អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលប្រមូលពន្ធដារបានសរុបចំនួន៣២៣,៤២លានដុល្លារ អំឡុងត្រីមាសទី១ដើមឆ្នាំនេះ ពោលគឺកើនឡើង៤៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងនៅក្នុងរបាយការណ៍នោះថា ” បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០១៥នេះ យើងបានមើលឃើញថា មានការកើនឡើងចំណូលពន្ធដែលបានពីប្រភេទពន្ធសំខាន់ៗមួយចំនួនរួមមាន ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់ខែ ពន្ធលើតម្លៃបន្ថែម និងពន្ធពិសេស”។
របាយការណ៍នេះមិនបានផ្ដល់តួលេខចំណូលពន្ធសម្រាប់ត្រីមាសទី១ដើមឆ្នាំ២០១៤ទេ ហើយមន្ត្រីក្រសួងហិរញ្ញវត្ថុមិនអាចទាក់ទងសុំការបំភ្លឺបានឡើយកាលពីម្សិលមិញ។
យោងតាមរបាយការណ៍នេះបង្ហាញថា ប្រាក់ចំណូលពន្ធនៅថ្នាក់ជាតិក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ ប្រមូលបានសរុបចំនួន២៨០,៨៥លានដុល្លារ ចំណែកឯ៤២,៥៧លានដុល្លារទៀតប្រមូលបានពីថ្នាក់ក្រោមជាតិ។
របាយការណ៍នេះបានបន្តថា “ប្រាក់ចំណូលពន្ធបានកើនឡើងនៅក្នុងសកម្មភាពពាណិជ្ជកម្មភាគច្រើន” ដោយប្រាក់ចំណូលពន្ធបានពីការផលិតយានយន្តកើនឡើង១៧៧ភាគរយ ពន្ធបានពីការផលិតថ្នាំជក់កើនឡើង១០៨,៩ភាគរយ ហើយចំណូលពន្ធបានពីការផលិតគ្រឿងចក្របានកើនឡើង៧២,៣ភាគរយ។
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវបានដកស្រង់ប្រសាសន៍នៅក្នុងរបាយការណ៍នោះថា ក្រសួងរបស់លោកនឹងបន្តធ្វើកំណែទម្រង់ឆ្ពោះទៅការប្រមូលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបានលើកឡើងនៅក្នុងរបាយការណ៍នោះថា “ដើម្បីប្រមូលចំណូលពន្ធតាមការកំណត់ដោយច្បាប់ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តឲ្យបានតឹងរ៉ឹងនូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាតាមរយៈការពង្រឹងការចុះបញ្ជីពន្ធដារជាមួយនឹងប្រព័ន្ធថ្មី និងតាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ក្រុមហ៊ុនសហគ្រាស ដែលអគ្គនាយកដ្ឋានពន្ធដារបានចុះបញ្ជីទៅក្នុងមូលដ្ឋានទិន្នន័យរបស់ខ្លួន”។
លោក សន ជ័យ តំណាងអង្គការបណ្ដាញគណនេយ្យភាពសង្គមអាស៊ីបូពា៌ ប្រចាំកម្ពុជាហៅកាត់ថា ANSA ជាស្ថាប័នថ្នាក់តំបន់ដែលគាំទ្រតម្លាភាពនៅក្នុងរដ្ឋាភិបាល បានមានប្រសាសន៍ថា ខណៈតួលេខប្រាក់ចំណូលកើនឡើងនេះបង្ហាញពីការរីកចម្រើនបញ្ហាប្រមូលពន្ធនៅតែកើតមានដដែល។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ចំនួននេះបង្ហាញថា ប្រព័ន្ធប្រមូលពន្ធត្រូវបានកែលម្អច្រើន ជាពិសេសការប្រមូលពន្ធពីអ្នកបង់ពន្ធធម្មតា។ ទោះជាយ៉ាងណា ខ្ញុំនៅតែមានមន្ទិលចំពោះសមត្ថភាពរបស់មន្ត្រីពន្ធដារក្នុងការប្រមូលពន្ធពីម្ចាស់ក្រុមហ៊ុនសហគ្រាសធំៗ និងអ្នកមានអំណាច។ ជាឧទាហរណ៍ ខ្ញុំបានឮមន្ត្រីពន្ធដារត្អូញត្អែរថា ពួកគាត់មានការពិបាកណាស់ក្នុងការប្រមូលពន្ធអចលនទ្រព្យរបស់អ្នកមានអំណាច ពីព្រោះពួកគាត់មិនចង់បង្ហាញព័ត៌មានស្ដីពីហិរញ្ញវត្ថុរបស់ខ្លួននោះទេ”៕ សុខុម