30 C
Phnom Penh

ច្បាប់​បោះ​ឆ្នោត​ព្រាងរួច ប៉ុន្តែ​ការ​ទាមទារ​របស់​លោក ហ៊ុន សែន មិន​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​អបអរ​សាទរ​ចំពោះ​ការ​បញ្ចប់​ការ​ចរចា​ទាក់ទិន​នឹង​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ជាតិ និង​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​បញ្ចូល​ក្នុង​ច្បាប់​នេះ​នូវ​សំណើ​របស់​លោក​ក្នុង​ការ​ដក​កៅអី​សភា​ពី​គណបក្ស​នយោបាយ​ណា ដែល​ធ្វើ​ពហិការ​មិន​ចូល​សភា​ក្រោយពី​ការ​បោះ​ឆ្នោត។

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ហើយ​តាម​ការ​ដឹង​របស់​លោក មិន​មាន​បញ្ចូល​សំណើ​លើក​ឡើង​ដោយ​លោក ហ៊ុន សែន ទេ ប៉ុន្តែ​បាន​បន្ថែម​ថា ការ​ពិភាក្សា​គ្នា​ថែម​ទៀត​អំពី​សំណើ​នេះ​នឹង​ត្រូវ​ធ្វើ​បន្ត។

ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​នោះ លោក ហ៊ុន សែន បាន​សរសើរ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង លោក សម រង្ស៊ី ក្នុង​ការ​បញ្ចប់​ការ​ចរចា​ដ៏​យូរ ក្នុង​ការ​ប្រជុំ​រយៈ​ពេល​បួន​ម៉ោង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។

ការ​សម្រប​សម្រួល​មួយ​ចំនួន​សម្រេច​បាន ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ឲ្យ​បន្ថែម​អាសនៈ​សភា​ថ្មី​ពីរ​ទៀត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​ទៅ​នឹង​ការ​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត ហើយ​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ដំណោះ​ស្រាយ​នេះ​គួរ​ឲ្យ​សរសើរ។

មុន​ពេល​បន្ថែម​ថា សំណើ​ផ្ទាល់​របស់​លោក ដែល​សំដៅ​បញ្ចៀស​ភាព​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ត្រូវ​បាន​យល់​ព្រម​ដែរ​នោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​អបអរ​សាទរ​ផង​នៅ​ថ្ងៃ​នេះ។ កាលពី​ថ្ងៃ​សៅរ៍ គឺ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​នេះ ឯកភាព​គ្នា​ហើយ​ច្បាប់​បោះ​ឆ្នោត”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “[តំណាង​រាស្ត្រ​ជាប់​ឆ្នោត]​ទាំង​នោះ​ដែល​មិន​ចូល​ស្បថ​ដើម្បី​យក​សុពលភាព​របស់​ខ្លួន និង​អ្នក​ដែល​មិន​ចូល​ប្រជុំ​[សភា]​។ល។… [យើង]​នឹង​ឃើញ​អាសនៈ​របស់​ពួកគេ​បាត់​បង់​យ៉ាង​ម៉េច”។ លោក​បាន​បន្ថែម​ថា “ពួកគេ​បាន​ឯកភាព​គ្នា​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​សរសេរ​នៅ​ឡើយ។ ពួកគេ​បាន​ចាប់​ផ្តើម​សរសេរ​នៅ​ថ្ងៃ​នេះ។ សរសេរ​ហើយ ពួកគេ​ធ្វើ​សិក្ខា​សាលា”។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា លោក​នឹង​វេតូ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ ប្រសិនបើ​សំណើ​នេះ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ច្បាប់​នេះ​ទេ។ សេចក្តី​ប្រកាស​ដែល​ចេញ​ក្រោយ​ការ​ចរចា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា ចំណុច​ដែល​ស្នើ​ឡើង​នេះ​នឹង​ត្រូវ​ចរចា​គ្នា​បន្ត​ទៀត។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ថា លោក​ប្រកាន់​យក​តាម​សេចក្តី​ប្រកាស​នោះ ប៉ុន្តែ​ថា សេចក្តី​ព្រាង​ច្បាប់​នោះ​ត្រូវ​បាន​ធ្វើ​បញ្ចប់​រួច​រាល់​ដោយ​មន្ត្រី​មកពី​គណបក្ស​ទាំង​ពីរ​ក្នុង​កិច្ច​ប្រជុំ​បួន​ម៉ោង​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ។

