿងអាក្រក់ៗប្រហែល
មួយលាន ដែលទាក់ទងទៅនឹងការបោះឆ្នោត ច្បាប់ ដីធ្លី អចលនទ្រព្យ។ លទ្ធផល [គឺថា លោកយល់ស្របតាម] មនុស្សមួយក្រុមតូចដែលយើងហៅថា គណបក្សប្រឆាំង”។ យុវជនរូបនេះបានបន្ដថា “ ដូច្នេះថ្ងៃនេះខ្ញុំគ្មានសំណួរអ្វីទេ ព្រោះខ្ញុំខកចិត្តនឹងលោកជាខ្លាំង”។
និស្សិតម្នាក់ទៀត ដែលមិនបានប្រាប់ឈ្មោះបាននិយាយថា របាយការណ៍របស់លោក សុរិយា ស៊ូបេឌី “ ពេញដោយភាពអាថ៌កំបាំង”។និស្សិតរូបនេះបានលើកឡើងទៀតថា “ ជនបរទេសមិនស្គាល់ប្រទេសកម្ពុជាច្បាស់ទេ។ ប៉ុន្ដែ ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ នៅពេលខ្ញុំអានរបាយការណ៍របស់លោកវាមិនអាចជឿបានទេ”។
និស្សិតម្នាក់ទៀតឈ្មោះ ចិត្រ ស៊ីដេត អាយុ២៤ឆ្នាំ ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្ស នៅសាកលវិទ្យាល័យមេគង្គកម្ពុជា បាននិយាយថា បន្ទាប់ពីពិធីនោះនាងបានសួរសំណួរធម្មតាដោយសារតែនាងគិតថា លោក សុរិយា ស៊ូបេឌី បានចាត់ទុកប្រទេសកម្ពុជាក្នុងផ្លូវមិនត្រឹមត្រូវ។
នាងសួរថា“ បណ្ដាប្រទេសផ្សេងទៀតមានបញ្ហាសិទ្ធិមនុស្ស ចុះហេតុអ្វីបានជាប្រទេសទាំងនោះគ្មានអ្នកធ្វើរបាយការណ៍ពិសេស?”
លោក សុរិយា ស៊ូបេឌី បានថ្លែងទៅកាន់និស្សិតទាំងនោះថា លោកស្វាគមន៍សំណួររបស់ពួកគេ។ លោកថ្លែងទៅកាន់អ្នកចូលរួមស្ដាប់ទាំងអស់ថា “ ខ្ញុំរីករាយណាស់ដែលប្អូនៗមានការជំរុញលើកទឹកចិត្តក្នុងការសួរសំណួរបែបនេះ។ ដូចខ្ញុំបានលើកឡើងនៅពេលខ្ញុំធ្វើសេចក្ដីសន្និដ្ឋានក្នុងបាឋកថារបស់ខ្ញុំហើយថា អនាគតជារបស់ប្អូនៗ”។
លោកលើកឡើងថា “ ប៉ុន្ដែ ប្អូនៗម្នាក់ៗនឹងដឹងពីសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំក្នុងរយៈពេល២០ឆ្នាំ គឺនៅពេលប្អូនៗឈានចូលដល់ពិភពពិតប្រាកដមួយ នៅពេលប្អូនៗដឹងពីស្ថានភាពរបស់មនុស្សម្នាក់ដែលកំពុងតែប្រឈមនឹងការគំរាមកំហែងបណ្ដេញចេញពីដីធ្លីដែលពួកគាត់បានរស់នៅទីនោះអស់រយៈពេលជាយូរមកហើយ”។
លោក សុរិយា ស៊ូបេឌី ក៏បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជាមិនត្រូវបានចុចឈ្មោះដោយអង្គការសហប្រជាជាតិដែលមានអ្នកធ្វើរបាយការណ៍ពិសេសចំនួន៧៧រូបនៅទូទាំងពិភពលោកធ្វើសេចក្ដីរាយការណ៍ពីបណ្ដាប្រទេស និងបញ្ហានានានោះទេ។
លោក សុរិយា ស៊ូបេឌី បានអះអាងថា “ ខ្ញុំមិនលម្អៀងទេ ខ្ញុំមានគោលដៅច្បាស់លាស់ ខ្ញុំឯករាជ្យ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំអាចយល់បានពីអារម្មណ៍របស់ប្អូនៗ ប៉ុន្ដែ ទន្ទឹមនឹងនេះ គោលបំណងនៃបាឋកថារបស់ខ្ញុំមិនមែននិយាយបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានោះទេ គឺនិយាយអំពីច្បាប់វិនិយោគអន្ដរជាតិ”។
នៅពេលបាឋកថារបស់ប្រេសិតរូបនេះឈានដល់ទីបញ្ចប់និស្សិតទាំងនោះបានយកទៅក្រៅនូវបដា ដែលពួកគេបានត្រៀមជាមួយនឹងសារជាភាសាអង់គ្លេស រួមមាន“ សូមកុំឲ្យមានអ្នកធ្វើរបាយការណ៍ពិសេសអង្គការសហ
ប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជាទៀតអី។ សុរិយា ស៊ូបេឌី គ្មានយុត្តិធម៌ទេសម្រាប់កម្ពុជា”។ នៅពេលពួកគេបង្ហាញបដាទាំងនេះពួកគេស្រែកព្រមៗគ្នាជាភាសាអង់គ្លេសថា “ អាក្រក់ណាស់”។
ពិធីនេះបានបិទ ដោយលោក អិច សេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនេះ លើកឡើងថា វាជារឿងសំខាន់ដែលត្រូវមានវេទិកាស្ដីពីសិទ្ធិមនុស្ស។
លោក សុរិយា ស៊ូបេឌី ដើរចេញស្ងាត់ៗពីសាលថ្លែងបាឋកថាតាមច្រកក្រោយនៅពេលក្រុមនិស្សិតលើកបដារបស់ខ្លួនប្រឆាំងនឹងលោក សុរិយា ស៊ូបេឌី និងនាំគ្នាថតរូប៕
ប្រែសម្រួលដោយ តែម សុខុម