36 C
Phnom Penh

គណៈ​​​កម្មា​​​ធិ​​​ការ​​​សុរិយោដី​​​ជំទាស់​​​ទៅ​​​នឹង​​​តួលេខ​​​វិវាទ​​​ដីធ្លី​​​ របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ​​​ ក្រសួង​​​រៀប​​​ចំ​​​ដែនដី នគ​​​រូប​​​នី​​​យ​​​កម្ម​​​និង​​​សំណង​​​​​​បាន​​​ច្រាន​​​ចោល​​​តួលេខ​​​ថ្មី​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ ដែល​​​បង្ហាញ​​​ពី​​​​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​អំពី​​​ចំនួន​​​គ្រួសារ​​​​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំមុន ដោយ​​​អះ​​​អាង​​​ថា តាម​​​ពិត​​​វិវាទ​​​ដីធ្លី​​​​​​បាន​​​ថយ​​​ចុះ​​​។

នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន អង្គការ​​​លី​​​កាដូ បាន​​​លើក​​​ឡើង​​​ថា បុគ្គលិក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​​​កណ្តាល​​​និង​​​ខេត្ត​​​ភាគ​​​ខាងលិច​​​​​​ចំនួន​​​១៣ ដែល​​​ខ្លួន​​​បាន​​​ឃ្លាំមើល​​​​​​បាន​​​រាប់​​​ចំនួន​​​អ្នកភូមិ​​​១០.៦២៥គ្រួសារ​​​​​​ដែល​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ថ្មីៗ​​​និង​​​វិវាទ​​​ដីធ្លី​​​ដែល​​​មាន​​​ស្រាប់​​​​​​កាលពី​​​ឆ្នាំ​​​២០១៤ គឺ​​​កើន​​​ឡើង​​​បី​​​ដង​​​​​​កាលពី​​​ឆ្នាំមុន។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​​​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អង្គ​​​ការ​​​មិនមែន​​​រដ្ឋា​​​​​​ភិបាល​​​នេះ​​​​​​ថា​​​បាន​​​បំប៉ោង​​​​​​តួលេខ​​​របស់​​​ខ្លួន​​​ដោយ​​​ចេត​​​នា​​​ដើម្បី​​​ទាក់ទាញ​​​​​​លទ្ធ​​​ផល។

លោក​​​បាន​​​ជំទាស់​​​នឹង​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ដោយ​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​​​​​​ចំនួន​​​គ្រួសារ​​​ថ្មី​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ក្នុង​​​ឆ្នាំ​​​២០១៤ជាមួយ​​​​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​​​​ ១.៧៦៦បណ្តឹង​​​ដែល​​​អាជ្ញាធរ​​​ជាតិ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​រដ្ឋាភិបាល​​​​​​បាន​​​ដោះ​​​ស្រាយ​​​​​​ក្នុង​​​រយៈពេល​​​ប្រាំបី​​​ខែ​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​ដដែល​​​នោះ។

ជា​​​ធម្មតា គ្រួសារ​​​ជាច្រើន​​​​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​​​​ពាក្យ​​​បណ្តឹង​​​តែមួយ​​​ ឬ​​​​​​វិវាទ​​​ដីធ្លី​​​តែមួយ​​​ ជា​​​ការ​​​ខុស​​​គ្នា​​​ដែល​​​លោក​​​ ផៃ ស៊ីផាន មិន​​​បាន​​​លើកឡើង។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​កាលពី​​​ថ្ងៃសុក្រ​​​​​​ គណៈកម្មាធិការ​​​​​​សុរិយោដី​​​​​​របស់​​​ក្រសួង​​​រៀប​​​ចំ ដែន​​​ដី​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ផង​​​ដែរ ដោយ​​​មិន​​​បាន​​​បែងចែក​​​​​​ឲ្យ​​​ដាច់​​​ស្រឡះ​​​រវាង​​​​​​គ្រួសារ​​​អ្នកភូមិ និង​​​ករណី​​​ទាំងនោះ។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “​​​គណៈកម្មាធិការ​​​សុរិយោដី ​​​បាន​​​ដោះស្រាយ​​​​​​វិវាទ​​​ដីធ្លី​​​ជា​​​បន្ត​​​បន្ទាប់​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០២​​​មក ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​វិវាទ​​​ដីធ្លី​​​ថយ​​​ចុះ​​​មួយ​​​ចំនួន​​​ពី​​​មួួយ​​​ឆ្នាំទៅមួយ​​​ឆ្នាំ ផ្ទុយគ្នា​​​ស្រឡះ​​​ទៅ​​​នឹង​​​សេចក្តី​​​ប្រកាស​​​របស់​​​អង្គការ​​​លីកាដូ”។

