34 C
Phnom Penh

បុរស​បួន​នាក់​បន្ថែមទៀត​ត្រូវ​បាន​ចាប់​ខ្លួន​​​​ជុំវិញ​អំពើ​ចោរកម្ម​ដ៏ហិង្សា​នៅ​លើ​កោះរ៉ុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ នគរ​បាល​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​បុរស​ជនជាតិ​ខ្មែរ​បួន​នាក់​ត្រូវ​បាន​ចាប​់​ខ្លួន​ពាក់ព័ន្ធនឹង​អំពើ​ចោរកម្ម​ដ៏ហិង្សា​នៅ​ផ្ទះ​សំណាក់​មួយ​លើ​កោះ​រ៉ុង ក្នុង​ក្រុង​ព្រះសីហនុ​​កាលពី​សប្ដាហ៍មុន​ ដែល​​បណ្ដាល​ឲ្យជនជាតិ​កាណាដា​ម្នាក់​មាន​របួស​ធ្ងន់​ត្រង់​ក្បាល។

លោក អុិន បូរ៉ា ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ​ និង​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​មួយ​ក្រុម​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ស៊ើបអង្កេត​ការ​កើន​ឡើង​ក្នុង​ពេល​ថ្មីៗ​​​នៃ​បទ​ល្មើស​ដ៏ហិង្សា​ពាក់ព័ន្ធ​នឹង​ជន​បរទេស​ បាន​លើក​ឡើង​ថា លោក​បាន​ដឹកនាំ​មន្ត្រីមូលដ្ឋាន​មួយ​ក្រុម​​ដើម្បីធ្វើ​ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ។

ឧត្ដម​សេនីយ៍ឯក អុិន បូរា៉ា បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​ជន​​ល្មើស​ចំនួនបួន​នាក់​”។ លោក​ប្រាប់​អត្តសញ្ញាណ​របស់​បុរស​ជនជាតិ​ខ្មែរ​ទាំង​បួន​នាក់​នោះ​ថា​មានឈ្មោះ​ដូច​ជា វណ្ណ សីហវ័ន អាយុ​២២​ឆ្នាំ ជួប​ ទិត្យ អាយុ​២​៧​ឆ្នាំ ឃួន ហ៊ុន អាយុ​២៤ឆ្នាំ និង​ ជឹម រតនា អាយុ​២៧​ឆ្នាំ។

សេចក្ដី​រាយការណ៍​ពីគ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារដែល​កើត​ឡើង​នៅ​ផ្ទះ​សំណាក់​ Broken Heart លើ​កោះ​រុ៉ុង​កាលពី​យប់​ថ្ងៃព្រហស្បតិ៍​បាន​បណ្ដាល​ឲ្យជនជាតិ​កាណា​ដា​ម្នាក់​ឈ្មោះ Micheal Hay អាយុ​២៧​ឆ្នាំ ​បែក​​ឆ្អឹង​ថ្ពាល់ និង​មាន​ស្នាម​រយះ​ប្រវែង​១១​សង់ទីម៉ែត្រ​នៅ​លើ​ក្បាល។ លោក Micheal Hay ត្រូវបាន​ជួល​ឲ្យ​មកធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ដោយ​បុរស​ជនជាតិ​ហ្វាងឡង់​ម្នាក់​ឈ្មោះ Jouni Niemi អាយុ​៤៩​ឆ្នាំ ដែល​រង​របួស​ស្រាល​អំឡុង​ការ​វាយ​ប្រហារ​។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​យក​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​ កុំព្យូទ័រ​យួរ​ដៃ​មួយគ្រឿង និង​ឧបករណ៍​​អេឡិច​ត្រូនិក​ផ្សេងៗ​ទៀត​​ចេញ​ទៅ​បាត់”។

ឧត្ដម​សេនីយ៍ឯក អុិន បូរ៉ា បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រៀបគម្រោង​ប្លន់នេះ​បួន​ឬប្រាំថ្ងៃ​រួច​មក​ហើយ​។

លោក សៀង កុសល ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ថា បុរស​ទាំងបួន​នាក់​នេះ​ត្រូវ​បាន​សាកស​ួរ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​កាលពី​ម្សិលមិញ ហើយ​ថា បុរស​ម្នាក់​ក្នុង​ចំណោមជន​សង្ស័យ​ទាំង​នេះ​​​កាលពីមុន​ធ្លាប់​ជា​បុគ្គលិក​នៅ​ផ្ទះ​សំណាក់​ Broken Heart នេះ។ គេហទំព័រ​របស់​នគរ​បាលជាតិ​បាន​កំណត់​អត្តសញ្ញាណ​ ឃួន ហ៊ុន ថា​ជា​បុគ្គលិក​នៅ​ផ្ទះ​សំណាក់នេះ​។

