នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនកម្មករសំណង់ម្នាក់កាលពីថ្ងៃសៅរ៍ ហើយកំពុងស្វែងរកជនសង្ស័យទី២ពីបទវាយបុរសម្នាក់រហូតដល់ស្លាប់នៅក្នុងជម្លោះមួយដែលកើតឡើងបន្ទាប់ពីជនរងគ្រោះបានបើករថយន្តធ្វើហុយដីនៅខាងមុខការដ្ឋានសាងសង់។
លោក សុខ ភាដែន មន្ត្រីនគរបាលម្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ បានលើកឡើងថា ការប្រវាយប្រតប់គ្នាបានកើតឡើងកាលពីថ្ងៃសុក្រ ហើយបានចាប់ផ្ដើមនៅពេលជនរងគ្រោះឈ្មោះ ជ័យ ប៊ុនធឿន អាយុ៤០ឆ្នាំ បានបើករថយន្តក្បែរការដ្ឋានសាងសង់មួយកន្លែងគ្រប់គ្រងដោយឧត្ដមសេនីយ៍ទោ វង្ស ខាន់សារិទ្ធ បម្រើការនៅកងពលតូច ង៧០នៃកងយោធពលខេមរភូមិន្ទ។
លោក សុខ ភាដែន បានលើកឡើងថា កម្មករមិនពេញចិត្តចំពោះដីហុយដោយសាររថយន្តមួយគ្រឿងដែលបើកនៅលើផ្លូវមួយដែលគេកម្រធ្វើដំណើរ ប៉ុន្តែមិនបានបិទនោះទេ។
លោកបានមានប្រសាសន៍ថា “នៅពេលគាត់បើករថយន្តរបស់ខ្លួនឆ្លងកាត់ទីនោះ មានបុរសម្នាក់ស្រែកថា ‘បើកលឿនអីលឿនម៉េះហា៎ ប្រញាប់ទៅងាប់ហេះ?’”។ លោកបានលើកឡើងទៀតថា បន្ទាប់មកជនរងគ្រោះ ជ័យ ប៊ុនធឿន បានទូរស័ព្ទហៅប្អូនប្រុសរបស់ខ្លួនឈ្មោះ ជ័យ សុភ័ក្រ ជាមន្ត្រីនគរបាលនៅក្នុងសង្កាត់ព្រែកតាសេក ដែលជិះម៉ូតូមក។ ហើយនៅត្រង់ចំណុចនេះហើយដែលបងប្អូនទាំងពីរនាក់នេះបានចាប់ផ្ដើមប្រវាយប្រតប់ជាមួយកម្មករសំណង់ឈ្មោះ នួន សុខ និងទាហានកងពលតូច ង៧០ម្នាក់ទៀតឈ្មោះ ម៉ែន ម៉ន ដែលយាមនៅការដ្ឋានសាងសង់នេះ។
លោក សុខ ភាដែន បានមានប្រសាសន៍ថា “ភ្លាមៗនោះនគរបាលបានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនរងគ្រោះបានសន្លប់បាត់ទៅហើយ”។
លោកបានលើកឡើងបន្ថែមទៀតថា ជនរងគ្រោះ ជ័យ ប៊ុនធឿន បានស្លាប់ដោយសាររបួសនៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ហើយថា ប្អូនប្រុសរបស់ជនរងគ្រោះរូបនេះកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ ប៉ុន្តែបានធូរស្រាលជាបណ្ដើរៗហើយ។
លោក ឃួន ឈាង នាយប៉ុស្តិ៍សង្កាត់ព្រែកតាសេក បានលើកឡើងថា ដំបូងឡើយអាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួនបួននាក់នៅល្ងាចថ្ងៃកើតហេតុនោះ រួមទាំងទាហានកងពលតូច ង៧០ ម្នាក់ផង ប៉ុន្តែបានដោះលែងពួកគេវិញភ្លាមៗ។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនជនសង្ស័យចំនួនបួននាក់មកសាកសួរ។ ប៉ុន្តែយើងបានសម្រេចដោះលែងពួកគេវិញដោយសារពួកគេមិនជាប់ពាក់ព័ន្ធនៅក្នុងការប្រវាយប្រតប់នេះឡើយ”។
លោក ឃួន ឈាង បានលើកឡើងទៀតថា ជនសង្ស័យទាំងបួននាក់នេះបានឃើញការប្រវាយប្រតប់គ្នា ហើយបានកំណត់អត្តសញ្ញាណថា នួន សុខ និង ម៉ែន ម៉ន គឺជាជនដៃដល់។ នួន សុខ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយ មែ៉ន ម៉ន កំពុងរត់គេចខ្លួននៅឡើយ។
មន្ត្រីនគរបាលខណ្ឌម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកដោយសារខ្លាចឧត្ដមសេនីយ៍ទោ ខាន់សារិទ្ធ បានលើកឡើងថា ម៉ែន ម៉ន ក៏ជាអង្គរក្សផ្ទាល់របស់ម្ចាស់ដីរូបនេះផងដែរ។ មន្ត្រីនគរបាលខណ្ឌរូបនេះបានលើកឡើងទៀតថា នួន សុខ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន។
មន្ត្រីនគរបាលរូបនេះបានមានប្រសាសន៍ថា “នួន សុខ បានសារភាពថា ពិតជាបានវាយជនរងគ្រោះមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបើករថយន្តលឿនពេកនៅខាងមុខការដ្ឋានសាងសង់”។
គេមិនអាចទាក់ទងឧត្ដមសេនីយ៍ទោ ខាន់សារិទ្ធ បានទេកាលពីម្សិលមិញ៕ ស៊ុយឈាង