តំណាងអ្នកភូមិ៤៧គ្រួសារក្នុងខេត្តកោះកុង ដែលត្រូវបានសាលាដំបូងខេត្តចេញសេចក្តីបង្គាប់ឲ្យប្រគល់ផ្ទះសំបែងរបស់ខ្លួនកាលពីពេលថ្មីៗនេះទៅឲ្យក្រុមហ៊ុនចិន ដែលអះអាងសិទ្ធិកាន់កាប់តំបន់នោះ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹងពីការបណ្ដេញចេញនោះ។
នៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២ ខែកុម្ភៈ លោក ចេង ប៊ុនលី អនុប្រធានសាលាដំបូងខេត្តកោះកុង បានបង្គាប់ឲ្យគ្រួសារទាំងនេះប្រគល់អចលនទ្រព្យរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Union Development Group (UDG) ដែលអភិវឌ្ឍឧទ្យានជាតិបទុមសាគរ លើផ្ទៃដី៤៥.០០០ហិកតាឲ្យក្លាយជាតំបន់ទេសចរណ៍ ដែលចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ។ ចាប់តាំងពីឆ្នាំ២០០១មក ក្រុមហ៊ុននេះបានបណ្ដេញអ្នកភូមិប្រហែល១.០០០គ្រួសារចេញពីតំបន់គម្រោង។
អ្នកភូមិដែលនៅសេសសល់៤៧គ្រួសារទៀតលើកឡើងថា ពួកគាត់បានរស់នៅ និងធ្វើស្រែចម្ការលើដីនេះច្រើនទសវត្សរ៍មកហើយ ដែលតាមច្បាប់ភូមិបាលកម្ពុជាត្រូវប្រគល់សិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់។
គ្រួសារអ្នកភូមិទាំងនោះបានធ្វើពាក្យបណ្ដឹងរបស់ខ្លួនចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ ហើយដាក់ជូននៅថ្ងៃដដែលទៅលោក ប៊ុនលី ដោយផ្ទាល់។
ពាក្យបណ្ដឹងនោះមានខ្លឹមសារថា “យើងជាប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកក្រីក្រ ហើយពឹងផ្អែកលើការនេសាទ ការចម្លងទូក និងការធ្វើស្រែចម្ការ ហើយមិនមានដីធ្លី ឬផ្ទះសំបែងក្រៅពីផ្ទះបច្ចុប្បន្នរបស់យើងឡើយ។ សេចក្ដីបង្គាប់របស់ចៅក្រមដូចជាសម្លាប់ពួកយើងអ៊ីចឹង។ ហេតុដូច្នេះហើយ…សូមលុបចោលសេចក្ដីបង្គាប់នេះទៅ”។
លោក ប្រាក់ ថន តំណាងម្នាក់ក្នុងចំណោមតំណាងប្រាំនាក់របស់អ្នកភូមិ៤៧គ្រួសារ ដែលបានចារលើពាក្យបណ្ដឹងនោះបាននិយាយកាលពីម្សិលមិញថា លោកបានរស់នៅលើដីនេះចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្លេ៉ះ ហើយមិនដែលទទួលបានសំណងពីក្រុមហ៊ុន UDG ឡើយ។
លោកបាននិយាយថា “ពួកគេនិយាយថា យើងជំពាក់បំណុលពួកគេ ដូច្នេះពួកគេចង់ឲ្យយើងចាកចេញពីផ្ទះរបស់យើង។ ប៉ុន្តែយើងមិនបានជំពាក់បំណុលពួកគេឡើយ។ យើងមិនបានទទួលសំណងណាមួយសម្រាប់ដីធ្លីរបស់យើងនៅក្នុងភូមិនេះឡើយ”។
លោក អុិន គង់ចិត្រ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះមានមានប្រសាសន៍ថា គ្រួសារអ្នកភូមិទាំងនេះមានការអះអាងសិទ្ធិស្របច្បាប់ក្នុងការច្រានចោលសេចក្តីបង្គាប់នៃការបណ្ដេញចេញ ពីព្រោះតុលាការមិនបានស៊ើបអង្កេតពីការអះសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់នោះមុនពេលចេញសេចក្ដីបង្គាប់ឡើយ។
លោក ប៊ុនលី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក ប៊ុន លើត អភិបាលខេត្តបានមានប្រសាសន៍ថា លោកមិនមានសិទ្ធិអន្តរាគមន៍ក្នុងករណីនេះទេ ពីព្រោះករណីនេះស្ថិតក្នុងដៃតុលាការ៕ សារុន