នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សជាង៦០នាក់បាននាំគ្នាបង្កអំពើហិង្សានៅខាងមុខផែស្ងួតរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃពុធ បន្ទាប់ពីរថយន្តកុងទឺន័ររបស់ក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានមនុស្សស្លាប់។
លោក ហេង កុសល នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ បានឲ្យដឹងថា នៅម៉ោងប្រហែល៥ល្ងាច កាលពីថ្ងៃពុធ ក្បាលកុងទឺន័រដែលបើកបរដោយបុគ្គលិកម្នាក់របស់ក្រុមហ៊ុន អាហរ័ណនីហរ័ណ តិច ស្រ៊ុន និងផែស្ងួត នៅក្នុងសង្កាត់ចោមចៅបានបទស្តាំសំដៅចូលទៅក្នុងផែស្ងួតដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។
លោក ហេង កុសល បានមានប្រសាសន៍ថា “នៅពេលក្បាលកុងទឺន័របត់ស្តាំ ម៉ូតូមួយគ្រឿងបានបុកទៅនឹងផ្នែកខាងស្តាំរបស់ក្បាលកុងទឺន័រនេះ”។
អ្នកស្រី ទឹម សុលក្ខិណា អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូបានខ្ទាតទៅចិញ្ចើមផ្លូវ ហើយបោកក្បាលនឹងថ្មរួចស្លាប់ភ្លាមៗ។
លោក ហេង កុសល បានលើកឡើងបន្តថា កូនប្រុសអាយុ២ឆ្នាំរបស់អ្នកស្រី សុលក្ខិណា និងស្ត្រីអ្នកដំណើរម្នាក់ទៀតអាយុ២០ឆ្នាំ ដែលគេមិនស្គាល់អត្តសញ្ញាណ ក៏រងរបួសដែរ។ លោកបានបន្ថែមថា ស្ត្រីទាំងពីរនាក់នេះសុទ្ធតែជាកម្មការិនីកាត់ដេរនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក អ្នកបើកបរកុងទឺន័របានចតក្បាលកុងទឺន័រនេះនៅក្នុងបរិវេណផែស្ងួត រួចគេចខ្លួនបាត់។
លោកបានលើកឡើងបន្ថែមទៀតថា នៅម៉ោងប្រហែល៧ល្ងាច មនុស្សជាង៦០នាក់បាននាំគ្នាយកសព្វរបស់អ្នកស្រី សុលក្ខិណា ដាក់នៅខាងមុខខ្លោងទ្វារចូលផែស្ងួតដើម្បីទាមទារឲ្យតំណាងក្រុមហ៊ុនទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ខណៈក្មេងប្រុស និងស្ត្រីដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ។
នៅពេលគ្មាននរណាចេញមក ក្រុមមនុស្សទាំងនេះបានចាប់ផ្តើមគប់ដុំថ្ម ហើយមន្ត្រីនគរបាលត្រូវបានហៅឲ្យមកកន្លែងកើតហេតុនេះ។
លោកបានមានប្រសាសន៍ថា “មានមន្ត្រីនគរបាលពីរបីនាក់មក ប៉ុន្តែ ក្រុមមនុស្សពោរពេញទៅដោយកំហឹងមានដល់ទៅ៦០នាក់ឯណោះ ហេតុដូច្នេះយើងមិនអាចរារាំងពួកគេកុំ ឲ្យប្រើអំពើហិង្សាបាននោះទេ”។
លោក តាំង អាន នាយការិយាល័យនគរបាលចរាចររាជធានីដែលបានមកដល់កន្លែងកើតហេតុដើម្បី ត្រួតពិនិត្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានលើកឡើងថា មន្ត្រីនគរបាលខណ្ឌម្នាក់បានរងរបួសស្រាល ហើយថា រថយន្តនគរបាលចំនួនពីរគ្រឿងបានរងការខូចខាតដោយសារការគប់ដុំថ្ម។
លោកបានមានប្រសាសន៍ថា “អំពើហិង្សាកើតឡើងព្រោះគ្មាននរណាស្តាប់យើង”។ លោកបានបន្ថែមថា គ្មានការចាប់ខ្លួននរណាម្នាក់ឡើយ។
លោក តាំង អាន បានលើកឡើងទៀតថា នគរបាលនៅតែព្យាយាមដើម្បីកំណត់ថា តើនរណាត្រូវទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ លោកបានមានប្រសាសន៍ថា “យើងមិនច្បាស់ទេថា តើនរណាខុស នរណាត្រូវ”។
លោក ប៊ុន សុធា អ្នកគ្រប់គ្រងផែស្ងួតនេះបានលើកឡើងថា ក្រុមហ៊ុនយល់ព្រមផ្តល់ប្រាក់សំណងដល់គ្រួសាររបស់អ្នកស្រី សុលក្ខិណា។ លោកបានមានប្រសាសន៍ថា ”យើងនឹងទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ ក្រុមហ៊ុនធានារ៉ាប់រងកំពុងចរចាប្រាក់សំណងជាមួយគ្រួសារជនរងគ្រោះហើយ”។
ទោះជាយ៉ាងណា លោក សុធា បានបដិសេធមិនប្រាប់ពីអត្តសញ្ញាណរបស់អ្នកបើកបរកុងទឺន័រនោះឡើយ។ លោកបានមានប្រសាសន៍បន្ថែមថា “បន្ទាប់ពីកើតហេតុរួច គាត់បានបើករថយន្តចូលក្នុងផែស្ងួតមុនពេលរត់គេចខ្លួនបាត់។ ខ្ញុំមិនដឹងថា គាត់រត់ទៅទីណានោះទេ”។
លោក សុធា បានលើកឡើងទៀតថា ក្រុមមនុស្សនៅខាងក្រៅផែស្ងួតបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនដោយគប់ដុំថ្ម និងយកសាំងដុត។ លោកបានមានប្រសាសន៍ថា “អ្នកតវ៉ាបានដុតប៉ុស្តិ៍យាមរបស់យើង ហើយបានបំផ្លាញប្រអប់ភ្លើងដោយធ្វើឲ្យក្រុមហ៊ុនរបស់យើងងងឹតពេញមួយយប់។ យើងនឹងមិនដាក់ពាក្យប្តឹងពួកគេឡើយ ព្រោះយើងមិនចង់មានបញ្ហាណាមួយបន្ថែមទៀតឡើយ”៕ស៊ុយឈាង