កាលពីម្សិលមិញ សកម្មជនសិទ្ធិស្ត្រីប្រហែល១០០នាក់ត្រូវបានរារាំងមិនឲ្យជិះរ៉ឺម៉កម៉ូតូកង់បីឆ្ពោះទៅរដ្ឋសភា និងទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ តែទោះជាយ៉ាងណា ក្រុមនេះបានដាក់ញត្តិដោយជោគជ័យនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានតំណាងស្ត្រីនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលត្រូវបានធ្វើកំណែទម្រង់។
នៅពេលព្រឹក សកម្មជនទាំងនេះបានប្រមូលផ្តុំគ្នានៅចំណុចរង្វល់មូលមួយក្បែររដ្ឋសភាអមដោយឧបករណ៍តន្ត្រី ដោយមានគម្រោងសម្តែងរបាំត្រុដិអំឡុងការតវ៉ារបស់ពួកគេ ប៉ុន្តែត្រូវបាននគរបាលរារាំង។
លោកស្រី ធីតា ឃឹស នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីលើកស្ទួយស្ត្រីក្នុងឆាកនយោយ ដែលបានរៀបចំការហែក្បួននេះឡើង មានប្រសាសន៍ថា “គោលបំណងសំខាន់នៃការប្រមូលផ្តុំគ្នានៅថ្ងៃេនះ គឺដើម្បីសម្តែងរបាំត្រុដិសុំសេចក្តីសុខចម្រើន និងកម្ចាត់ឧបទ្រពចង្រៃក្នុងចំណោមតំណាងរាស្ត្ររបស់យើង ហើយជាពិសេសដើម្បីដាក់ញត្តិស្នើសុំឲ្យបោះឆ្នោតជ្រើសរើសស្ត្រីធ្វើជាសមាជិកថ្មីៗរបស់គ.ជ.ប.”។
តាមការរំពឹងទុកថា សមាសភាពសមាជិកទាំងប្រាំបួនរូបរបស់ គ.ជ.ប.ថ្មី នឹងត្រូវសម្រេចអំឡុងសម័យប្រជុំសភានៅថ្ងៃច័ន្ទ។
នៅពេលសាកសួរថា តើមូលហេតុអ្វីបានជាមិនអនុញ្ញាតឲ្យអ្នកហែក្បួនទាំងនេះប្រគល់ញត្តិរបស់ខ្លួននោះ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមាន
ប្រសាសន៍ឆ្លើយតបថា សកម្មជនទាំងនេះបានប្រើប្រាស់មធ្យោបាយដាក់ញត្តិដែលអាចទទួលយកបាន។ លោកបានបន្តថា “ពួកគាត់បានធ្វើខុសពីប្រក្រតីហើយដែលយកឧបករណ៍តន្ត្រីមកជាមួយបែបនេះ”៕ សុខុម