មិនដល់ពីរសប្ដាហ៍ផងបន្ទាប់ពីត្រូវបានបង្កើតឡើងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលត្រូវបានធ្វើកំណែទម្រង់ នឹងកោះប្រជុំផ្លូវការនៅថ្ងៃនេះជាលើកដំបូង ដើម្បីជួបជាមួយគណៈប្រតិភូមកពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប ជាអ្នកឧបត្ថម្ភពីរក្នុងចំណោមអ្នកឧបត្ថម្ភធំបំផុតកន្លងមកដល់កំណែទម្រង់បោះឆ្នោតក្នុងប្រទេសកម្ពុជា។
គ.ជ.ប.ថ្មីនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែមេសា រយៈពេលជិត៩ខែបន្ទាប់ពីកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ដែលបានបញ្ចប់ការធ្វើពហិការក្រោយការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ហើយត្រូវបានចាត់ថា ជាដំណោះស្រាយចំពោះវិវាទដែលបានកើតឡើងបន្ទាប់ពីការបោះឆ្នោតនីមួយៗក្នុងចំណោមការបោះឆ្នោតប្រាំលើកកាលពីឆ្នាំ១៩៩៣មក។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.ថ្មី បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះនឹងចាប់ផ្ដើមពិភាក្សាអំពីថា តើសហភាពអឺរ៉ុប និងជប៉ុនអាចជួយដល់ស្ថាប័ននេះដោយរបៀបណាក្នុងការធានាឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨មានភាពយុត្តិធម៌។
លោកបានមានប្រសាសន៍ថា ” វាជាជំនួបលើកដំបូងជាមួយគណៈប្រតិភូសហភាពអឺរ៉ុប និងជប៉ុននៅថ្ងៃស្អែក ដើម្បីពិភាក្សាថាតើវិស័យទាក់ទងការបោះឆ្នោតណាមួយជាអាទិភាពដែលត្រូវទទួលបានជំនួយពីពួកគេ ហើយខ្ញុំគិតថា នឹងមានការពិភាក្សាអំពីបញ្ជីឈ្មោះបោះឆ្នោតថ្មីផងដែរ។
លោក ស៊ិក ប៊ុនហុក ក៏បានមានប្រសាសន៍ផងដែរថា លោក ហង្ស ពុទ្ធា អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ដែលឥឡូវនេះជាសមាជិកអព្យាក្រឹតមួយរូបរបស់គ.ជ.ប.នោះ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.។
លោកបានមានប្រសាសន៍ពីលោក ហង្ស ពុទ្ធា ថា ” គាត់ជាមនុស្សស័ក្ដិសមសម្រាប់តួនាទីនេះ”។ សមាជិក គ.ជ.ប. ប្រាំបីរូបទៀត គឺជាការជ្រើសចេញពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះក៏ជាឱកាសសម្រាប់ គ.ជ.ប. ក្នុងការស្នើសុំជំនួយហិរញ្ញវត្ថុបន្ថែមដើម្បីកែតម្រូវបញ្ជីឈ្មោះបោះឆ្នោត ដែលមានបញ្ហាក្នុងពេលកន្លងមកពីបញ្ហាឈ្មោះពីរនិងការបាត់ឈ្មោះជាដើម។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គណៈប្រតិភូមកពីប្រទេសជប៉ុន និងសហភាពជប៉ុនមិនត្រឹមតែពិភាក្សាពីបញ្ហាចុះឈ្នោះបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែគ.ជ.ប.ក៏អាចបញ្ចុះបញ្ចូលសុំការរៃអង្គាសមូលនិធិផងដែរ”។
តំណាងមកពីស្ថានទូតជប៉ុន និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា កាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីគម្រោងពិភាក្សាមុនពេលជំនួបឡើយ។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ក៏បានមានប្រសាសន៍កាលពីម្សិលមិញផងដែរថា លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.ចាស់នឹងបន្តកាន់តួនាទីរបស់លោកក្រោម
គ.ជ.ប.ថ្មី។
តាមច្បាប់គ.ជ.ប. ដែលត្រូវបានអនុម័តនៅឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះហត្ថលេខាលើអនុក្រឹត្យតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ស្ថាប័ននេះ ហើយក៏ត្រូវអនុម័តបទបញ្ជាផ្ទៃដែលកំណត់ការងាររដ្ឋបាលផងដែរ។
លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា ដូច្នេះហើយយើងនៅប្រើអគ្គលេខាធិការដ្ឋានដែលមានស្រាប់របស់ គ.ជ.ប. ដដែល មានន័យថា លោក ទេព នីថា នៅកាន់តួនាទីរបស់លោកជាអគ្គលេខាធិការគ.ជ.ប. ដដែល។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា មានឱកាសដែលលោក ទេព នីថា មិនត្រូវបានជំនួស ហើយអាចបន្តកាន់តួនាទីរបស់លោករហូតដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “នេះជាការសម្រេចរបស់សមាជិក គ.ជ.ប.”៕ សារុន