សំដៅ​ដល់​ច្បាប់​បោះ​ឆ្នោត​ជាតិ​និង​ច្បាប់​មួយ​ផ្សេងទៀត​ដែល​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ការ​ប្រើ​ពាក្យ​ពេចន៍​ចប់​ហើយ​ឥឡូវ​នេះ។ សេចក្តី​ព្រាង​ច្បាប់​បាន​បញ្ចប់។ យើង​មាន​សេចក្តី​ព្រាង​ច្បាប់​ពីរ”។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ថា លោក​មិន​ជឿ​ថា សំណើ​ដែល​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជា​ផ្នែក​មួយ​នៃ​សេចក្តី​ព្រាង​ច្បាប់​បញ្ចប់​ហើយ​នេះ​ទេ។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យោងតាម​សហ​សេវិក​របស់​ខ្ញុំ​ដែល​បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ដែល​បាន​បញ្ចប់​កន្លះ​ម៉ោង​មុន​នេះ ខ្ញុំ​មិន​ដឹង​ទេ។ ប្រហែល​ខ្ញុំ​ភ្លេច​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​អំពី​សំណើ​នេះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ ដែល​ទើប​តែ​បញ្ចប់​នេះ​ទេ”។

“ខ្ញុំ​ប្រហែល​ទទួល​ព័ត៌មាន​ខុស ប៉ុន្តែ​…​ខ្ញុំ​មិន​ដឹង​អំពី​សំណើ​នេះនៅ​ក្នុង​​ច្បាប់​នេះ​ទេ”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​អធិប្បាយ​បន្ថែម​អំពី​សំណើ ឬ​ការ​អធិប្បាយ​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​ទេ។

ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា​នឹង​ចរចា​បន្ថែម​ទៀត​ដើម្បី​ពិភាក្សា​អំពី​សំណើ​នេះ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ការ​ប្រជុំ​ធ្វើ​សេចក្តី​ព្រាង​នៅ​ថ្ងៃ​ច័ន្ទ​ថា ជំនួប​បែប​នេះ​អាច​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។

លោក ឈិន បាន​មាន​ប្រសាសន៍​ថា “ចំណុច​នេះ​…​បាន​លើក​ឡើង​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ត្រៀម​ជាពិសេស​ដើម្បី​ពិភាក្សា​បញ្ហា​នេះ និង​ដាក់​ចូល​សិក្ខា​សាលា។ ហើយ​[រឿង​នេះ​ត្រូវ​កើត​ឡើង]​មុន​ច្បាប់​នេះ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​ជាតិ”។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក ខេង បាន​បញ្ជាក់​ក្នុង​អំឡុង​ការ​ចរចា​នៅ​ថ្ងៃ​សៅរ៍​ថា សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​តាម​ពិត​ប្រហែល​មិន​ដាក់​ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​ខ្ញុំ​បាន​ស្តាប់​ឮពី​លោក ស ខេង គឺ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រាន់តែ​បាន​លើក​សំណើ​ប៉ុណ្ណោះ។ មិន​មាន​ពេល​កំណត់ ឬ​លក្ខខណ្ឌ​ដែល​វា​គួរ​ស្ថិត​ក្នុង​ច្បាប់​បោះ​ឆ្នោត​ឡើយ”។

“ប្រធាន​បទ​នេះ​នឹង​ត្រូវ​ពិភាក្សា ហើយ​យើង​នឹង​សិក្សា​ថា​នឹង​ប្រើ​ពាក្យ​ពេចន៍​បែប​ណា និង​ខ្លឹមសារ​ពេញលេញ​របស់​វា ហើយ​យើង​នឹង​​ត្រូវ​ព្រមព្រៀង​…​ដាក់​វា​នៅ​ត្រង់​ណា អាច​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក្នុង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ អាច​នៅ​ក្នុង​វិធាន​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ [ឬ] អាច​នៅ​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ”។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​អាច​លើក​យក​មក​បង្ហាញ​ក្នុង​ការ​ប្រជុំ​ពិសេស​នៃ​សភា នា​ដើម​ខែ​នេះ បើទោះជា​មាន​ការ​ពិភាក្សា​នៅ​សេស​សល់ ទាក់ទិន​នឹង​សំណើ​របស់​លោក ហ៊ុន សែន ក៏​ដោយ។

សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​នឹង​ត្រូ​វ​ដាក់​ជូន​សភា​ជាតិ​ស្រប​ពេល​គ្នា​ជាមួយ​ច្បាប់​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​ចរចា​ដោយ​គណបក្ស​ទាំង​ពីរ​កាលពី​ឆ្នាំ​មុន៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស