តំណាងក្រុមហ៊ុនម្នាក់និយាយថា បុគ្គលិកនៅរោងចក្រចំនួនប្រាំបីដែលផលិតស្បែកជើងឲ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាជប៉ុនឈ្មោះអាស៊ីក (ASICS) ត្រូវបានបណ្តុះបណ្តាលកាលពីម្សិលមិញអំពីវិធីដើម្បី ធ្វើឲ្យប្រាកដថា ពួកគេនឹងមិនជួលកម្មករកុមារឲ្យធ្វើការឡើយ។
នៅសប្តាហ៍នេះ បុគ្គលិកក្រុមហ៊ុនអាស៊ីកនៅក្នុងប្រទេសកម្ពុជា ត្រូវជម្នះនឹងការផ្សព្វផ្សាយជាសាធារណៈអំពីផលប៉ះពាល់អវិជ្ជមានដែលបានកើតមានឡើងនៅពេលប្លង់សេនៅរោងចក្រវីងស្តាស៊ូ ជារោងចក្រផលិតស្បែកជើងឲ្យក្រុមហ៊ុនអាស៊ីកនៅក្នុងខេត្តកំពង់ស្ពឺបានបាក់កាលពីខែឧសភា បណ្តាលឲ្យកម្មករពីរនាក់ស្លាប់ និង១១នាក់ទៀតរងរបួស។
បន្ទាប់ពីមានការបាក់ប្លង់សេនេះក៏មានការអះអាងពីកម្មករនៅរោងចក្រនេះថា មានជនរងគ្រោះម្នាក់មានអាយុក្រោម១៥ឆ្នាំ ជាអាយុអប្បបរមាផ្លូវច្បាប់សម្រាប់កម្មករ។ យោងតាមលោក ចច យ៉ូស៊ីម៉ូតូ ប្រធានក្រុមនិរន្តរភាពនៃការទទួលខុសត្រូវសង្គមនៅក្រុមហ៊ុនអាស៊ីកបានឲ្យដឹងថា កាលពីម្សិលមិញ សិក្ខាកាមប្រហែល២៥នាក់រួមមានបុគ្គលិករដ្ឋបាលផងមកពីរោងចក្រវីងស្តា ស៊ូ និងរោងចក្រប្រាំពីរទៀត បានចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងនៅការិយាល័យអង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិនៅក្នុងរាជធានីភ្នំពេញ។
លោក យ៉ូស៊ីម៉ូតូ បានមានប្រសាសន៍ថា ខណៈដែលក្រុមហ៊ុននេះមិនដឹងពីអាយុពិតរបស់ឈ្មោះ ស៊ឹម ស្រីទូច ជាជនរងគ្រោះម្នាក់ ដោយសារការបាក់ប្លង់សេរោងចក្រនោះ ក្រុមហ៊ុន អាស៊ីកចង់ដោះស្រាយបញ្ហាកម្មករមិនទាន់គ្រប់អាយុនេះនៅតាមរោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា “ វាជាការសំខាន់ណាស់សម្រាប់យើងក្នុងការមិនឲ្យមានពលកម្មកុមារ។ វាជាបញ្ហាដ៏ធំនៅក្នុងប្រទេសយើង”។
លោកបានមានប្រសាសន៍ថា “ វគ្គបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយនៃចំណាត់ការរបស់ក្រុមហ៊ុនអាស៊ីកក្នុងការឲ្យរោងចក្រទាំងអស់ស្ថិតក្រោមការឃ្លាំមើលដោយកម្មវិធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីមុនការបាក់ប្លង់សេម្លេ៉ះ ហើយមិនមែនវគ្គបណ្ដុះបណ្ដាលទាំងអស់ជាផ្នែកនៃកម្មវិធីស្ម័គ្រចិត្តឡើយ។
លោកស្រី ជីល ថាក់ឃើ ប្រធានទីប្រឹក្សាបច្ចេកទេសនៅរោងចក្រល្អប្រសើរនៅកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលកាលពីម្សិលមិញនេះគឺធ្វើឡើងជាទៀតទាត់ដល់បុគ្គលិកនៅតាមរោងចក្រដទៃទៀតស្ថិតក្នុងកម្មវិធីនេះដែរ។ លោកស្រី ថាក់ឃើ បានមានប្រសាសន៍ថា “ វគ្គបណ្តុះបណ្តាលនេះនិយាយអំពីរបៀបទប់ស្កាត់ការជ្រើសរើសកម្មករមិនទាន់គ្រប់អាយុ” ដោយពន្យល់ថា បញ្ហានេះអាចដោះស្រាយបានតាមរយៈការត្រួតពិនិត្យឲ្យបានហ្មត់ចត់លើឯកសារ និងធ្វើការសម្ភាសកម្មករមុនពេលជួលពួកគេ។
លោកស្រីបានមានប្រសាសន៍ថា “ វាជារឿងទូទៅទៅហើយសម្រាប់កម្មករក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដែលមិនមែនជារបស់ខ្លួន។ វាជាអត្តសញ្ញាណប័ណ្ណពិត វាអាចជារបស់បងប្អូនស្រី ឬបងប្អូនជីដូនមួយរបស់ខ្លួន ប៉ុន្តែវាមិនមែនជារបស់ខ្លួន”។ លោកស្រីបន្ថែមថា អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ជារឿយៗត្រូវបានតាមដានផងដែរ អាចមានការកែថ្ងៃខែឆ្នាំកំណើត៕
ប្រែសម្រួលដោយ សោម សារុន