លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ចៅក្រមតុលាការក្រុងភ្នំពេញដែលបានដោះលែងឲ្យនៅក្រៅឃំុឪពុកម្តាយរបស់ជនរត់គេចខ្លួន ថោង សារ៉ាត់ ដែលត្រូវប៉ូលិសតាមចាប់ខ្លួនពីបទផ្តើមគំនិតបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដោយស្នើសំុឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យសំណំុរឿងឃាតកម្មនេះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅឯវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញំុអំពាវនាវឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យករណីទាក់ទងជាមួយនឹងសំណំុរឿងបទឧក្រិដ្ឋកម្មឃាតកម្មនៅក្នុងក្រុងភ្នំពេញ។ រឿងនេះមិនធម្មតាទេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា “រាជរដ្ឋាភិបាលប្រឹងដុតដៃដុតជើង បញ្ជាកម្លាំងដើម្បីតាមរកឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ទីបំផុតយើងចាប់បានមួយសំបុក ប៉ុន្តែរឿងដែលមិនយល់ នៅត្រង់ថាឲ្យឪពុកម្តាយរបស់មេក្លោងដែលបញ្ជាឃាតករ ដែលជាប់ពិរុទ្ធភាពលើបទចោទនេះ ឲ្យនៅក្រៅឃំុ។ ហើយនៅក្រៅឃំុនេះ បើធ្វើត្រូវនីតិវិធី មិនអីទេ ប៉ុន្តែវាខុសនីតិវិធីទៅទៀត”។
ចៅក្រមតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៧ខែកុម្ភៈ បានដោះលែងលោកថោង ចំរើន ជាឪពុករបស់លោក ថោង សារ៉ាត់ និងម្តាយរបស់គាត់គឺអ្នកស្រី កែវ សាវីឲ្យនៅក្រៅឃំុ។ ពួកគេបានជាប់ពន្ធនាគារពីបទកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី៧ខែធ្នូ បន្ទាប់ពីប៉ូលិសបានឆែកឆេរគេហដ្ឋានក្នុងក្រុងភ្នំពេញរបស់ពួកគេ ហើយបានរកឃើញអាវុធនិងគ្រាប់កាំភ្លើងជាច្រើន។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទបានសម្រេចឃំុខ្លួនឪពុកម្តាយរបស់លោក ថោង សារ៉ាត់សាជាថ្មី នៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនពួកគេនៅក្នុងខេត្តព្រៃវែងតាមផ្លូវជាតិលេខ១ ក្នុងពេលដែលពួកគេធ្វើដំណើរតាមរថយន្តពេទ្យឆ្ពោះទៅកាន់ប្រទេសវៀតណាម។
លោក ថោង សារ៉ាត់ ដែលត្រូវជាប់ចោទពីបទបញ្ជាអង្គរក្សរបស់លោកបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីខែវិច្ឆិកា កំពុងរត់គេចខ្លួននៅឡើយ៕