អ្នកតំណាងឲ្យប្រជាពលរដ្ឋប្រហែល២០០គ្រួសារក្នុងជម្លោះដីធ្លីរយៈពេលមួយឆ្នាំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ UDG ក្នុងខេត្តកោះកុង បានជួបជាលើកដំបូងជាមួយមន្ត្រីក្រុមហ៊ុននិងមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ប៉ុន្តែមិនឃើញមានលទ្ធផលទេ។
អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយក្រុមបាននាំភាគីទាំងបីឲ្យជួបគ្នានៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយសង្ឃឹមថា នាំឲ្យពួកគេឈានដល់ដំណោះស្រាយលើជម្លោះទាក់ទិននឹងដី៤៥.០០០ហិកតា កន្លែងទេសចរតម្លៃ៣,៨ពាន់លានដុល្លារ ដែលក្រុមហ៊ុនចិនកំពុងសាងសង់នៅកណ្តាលឧទ្យានជាតិបទុមសាគរខេត្តកោះកុង។
អ្នកភូមិពាក់ព័ន្ធជម្លោះប្រហែល២០០គ្រួសារដែលមានតំណាងនៅក្នុងកិច្ចប្រជុំនោះ មានទាំងមិនសប្បាយចិត្តនឹងសំណងដែលពួកគេបានទទួលសម្រាប់ផ្ទះសំបែងនិងដីស្រែចម្ការរបស់ពួកគេ និងទាំងខឹង ពីព្រោះពួកគេមិនបានទទួលអ្វីទាល់តែសោះ។ នៅកិច្ចប្រជុំនោះ មានលោក ប៉ន សារឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលរងខេត្ត ស៊ុន ដារ៉ា និងលោក វ៉ាង ចាវ អ្នកនាំពាក្យក្រុមហ៊ុន UDG។
អ្នកស្រី ព្រាប រដ្ឋា តំណាងម្នាក់របស់គ្រួសារទាំងនោះ បាននិយាយថា ដីស្រែចម្ការរបស់គាត់មួយផ្នែកបានបាក់ចូលក្នុងប្រឡាយដែលធ្វើដោយក្រុមហ៊ុន UDG នៅឆ្នាំ២០១៤ ហើយគាត់មិនដែលទទួលបានសំណងឡើយ។ គាត់បាននិយាយថា ១៩គ្រួសារផ្សេងទៀតក៏រងផលប៉ះពាល់ដែរ។
អ្នកស្រី រដ្ឋា បាននិយាយថា “យើងមិនអាចទទួលបានទេ ពីព្រោះការជីកប្រឡាយនេះបានប៉ះពាល់ភូមិរបស់យើង។ ខ្ញុំជាខ្មែរមានសញ្ជាតិខ្មែរ ដូច្នេះហេតុអ្វី ខ្ញុំមិនអាចរស់នៅលើដីខ្មែរបាន?”។
គ្រួសារទាំងនេះដែលនៅកាន់កាប់ដីមួយចំនួននៅឡើយក្នុងតំបន់អភិវឌ្ឍន៍នោះ ចង់ឲ្យក្រុមហ៊ុន UDG កាត់តំបន់ទាំងនោះចេញពីទីតាំងគម្រោងរបស់ខ្លួន ហើយឲ្យពួកគេរស់នៅទីនោះ។ លោក សារឿន នៅក្រសួងបរិស្ថាន បាននិយាយថា លោកគាំទ្រគំនិតនេះ ហើយនឹងលើកបញ្ហានេះឡើងជាមួយមេរបស់លោក។
លោកបានប្រាប់អ្នកភូមិថា “ខ្ញុំគាំទ្រគំនិតនេះ ប៉ុន្តែខ្ញុំមិនអាចដោះស្រាយបញ្ហានេះផ្ទាល់បានទេ ពីព្រោះវាហួសពីសិទ្ធិរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនឹងនាំយកបញ្ហានេះទៅថ្នាក់ដឹកនាំក្រសួង ដើម្បីអាចបញ្ជូនទៅមេដឹកនាំរដ្ឋាភិបាល។ មានតែ សម្តេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] ទេ ទើបមានសិទ្ធិសម្រេច”។
លោក សារឿន ក៏បានស្នើឲ្យក្រុមហ៊ុន UDG ពិចារណាដកពាក្យបណ្តឹង ដែលខ្លួនបានប្តឹងទៅតុលាការខេត្តកាលពីខែកុម្ភៈ ដែលបណ្តាលឲ្យតុលាការបញ្ជាប្រជាជន៤៧គ្រួសារចាកចេញពីផ្ទះសំបែងរបស់ខ្លួន និងបាននិយាយថា អ្នកដែលឈូសឆាយដីនិងបំផ្លាញផ្ទះឲ្យគម្រោង UDG គួរត្រូវយកមកកាត់ទោស។
លោកនិយាយទៀតថា “នេះជាបញ្ហាធ្ងន់ធ្ងរ ហើយខាងខ្ញុំមិនអាចទទួលយកបានទេ។ ទង្វើនេះមិនស្របតាមច្បាប់ឡើយ អ្នកដែលធ្វើរឿងនេះគឺជាឧក្រិដ្ឋជន”។
ទោះជាយ៉ាងនេះក្តី អនុរដ្ឋលេខាធិការរូបនេះមិនបាននិយាយជាក់លាក់ថា រដ្ឋាភិបាលនឹងធ្វើការចោទប្រកាន់ណាមួយនោះទេ។
លោក ចាវ អ្នកនាំពាក្យក្រុមហ៊ុន UDG បាននិយាយថា លោកក៏ដូច្នោះដែរ នឹងយកបណ្តឹងទាមទារនិងសំណើរបស់អ្នកភូមិទៅមេរបស់លោក។ លោកបាននិយាយតាមរយៈអ្នកបកប្រែថា “យើងមិនអាចដោះស្រាយបញ្ហាបានទេថ្ងៃនេះ។ យើងត្រូវដឹង ថាតើបញ្ហាកើតឡើងពីកន្លែងណាមក”៕ និត