អ្នកតស៊ូមតិម្នាក់ក្នុងចំណោមអ្នកតស៊ូមតិសិទ្ធិមនុស្សដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជាបានសរសេរលិខិតផ្ញើជូនក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញស្នើឲ្យក្រុមប្រឹក្សានេះទុកជាមោឃៈនូវមាត្រាចំនួនពីរ នៅក្នុងច្បាប់បោះឆ្នោតជាតិថ្មីដែលលោកលើកឡើងថា រំលោភសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក្នុងការចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បី ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលជាផ្នែកមួយនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលហៅថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនោះ បានរិះគន់ច្បាប់បោះឆ្នោតថ្មីចំនួនពីរចាប់តាំងពីមានព័ត៌មានលម្អិតបានលេចឡើងកាលពីឆ្នាំមុនមកម៉្លេះ។
ប៉ុន្តែ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនអើពើចំពោះការមិនយល់ព្រមចំពោះច្បាប់ថ្មីនេះឡើយ ហើយបានអនុម័តច្បាប់នេះជាឯកច្ឆន្ទកាលពីសប្តាហ៍មុន។
បន្ទាប់ពីត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃច័ន្ទ ឥឡូវនេះច្បាប់នេះត្រូវការការពិនិត្យពីក្រុមប្រឹក្សាធម្មនុញ្ញ និងការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនរោត្តម សីហមុនី តែប៉ុណ្ណោះ។
លោក គល់ បញ្ញា បានមានប្រសាសន៍កាលពីម្សិលមិញថា “នៅព្រឹកនេះយើងបានដាក់សំណើទៅក្រុមប្រឹក្សាធម្មនុញ្ញសុំឲ្យដកមាត្រាមួយចំនួនដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិនយោបាយក្នុងការចូលរួមការបោះឆ្នោត និងសេរីភាពនៃការបញ្ចេញមតិ”។
លោកបានមានប្រសាសន៍ថា “យើងសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបង្ហាញភាពគួរឲ្យជឿជាក់របស់ខ្លួនបកស្រាយអំពីច្បាប់នេះ ជាពិសេសច្បាប់បោះឆ្នោតរបស់រដ្ឋសភា ហើយលុបចោលមាត្រា៨៤ ១៦២ និង១៦៧”។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា មាត្រា៨៤នៃច្បាប់បោះឆ្នោតថ្មី ដែលហាមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលមិនឲ្យ “ប្រមាថមាក់ងាយ” ឬបង្ហាញ”ភាពលម្អៀង” ទៅរកគណបក្សនានាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ រំលោភមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ដែលការពារការចូលរួមក្នុងនយោបាយ។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា មាត្រាផ្សេងទៀតដែលផ្តល់អំណាចដល់មន្ត្រីបោះឆ្នោតដើម្បីដកសិទ្ធិគណបក្សនានាមិនឲ្យបោះឆ្នោត បើទោះជាគណបក្សទាំងនោះឈ្នះអាសនៈក៏ដោយ អាចរំលោភការការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងមាត្រា៣៤។
គេនៅមិនទាន់ច្បាស់ថា តើក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យមើលច្បាប់បោះឆ្នោតថ្មីទាំងនេះនៅពេលណានោះឡើយ ប៉ុន្តែ មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានលើកឡើងថា ច្បាប់ទាំងពីរនេះប្រហែលជាត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅដំណាច់ខែនេះ។
គេមិនអាចទាក់ទងលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងអ្នកនាំពាក្យពីររូបទៀតដើម្បីសុំអត្ថាធិប្បាយបានទេ៕សារុន