គណៈកម្មាធិការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ខ្លួន​​​ដោះស្រាយ​​​បាន​​​ ៦.៥៥៦ ករណី​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​២០០២ ហើយ​​​នៅ​​​សល់​​​​​​៧៥០ករណី​​​កាលពី​​​ចុង​​​ឆ្នាំមុន បើ​​​ប្រៀប​​​ធៀប​​​​​​ទៅ​​​នឹង​​​​​​៩៩០​​​ករណី​​​ដែល​​​ខ្លួន​​​កំពុង​​​ប្រឈម​​​មុខ​​​​​​កាលពី​​​ចុង​​​ឆ្នាំ​​​២០១៣។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិល​​​មិញ ​​​លោក វុទ្ធី វណ្ណារ៉ា ប្រធាន​​​គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​​​ព័ត៌មាន​​​លម្អិត​​​ណាមួយ​​​ស្តី​​​ពី​​​ថា​​​តើ​​​ករណី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​ដូច​​​ម្តេច​​​នោះ​​​ឡើយ។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ដដែល​​​ៗ​​​ថា តើ​​​មាន​​​អ្នក​​​ភូមិ​​​ប៉ុន្មាន​​​គ្រួសារ​​​​​​ជាប់ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​នៅ​​​សេស​​​សល់​​​ចំនួន​​​​​​៧៥០​​​ករណី លោក​​​បាន​​​គេច​​​វេះ​​​មិន​​​ឆ្លើយ​​​សំណួរ​​​នេះ​​​ទេ។

លោក វណ្ណារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មាធិការ​​​របស់​​​លោក​​​​​​បាន​​​ស្នើ​​​សុំ​​​ច្បាប់​​​ចម្លង​​​នៃ​​​ទិន្ន​​​ន័យ​​​ថ្មី​​​បំផុត​​​របស់​​​​អង្គការ​​​លី​​​កាដូ​​​ដើម្បី​​​យក​​​ទៅ​​​សិក្សា​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​បន្ថែម​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​សុំ​​​ឲ្យ​​​អង្គការ​​​លី​​​កា​​​ដូ​​​​​​ផ្តល់​​​តួលេខ​​​លម្អិត​​​ស្តី​​​ពី​​​វិវាទ​​​ដីធ្លី​​​បន្ថែម​​​ទៀត​​​រួច​​​ហើយ ដើម្បី​​​យើង​​​អាច​​​​​​ប្រៀប​​​ធៀប​​​​​​ជាមួយ​​​តួលេខ​​​ដែល​​​ក្រសួង​​​​​​ត្រូវ​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​តើ ​​​តួលេខ​​​របស់​​​អង្គការ​​​នេះ​​​​​​នៅ​​​ក្នុង​​​របាយការណ៍​​​ត្រូវ​​​ឬ​​​ខុស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់មក​​​ យើ​​​ង​​​នឹង​​​បញ្ជូន​​​លទ្ធផល​​​ទៅ​​​អ្នកនាំពាក្យ​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​”។

អង្គការ​​​លីកាដូ បាន​​​លើកឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​នឹង​​​ផ្តល់​​​ទិន្នន័យ​​​តាម​​​កា​​​រ​​​ស្នើ​​​សុំ​​​ដល់​​​​​​ក្រសួង​​​នេះ​​​នៅ​​​សប្តាហ៍​​​នេះ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស