មន្ត្រីសុខាភិបាលមូលដ្ឋានម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកភូមិពីរនាក់ទៀតបានធ្វើតេស្តរកឃើេញថា មានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបងនៅខែនេះ ធ្វើឲ្យចំនួនអ្នកភូមិដែលផ្ទុកមេរោគនេះសរុបកើនដល់ជាង២៧០នាក់ហើយចាប់តាំងពីការផ្ទុះឡើងនូវមេរោគនេះដំបូងកាលពីខែធ្នូមក។
លោក ប៊ី បេងសោ ប្រធានមណ្ឌលសុខភាពឃុំរកាបានមានប្រសាសន៍ថា បុរសអាយុុ៥៣ឆ្នាំម្នាក់និងក្មេងប្រុសអាយុ៦ឆ្នាំម្នាក់គឺជាអ្នកភូមិថ្មីបំផុតនៅឃុំនេះស្ថិតក្នុងស្រុកសង្កែបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគអេដស៍។
លោកបានមានប្រសាសន៍ថា “បុរសអាយុ៥៣ឆ្នាំបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីថ្ងៃទី៩ ខែមេសា ហើយក្មេងប្រុសអាយុ៦ឆ្នាំត្រូវបានធ្វើតេស្តកាលពីម្សិលមិញ [ថ្ងៃអង្គារ] ហើយវាក៏រកឃើញមានផ្ទុកមេរោគអេដស៍ផងដែរ”។
លោកបានបន្ថែមថា ឥឡូវនេះអ្នកភូមិ២៧២នាក់បានផ្ទុកមេរោគនេះចាប់តាំងពីខែធ្នូមក រួមមាន៦១នាក់អាយុក្រោម១៨ឆ្នាំ។
ក្រុមមន្ត្រីបានបន្ទោសការរីករាលដាលនេះទៅលើលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលបានសារភាពថា បានប្រើសឺរ៉ាំងដដែលៗ ហើយកំពុងប្រឈមការចោទប្រកាន់ពីបទមនុស្សឃាត។
លោក បេងសោ បានមានប្រសាសន៍ថា “អ្នកទាំងពីរបានទៅឲ្យលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណនេះព្យាបាល ដូច្នេះយើងសង្ស័យថា ពួកគេបានឆ្លងតាមរយៈការព្យាបាលនេះ”។
លោក លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកភូមិជិត១៩២នាក់បានទទួលថ្នាំប្រឆាំងមេរោគអេដស៍ រួមមានកុមារ៣១នាក់។
អ្នកភូមិក្នុងឃុំរកា៨នាក់បានស្លាប់ចាប់តាំងពីការផ្ទុះឡើងនូវមេរោគនេះមក៕ សារុន