មេធាវីលោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករជនជាតិរុស្សី កាលពីម្សិលមិញបានសុំឲ្យដោះ លែងបុរសអាយុ៥៤ឆ្នាំរូបនេះឲ្យនៅក្រៅឃុំ មួួយថ្ងៃបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្នុងក្រុងព្រះសីហនុ និងត្រូវបានជាប់ពន្ធនាគារតាមការចោទប្រកាន់ពីបទឆបោកទាក់ទងទៅនឹងជម្លោះ មួួយក្នុងចំណោមជម្លោះជាច្រើនជាមួយលោក សេរហ្គេ ប៉ូលុនស្គី ។
កងរាជអាវុធហត្ថបានចាប់ខ្លួនលោក ដូរ៉ូសិនកូ កាលពីរសៀលថ្ងៃពុធ នៅភោជនីយដ្ឋានផ្ទះពស់របស់ក្រុមគ្រួសារលោក ក្នុងសង្កាត់លេខ៣ ចំពោះការមិនចូលរួមក្នុងសវនាការតុលាការចំនួនពីរលើកកាលពីខែមុនអំពីការចោទប្រកាន់ថា លោកបានក្លែងហត្ថលេខាលើឯកសារក្លែងក្លាយមួួយបោកប្រាស់ លោក ប៉ូលុនស្គី ក្នុងទឹកប្រាក់១០លានដុល្លារ។
ខណៈដែលលោក ដូរ៉ូសិនកូ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុ មេធាវីរបស់លោកគឺលោក ឈុន ជ្រា បានស្វះស្វែងឲ្យដោះលែងរូបលោក។
លោក ឈុន ជ្រា បានមានប្រសាសន៍ថា “ខ្ញុំបានដាក់លិខិតសុំនៅក្រៅឃុំទៅតុលាការនៅព្រឹកនេះ”។លោកបានបន្ថែមថា កូនក្តីរបស់លោកគ្មានកំហុសពាក់ព័ន្ធការចោទប្រកាន់ពីបទឆបោកឡើយ។
ការចោទប្រកាន់ទាំងនោះរួមមានការក្លែងហត្ថលេខា ការប្រើប្រាស់ឯកសារក្លែងក្លាយ និងរំលោភសេចក្តីទុកចិត្តពាក់ព័ន្ធក្រុមហ៊ុនSea Snake Investment Groupដែលលោក ដូរ៉ូសិនកូ និងលោក ប៉ូលុនស្គី មានភាគហ៊ុន។
មេធាវីលោក ប៉ូលុនស្គី ដែលគេតាមចាប់ខ្លួនក្នុងទីក្រុងមូស្គូតាមការចោទប្រកាន់ពី បទកិបកេងប្រាក់រាប់លានដុល្លារនោះបានអះអាងថា លោក ដូរ៉ូសិនកូន បានប្រើឯកសារក្លែងក្លាយបោកប្រាស់កូនក្តីរបស់ខ្លួនក្នុងទឹកប្រាក់១០លានដុល្លារ។ ពួកគេទាមទារឲ្យប្រគល់ប្រាក់១០លានដុល្លារមកវិញបូករួមទាំងប្រាក់សំណង២លានដុល្លារបន្ថែមទៀត។
លោក រស់ សារាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុបានមានប្រសាសន៍កាលពីម្សិលមិញថា មានករណីរឹងមាំប្រឆាំងលោក ដូរ៉ូសិនកូ។
លោកបានមានប្រសាសន៍ថា “ខ្ញុំជឿថា យើងមានភ័ស្តុតាងមួយចំនួនផ្អែកតាមផ្លូវច្បាប់ដើម្បីចោទប្រកាន់គាត់”។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក អូសថេប កូនប្រុសរបស់លោក ដូរ៉ូសិនកូ ដែលជាអនុសេនីយ៍ឯកក្នុងជួរកម្លាំងនគរបាលអន្តោប្រវេសន៍ខេត្តបានមានប្រសាសន៍ថា ក្រុមគ្រួសាររបស់លោកនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងលោក ប៉ូលុនស្គី ឆ្លើយតបទៅនឹងការជាប់ពន្ធនាគាររបស់ឪពុកលោក។ លោកបានមានប្រសាសន៍ថា “លោក ប៉ូលុនស្គី គិតថា តាមច្បាប់គឺគាត់ត្រូវ។ ប៉ុន្តែ យើងនឹងចាំមើលនៅពេលខាងមុខថាតើនរណាខុស នរណាត្រូវ”៕សារុន (រាយការណ៍បន្ថែមដោយ Matt Blomberg)