កម្មកររោងចក្រកាត់ដេរនៅទូទាំងប្រទេសបានចាប់ផ្តើមទទួលយកក្រដាសសម្រាប់បើកប្រាក់ខែរបស់ខ្លួននៅក្នុងខែនេះដោយមានការដំឡើង២៨ដុល្លារជាលើកដំបូង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបន្ថែមពីលើប្រាក់ខែគោលចំនួន១០០ដុល្លារនៅក្នុងវិស័យនេះ។ ប៉ុន្តែ នៅពេលការងារបន្ថែមម៉ោងបានធ្លាក់ចុះ ក្ដីសង្ឃឹមចំពោះការដំឡើងប្រាក់ខែថ្មីនេះត្រូវរលាយសាបសូន្យទៅវិញ។
នៅខាងក្រៅរោងចក្រមួយចំនួននៅទូទាំងរាជធានីភ្នំពេញកាលពីពីរថ្ងៃកន្លងមកនេះ កម្មករនាំគ្នាលើកឡើងថា ការឡើងថ្លៃផ្សេងៗនិងការងារបន្ថែមម៉ោងថយចុះបានធ្វើឲ្យពួកគាត់អាចសល់ប្រាក់ផ្ញើទៅឲ្យក្រុមគ្រួសារតិចជាងមុនពេលមិនទាន់ត្រូវបានដំឡើងបន្ថែមចំនួន២៨ដុល្លារទៅទៀតកាលពីខែមុន។
អ្នកខ្លះបាននិយាយថា ពួកគាត់ទទួលបានប្រាក់ប្រចាំខែតិចជាងមុនពេលមិនទាន់ត្រូវបានដំឡើងប្រាក់ខែទៅទៀត។
កម្មការិនីម្នាក់ ឈ្មោះ សែម ពៅ ដែលបានធ្វើការងារក្រៅម៉ោងជាជាងអ៊ុតសក់ បន្ទាប់ពីឈប់សម្រាកពីការងារនៅរោងចក្រ Bright Sky ក្នុងខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា គាត់ទទួលបានក្រដាសសម្រាប់បើកប្រាក់ខែកាលពីថ្ងៃព្រហស្បតិ៍ ហើយថា ប្រាក់ខែដែលទទួលបានចំនួន២១៥ដុល្លារ គឺលើសពីខែមុនត្រឹមតែប្រហែល១០ដុល្លារ ប៉ុណ្ណោះ។
កម្មការិនីរូបនេះបាននិយាយថា “ប្រាក់ខែរបស់យើងត្រូវបានដំឡើងនៅខែនេះ ប៉ុន្តែ វាស្ទើរតែដូចទៅនឹងខែមុន ព្រោះយើងគ្មានការងារបន្ថែមម៉ោងធ្វើ។ ពីមុនយើងអាចធ្វើបន្ថែមម៉ោងបាន ប៉ុន្តែ ឥឡូវនេះគេមិនហៅឲ្យទៅធ្វើការងារបន្ថែមទៀតទេ ព្រោះការបញ្ជាទិញធ្លាក់ចុះ”។
ម្ចាស់ផ្ទះ និងអ្នកលក់ដូរនៅជុំវិញរោងចក្របានដំឡើងថ្លៃផ្ទះ និងថ្លៃទំនិញនានា នៅពេលណារោងចក្រដំឡើងប្រាក់ខែឲ្យកម្មករ ហើយសម្រាប់ សែម ពៅ បាននិយាយថា លើកនេះក៏ដូចជាលើកមុនៗដែរ។
សែម ពៅ បាននិយាយបន្ថែមថា “ពីមុនយើងចំណាយ១៨.០០០រៀល [ប្រហែល៤.៥ដុល្លារ] ក្នុងមួយថ្ងៃសម្រាប់អាហារ ហើយឥឡូវនេះយើងចំណាយប្រហែល២០.០០០រៀល[ប្រហែល៥ដុល្លារ] ក្នុងមួយថ្ងៃ។ យើងធ្លាប់ចំណាយ៣៥ដុល្លារក្នុងមួយខែសម្រាប់ជួលផ្ទះ ប៉ុន្តែ ឥឡូវត្រូវចំណាយដល់ទៅ៤០ដុល្លារ”។
នៅឯរោងចក្រ Cambo Kotop ក្នុងខណ្ឌពោធិ៍សែនជ័យ កម្មការិនីម្នាក់ឈ្មោះ ហៀន ចិន្តា បានលើកឡើងថា គាត់ទទួលបានប្រាក់ខែច្រើនជាងមុនកាលពីខែមករា ដោយមានទាំងប្រាក់បន្ថែមម៉ោងខ្លះៗផងដែរ។
ហៀន ចិន្តា បាននិយាយថា “វានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ការងាររបស់យើងព្រោះអ្វីៗគ្រប់យ៉ាងចេះតែឡើងថ្លៃ”។
ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានចាប់ផ្តើមផែនការមួយ ដើម្បីជួយឲ្យកម្មកររោងចក្រកាត់ដេរទទួលបានទឹក និងអគ្គិសនីប្រើប្រាស់ក្នុងតម្លៃថោកជាងមុន ទោះជាយ៉ាងណា ផែនការនេះនឹងត្រូវចំណាយពេលរាប់ខែទៀតដើម្បីបញ្ចប់។
កម្មការិនីម្នាក់ផ្សេងទៀតឈ្មោះ ឈិន ភារម្យ ដែលធ្វើការនៅរោងចក្រកាត់ដេរ Makalot ក្នុងខណ្ឌមានជ័យបានលើកឡើងថា គាត់ទទួលបានប្រាក់ប្រចាំខែចំនួន១៨០ដុល្លារនៅក្នុងខែនេះ នៅពេលគាត់ទៅទទួលយកក្រដាសសម្រាប់បើកប្រាក់ខែកាលពីថ្ងៃសៅរ៍ ពោលគឺតិចជាងពេលធម្មតា២០ដុល្លារ។
ឈិន ភារម្យ បាននិយាយថា “ឥឡូវនេះយើងមានពេលសម្រាកច្រើន ព្រោះពុំសូវមានការងារច្រើនធ្វើដូចមុន”។
ប៉ុន្តែ កម្មការិនីរូបនេះបានលើកឡើងថា វាមានន័យថា គាត់អាចផ្ញើប្រាក់បានតិចជាងរាល់ដងដែលគាត់ផ្ញើទៅឲ្យក្រុមគ្រួសារក្នុងមួយខែៗចំនួន៧០ដុល្លារនោះ។
កម្មកររោងចក្រភាគច្រើនក្នុងចំណោមកម្មករប្រមាណ៦០០.០០០នាក់នៅទូទាំងប្រទេសបានចាកចេញពីស្រុកកំណើតដើម្បីស្វែងរកការងារធ្វើ ហើយពួកគេបានផ្ញើរប្រាក់ខែមួយផ្នែកទៅឲ្យក្រុមគ្រួសារជារៀងរាល់ខែ។
ប៉ុន្តែ រោងចក្រភាគច្រើននៅក្នុងចំណោមរោងចក្រប្រហែល៥០០ បានលើកឡើងថា ការបញ្ជាទិញពីក្រៅប្រទេសមានការធ្លាក់ចុះគួរឲ្យគត់សម្គាល់អំឡុងកន្លះឆ្នាំចុងក្រោយកាលពីឆ្នាំមុន ដែលជាហេតុធ្វើឲ្យពួកគេត្រូវកាត់បន្ថយការងារបន្ថែមម៉ោង។
រោងចក្របានបន្ទោសលើការតវ៉ាទូទាំងប្រទេសកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ និងការធ្វើកូដកម្មជាបន្តបន្ទាប់ទៀត ចំពោះការធ្វើឲ្យការបញ្ជាទិញធ្លាក់ចុះនេះដោយធ្វើឲ្យអ្នកបញ្ជាទិញបាត់បង់ជំនឿចិត្តមកលើប្រទេសកម្ពុជា។ ប្រាក់ខែគោលថ្មីក៏ធ្វើឲ្យវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាមិនអាចប្រកួតប្រជែងនឹងដៃគូក្នុងតំបន់របស់ខ្លួន រួមមានដូចជាប្រទេសបង់ក្លាដែស ដែលសព្វថ្ងៃប្រាក់ខែគោលសម្រាប់កម្មករគឺ ៦៨ដុល្លារក្នុងមួយខែនោះផងដែរ៕ស៊ុយឈាង