នគរបាលបាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតករណីមនុស្សឃាតបន្ទាប់ពីអ្នកភូមិខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រទះឃើញសាកសពបុរសម្នាក់ដែលគេច្រកក្នុងបាវ ហើយយកទៅបោះចោលក្នុងគំនរសំរាមតាមផ្លូវលេខ៣៧១ កាលពីថ្ងៃសៅរ៍។
លោក សុខ សុផល នាយប៉ុស្តិ៍សង្កាត់ទឹកថ្លា កន្លែងដែលសាកសពត្រូវបានប្រទះឃើញបានបង្ហាញអត្តសញ្ញាណជនរងគ្រោះរូបនេះថា ឈ្មោះ ស្រ៊ុន សុភ័ក្រ្ត អាយុ៣៥ឆ្នាំ ដែលរស់នៅជាមួយម្ដាយមីងរបស់ខ្លួនក្នុងខណ្ឌមានជ័យ ហើយបានបម្រើការងារជាបុគ្គលិកការិយាល័យនៅរោងចក្រកាត់ដេរមួយក្នុងរាជធានី។
លោក សុផល បានមានប្រសាសន៍ថា “យើងបានប្រទះឃើញសាកសពជនរងគ្រោះរូបនេះត្រូវគេច្រកចូលក្នុងបាវពណ៌បៃតងមួយត្រឹមក”។ លោកបានបន្ថែមថា សាកសព ស្រ៊ុន សុភ័ក្រ្ត ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល៦ព្រឹក ដោយស្លៀកខោខ្លី និងពាក់អាវដៃខ្លីពណ៌ខ្មៅ។
លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ យើងមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាមួយនៅឡើយទេ ហើយយើងកំពុងស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោស”។
លោក សុផល បានមានប្រសាសន៍ថា ស្រ៊ុន សុភ័ក្រ្ត ទទួលបន្ទុករៀបចំលិខិតស្នាម និងចែកចាយឯកសារទៅការិយាល័យពាក់ព័ន្ធ និងក្រសួងរបស់រដ្ឋាភិបាលសម្រាប់រោងចក្រនេះ ដែលលោកបានបដិសេធមិនផ្ដល់អត្តសញ្ញាណ។
លោក ណង សុវណ្ណរ័ត្ន វេជ្ជបណ្ឌិតដែលធ្វើកោសល្យវិច័យសព ស្រ៊ុន សុភ័ក្រ្ត បានមានប្រសាសន៍ថា មូលហេតុនៃការស្លាប់គឺដោយសារការរឹតក។
ដោយកត់សម្គាល់ថា លោកបានឃើញស្នាមជាំប្រវែង៤សង់ទីម៉ែត្រនៅជុំវិញករបស់ជនរងគ្រោះនោះ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីការធ្វើកោសល្យវិច័យរួច យើងរកឃើញថា ជនរងគ្រោះស្លាប់ដោយសារត្រូវគេរឹតក”។
លោកបានបន្ថែមថា “ជនរងគ្រោះរូបនេះអាចស្លាប់១២ម៉ោងមកហើយ មុនពេលសពត្រូវបានរកឃើញ”។
ដោយបង្វែរសំណួរបន្ថែមទៅនគរបាល លោកវេជ្ជបណ្ឌិត សុវណ្ណរ័ត្ន បានមានប្រសាសន៍ថា មានស្នាមទឹកថ្នាំផ្តិតមេដៃនៅជាប់មេដៃស្ដាំរបស់ ស្រ៊ុន សុភ័ក្រ្ត។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអះអាងថា លោកកំពុងធ្វើការលើករណីនេះមុនពេលដាក់ទូរស័ព្ទចុះ។
លោក ហ៊ុត វណ្ណា នាយប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ កន្លែងដែល ស្រ៊ុន សុភ័ក្រ្ត រស់នៅបានមានប្រសាសន៍ថា ជនរងគ្រោះរូបនេះមិនត្រឹមតែធ្វើការឲ្យរោងចក្រកាត់ដេរមួយប៉ុណ្ណោះទេ ថែមទាំងធ្វើការឲ្យរោងចក្រជាច្រើនទៀតផងដែរ។
លោកបានមានប្រសាសន៍ថា “បុរសរូបនេះធ្វើការឲ្យក្រុមហ៊ុនរៀបចំឯកសារសម្រាប់រោងចក្រនានាដើម្បីនាំចេញ”។ លោកបានបន្ថែមថា លោកមិនស្គាល់ឈ្មោះក្រុមហ៊ុននោះទេ៕ សារុន