មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា មន្ត្រីពន្ធដារខេត្តរតនគិរីម្នាក់តាមចោទថា ត្រូវតាមទាន់ពេលកំពុងចាប់រំលោភស្ត្រីអាយុ១៩ឆ្នាំម្នាក់នៅការិយាល័យសាខាពន្ធដារក្រុងបានលុង កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយត្រូវបានចាប់ខ្លួននៅថ្ងៃដដែល។
លោក តេង សាវុធ អធិការរងនគរបាលក្រុងបានលុងបានមានប្រសាសន៍ថា ឪពុកមារបស់ជនរងគ្រោះដែលធ្វើការនៅការិយាល័យនោះដែរបានតាមទាន់លោក ប្រាក់ សាវន អាយុ៥០ឆ្នាំ ដែលជាអ្នកប្រមូលពន្ធកំពុងរំលោភក្មួយស្រីរបស់គាត់មុនម៉ោង៧យប់បន្តិច។
លោក សាវុធ បានមានប្រសាសន៍ថា “អំឡុងយប់នោះនៅពេលជនរងគ្រោះកំពុងសម្អាតការិយាល័យនេះតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏ធំមួយនៃសាខាពន្ធដារនោះ ជនសង្ស័យរូបនេះបានចូលក្នុងបន្ទប់នោះ ហើយបានវាយនាងមួយដៃត្រង់ពោះ ហើយបន្ទាប់មកបានចាប់រំលោភនាងតែម្តង”។
លោកបានបន្ថែមថា ជនរងគ្រោះមិនមែនជាបុគ្គលិករបស់សាខាពន្ធដារនេះទេ ប៉ុន្តែយូរៗម្ដងបានមកបោសសម្អាតការិយាល័យរបស់ឪពុកមានាង។ លោក សាវុធ បានមានប្រសាសន៍ថា នៅពេលឪពុកមានោះត្រឡប់មកការិយាល័យវិញ គាត់បានឃើញចុងចោទរូបនេះកំពុងរំលោភជនរងគ្រោះ ហើយបន្ទាប់មកបុរសរូបនោះបានឈប់ ហើយបាននិយាយសុំទោសជនរងគ្រោះ”។
យោងតាមលោក សាវុធ បានឲ្យដឹងថា បន្ទាប់មកបុរសជាឪពុកមារូបនេះបានរាយការណ៍ទៅនគរបាល ហើយបាននាំក្មួយស្រីរបស់ខ្លួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
លោក ម៉ៅ សារី មេធាវីរបស់លោក សាវន បានមានប្រសាសន៍ថា កូនក្ដីរបស់លោកត្រូវបានចោទប្រកាន់ពីបទរំលោភកាលពីថ្ងៃសៅរ៍ ហើយកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ន។
លោក អេង ចំណាប់ ចៅក្រមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ សារុន