ពេល​និយាយ​អំឡុង​ដេក​នៅ​លើ​គ្រែពេទ្យ​ក្នុង​មន្ទីរពេទ្យ​​កាល់ម៉ែត្រ ​កាលពី​ម្សិលមិញ លោក Micheal Hay បាន​កំណត់​អត្តសញ្ញាណជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យទាំង​បួន​នាក់​ក្នុង​រូប​ថត​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​ថា មាន​ឈ្មោះ ” វ័ន” ដែល​លោក​បាន​លើកឡើង​ថា ធ្លាប់​បាន​បម្រើ​ការ​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​រហូត​ដល់​ខែ​មករា។

ពេល​និយាយទាំង​លំបាក​ដោយសារ​បាក់​ធ្មេញ​ និង​មុខ​ហើម​ខ្លាំង​ លោក Micheal Hay បាន​លើក​ឡើង​ថា ជនសង្ស័យ​បាន​ប្រើដ​ុំឥដ្ឋ​ និង​ដំបង​ដែក​ក្នុង​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​ខណៈ​លោក​ និង​លោក​ Niemi យកប្រាក់​ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព​។

យោង​តាម​អ្នកស្រី Tiia Komulainen ដែល​ធ្វើ​ការ​ជាមួយជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា លោក​ Niemi បាន​ចាក​ចេញពី​មន្ទីរ​ពេទ្យ​ហើយ ហើយ​កំពុង​តែ​ជា​សះស្បើយ​ជា​បណ្ដើរ​ៗ​ពី​របួស​​ស្រាល​ត្រង់​ក្បាល​ និង​ដៃ ដែល​លោក​បាន​ទទួល​រង​នៅ​ពេល​ព្យាយាម​យក​ដៃ​រង​អំឡុង​​ការ​វាយ​ប្រហារ។

អំពើ​ហិង្សា​​នៅ​លើ​កោះ​រ៉ុង​បាន​កើត​ឡើង​ក្រោយ​មាន​ការ​កើន​​ឡើង​នៃ​បទ​ល្មើស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជន​បរទេស​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​រួម​មានដូច​ជា​ការ​វាយ​តប់​គ្នា​ ការ​ចាក់គ្នា ការ​ដាក់​គ្រាប់​បែក​បំផ្ទុះ​​រថយន្ត និង​ការ​បាញ់​ប្រហារ​ពី​រថយន្ត​មួយទៅ​រថយន្ត​មួយ​ទៀត​​ ដោយ​ធ្វើ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​ចាត់វិធានការ​បញ្ជូន​នគរ​បាល​​ថ្នាក់​ខ្ពស់​មួយ​ក្រុម​ទៅ​ស៊ើបអង្កេត​បញ្ហា​ទាំង​នេះ។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​ក្រុម​នគរ​បាល​បាន​​ត្រឡប់​មកពី​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​អាទិត្យ​។

ឧត្ដម​សេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ទាំង​នេះ​បាន​ត្រឡប់​មក​វិញ​ហើយ ហើយ​បាន​ធ្វើ​របាយការណ៍​ពេញ​លេញ​មួយ​ជូន​ឧបនាយក​រដ្ឋមន្ត្រី [ស ខេង] ដើម្បី​ពិចារណា​។ [យើង​បាន​ស៊ើបអង្កេត​] គ្រប់​ករណីទាំង​អស់ ហើយ​វា​នឹង​មាន​លទ្ធផល​វិជ្ជមាន”។

នៅពេល​ត្រូវ​បាន​សួរ​ថា តើ​ក្រុម​មន្ត្រី​ចុះ​បេសកកម្ម​ដែល​រួម​មាន​ដូច​ជា លោក នៅ លក្ខិណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ លោក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ និង​សមាជិក​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម​នោះ បាន​ជួប​ជាមួយ​ក្រុម​ជន​បរទេស​​ដែល​ជា​អ្នក​បង្ក​ឲ្យ​មានអំពើ​ហិង្សា​​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរឬក៏អត់ ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ បាន​លើក​ឡើង​ត្រឹម​តែ​ថា ស្ថានភាព​គឺ​ “ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង”។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ពួកគេ​ដឹង​ហើយ។ អ្នកទាំង​នោះ​បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ ហើយពួកគេ​ត្រូវ​តែ​​អនុវត្ត​ទៅ​តាម​ច្បាប់”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស