៤០ឆ្នាំបន្ទាប់ពីលោកស្រី អេលីហ្សាបេត ប៊ិកឃឺ បានចូលជួបមេដឹកនាំខ្មែរក្រហមសម្លាប់រង្គាល ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏សម្ងាត់នោះ អ្នកកាសែតអាមេរិករូបនេះកាលពីថ្ងៃពុធបានប្រឈមនឹងសំណួរជាច្រើនពីមេដឹកនាំទីពីរ។
លោក នួន ជា ឬ “បងធំទី២” ដែលកំពុងត្រូវជំនុំជម្រះនៅសាលាក្តីខ្មែរក្រហមពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍ រួមជាមួយមេដឹកនាំ ខៀវ សំផន ក្នុងរបបតែមួយ បានសួរពីរសំណួរទៅលោកស្រី ប៊ិកឃឺ នៅពេលចាំផ្តើមនៃថ្ងៃទី៣របស់លោកស្រីក្នុងនាមជាសាក្សីជំនាញនៅសាលាក្តីនេះ។
ដំបូងគាត់បានសួរអតីតអ្នកឆ្លើយឆ្លងព័ត៌មានកាសែតវ៉ាស៊ីនតោនរូបនេះឲ្យពន្យល់ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកទម្លាក់គ្រាប់បែកប្រហែលបីលានតោនលើប្រទេសកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយដែលសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ និងកម្ទេចភូមិករ ស្រែចម្ការនិងវត្តអារាមអស់ជាច្រើន។
លោកស្រី ប៊ិកឃឺ បាននិយាយថា មូលហេតុរបស់រដ្ឋាភិបាលអាមេរិកគឺគាំទ្ររបប លន់ នល់។ ទាក់ទិននឹងយុទ្ធនាកាទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្នុងឆ្នាំ១៩៧៣ លោកស្រីបានបន្ថែមថា “នោះដោយសារការព្រួយបារម្ភនៅពេលនោះ ជាការព្រួយបារម្ភថារបបសាធារណរដ្ឋខ្មែរនឹងចាញ់ ហើយមូលហេតុទី២ រដ្ឋបាលលោក និកសុន នៅពេលនោះសង្ឃឹមថា ការទម្លាក់គ្រាប់បែកនេះអាចបង្ខំឲ្យពួកខ្មែរក្រហមចូលតុចរចា”។
ចំពោះសំណួរទី២ ថាតើរដ្ឋាភិបាលអាមេរិកទទួលខុសត្រូវចំពោះសោកនាដកម្មពីការទម្លាក់គ្រាប់បែកលើប្រជាជនកម្ពុជាឬយ៉ាងណា លោកស្រី ប៊ិកឃឺ បានឆ្លើយថា “ពិតមែនហើយ”។
បន្ទាប់ពីដល់ម៉ោងសម្រាកនៅព្រឹកនោះ លោក នួន ជា បានមើលដំណើរការនីតិវិធីតាមរយៈវីឌីអូពីបន្ទប់ឃុំខ្លួន ដោយសារសុខភាពមិនល្អ។
សហមេធាវីអន្តរជាតិខាងដើមបណ្តឹងរដ្ឋប្បវេណី លោក ម៉ារី ហ្គីរ៉ូដ ពេលនោះបានកត់សម្គាល់ថា លោក នួន ជា បាន “ជ្រើសរើស” មិនចូលរួមក្នុងសវនាការលើកមុន ពេលដែលដើមបណ្តឹងរដ្ឋប្បវេណីនិយាយអំពីឧក្រិដ្ឋកម្ម ដែលពួកគេបានឃើញផ្ទាល់ភ្នែកក្នុងសម័យខ្មែរក្រហម ប៉ុន្តែលើកនេះបានអង្គុយរហូតទាល់ចប់ការផ្តល់សក្ខីកម្មរបស់លោកស្រី ប៊ិកឃឺ។
លោកស្រីបាននិយាយថា “[គាត់]បានសន្យានឹងយើងនៅពេលចាប់ផ្តើមការជំនុំជម្រះថា គាត់នឹងចូលរួមក្នុងសវនាការ ហើយបានប្រកែកជារហូតមិនឆ្លើយសំណួរដែលចោទសួរចំពោះគាត់ដោយដើមបណ្តឹងរដ្ឋប្បវេណីទេ”។
“ហើយយើងកត់សម្គាល់នៅថ្ងៃនេះថា គាត់លែងប្រើសិទ្ធិនៅស្ងៀមស្ងាត់ទៀតហើយ ដោយចោទសួរលោកស្រីប៊ិកឃឺ ដែលជា”មនុស្សសំខាន់”។
នៅពេលរសៀល អ្នកនិពន្ធសៀវភៅមានចំណងជើងថា “ពេលសង្គ្រាមផុតរលត់ទៅ” រូបនេះត្រូវលោកស្រី អានតា ហ្គីស សហមេធាវីអន្តរជាតិខាងលោក ខៀវ សំផន សួរ ថាតើលោកស្រីចាត់ទុកសៀវភៅរបស់លោកស្រីជាស្នាដៃអ្នកកាសែត ឬ អ្នកសិក្សាស្រាវជ្រាវ។
លោកស្រី ហ្គីស បានអានសេចក្តីដកស្រង់ពីអត្ថបទឆ្នាំ១៩៨៦របស់អ្នកប្រវត្តិសាស្ត្រដ៏ល្បី លោក ដេវិដ ឆាណ្ឌល័រ (David Chandler) ដែលរិះគន់វិធីសាស្ត្ររបស់លោកស្រីដែលលោកបាននិយាយថា បានត្រួតពិនិត្យគ្រប់គ្រាន់ដោយសារតែលោកស្រីមិនចេះខ្មែរ ដែលលោកបាននិយាយថា ជាហេតុធ្វើឲ្យលោកស្រីមានកំហុស ហើយលោកស្រីក៏មិនបានយោងប្រភពនានាឲ្យបានត្រឹមត្រូវទេ។
លោកស្រីបាននិយាយថា លោកស្រីដឹងថា លោក ឆាណ្ឌល័រ បានសរសេរទៅកាន់អ្នកសិក្សាស្រាវជ្រាវដោយស្នើសុំពួកគេកុំឲ្យប្រើសៀវភៅរបស់លោកស្រីជាសៀវភៅសិក្សា ប៉ុន្តែបានសំដែងការភ្ញាក់ផ្អើលចំពោះការរិះគន់លើអត្ថបទ។
លោកស្រីបាននិយាយថា “អ្នកកាសែតគ្រប់រូបដែលសរសេរសៀវភៅមួយក្បាល លោកអ្នកនឹងឃើញអត្ថបទដ៏ល្អរបស់លោក ដេវិដ ឆាណ្ឌល័រ ដែលនិយាយថា “នេះពិតជាអស្ចារ្យមែន”។ ដូច្នេះគាត់បានប្រើ [ការរិះគន់នេះ] ទៅលើអ្នកកាសែតម្នាក់ដែលខ្ញុំអាចដឹង។ នោះគឺខ្ញុំហ្នឹងឯង។ ហើយខ្ញុំនឹងសម្គាល់ថា ខ្ញុំជាអ្នកកាសែតស្រីតែម្នាក់គត់ដែលបានសរសេរសៀវភៅបែបនេះ”។សវនាការនៅសាលាក្តីបន្តនៅថ្ងៃនេះទៀត។ មានិត