កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងថា លោកទទួលបានការសន្យាផ្ដល់មូលនិធិយ៉ាងតិច១,៥លានដុល្លារ សម្រាប់គម្រោងបើកស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំង ប៉ុន្តែត្រូវបានបង្ខំឲ្យបោះបង់ចោលគម្រោងលក់ភាគហ៊ុនដើម្បីរៃអង្គាសមូលនិធិ។
ក្រុមហ៊ុនឯកជនមួយដែលត្រូវបានបង្កើតឡើងដោយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុនទទួលបានអាជ្ញាប័ណ្ណដើម្បីបង្កើតស្ថានីយទូរទស្សន៍គ្រប់គ្រងដោយគណបក្សប្រឆាំងលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយកាលពីថ្ងៃពុធ លោក សម រង្ស៊ី បានត្រឡប់ពីដំណើរទៅក្រៅប្រទេសដើម្បីលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលមានតម្លៃ១.០០០ដុល្លារក្នុងមួយហ៊ុនទៅឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលសុទ្ធតែជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រទេសកាណាដា និងសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “សម្រាប់ប្រតិបត្តិការរយៈពេល៦ខែដំបូង យើងនឹងមានប្រាក់ចំនួន១,៥លានដុល្លារ។ នៅពេលខ្ញុំនៅក្នុងសហរដ្ឋអាមេរិក ខ្ញុំមានជំនឿចិត្តថា មនុស្សជាច្រើននឹងនិយាយថា ពួកគាត់ចង់វិនិយោគ និងជួយគណបក្ស ហើយខ្ញុំគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ប៉ុន្តែឥឡូវនេះយើងត្រូវតែធ្វើអ្វីដែលស្របច្បាប់ ហេតុដូច្នេះទើបមិនមានបញ្ហា”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកឡើងថា គេបានប្រាប់ក្រុមហ៊ុនរបស់គណបក្សសង្គ្រោះជាតិថា ក្រុមហ៊ុនមិនអាចលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដោយមិនបានធ្វើតាមដំណើរការផ្លូវច្បាប់ត្រឹមត្រូវនោះឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិបានទទួលសេចក្ដីជូនដំណឹងពីគណៈកម្មការផ្សារមូលបត្រកម្ពុជាមកថា ក្រុមហ៊ុនណាមួយដែលចង់រៃអង្គាសប្រាក់ពីសាធារណជនត្រូវតែបំពេញនូវសំណុំបែបបទ និងធ្វើតាមនីតិវិធីរបស់ពួកគេ ដែលយើងមិនបានធ្វើតាមនោះ”។
លោកបានមានប្រសាសន៍បន្ថែមថា “ហេតុដូច្នេះ យើងនឹងឈប់ឲ្យក្រុមហ៊ុនឯកជនរបស់យើងរៃអង្គាសប្រាក់ទៀតហើយ។ ឥឡូវនេះគណបក្សនឹងស្នើពលរដ្ឋឲ្យផ្ដល់ជំនួយមកគណបក្សវិញ ដើម្បីបញ្ជូនប្រាក់មកគណបក្ស ហើយបន្ទាប់មកគណបក្សនឹងវិនិយោគប្រាក់ទាំងនេះនៅក្នុងក្រុមហ៊ុនឯកជនរបស់ខ្លួន។ គណបក្សមានសិទ្ធិទទួលប្រាក់ជំនួយ ហើយវាអាស្រ័យលើគណបក្សនៅក្នុងការវិនិយោគប្រាក់ទាំងនេះតាមចិត្តចង់”។
លោក សម រង្ស៊ី បានលើកឡើងទៀតថា នៅពេលអនាគត ពេលដែលស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិចាប់ផ្ដើមទទួលបានប្រាក់ចំណេញ ខ្លួននឹងទាក់ទងផ្សារមូលបត្រកម្ពុជា ដើម្បីចុះបញ្ជីលក់ភាគហ៊ុនឲ្យបានត្រឹមត្រូវសម្រាប់អ្នកដែលមានបំណងទិញភាគហ៊ុននៅក្នុងស្ថានីយទូរទស្សន៍នេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ទៀតថា “ប្រសិនបើវាជាការវិនិយោគ ហើយពួកគេចង់ទទួលបានផលចំណេញមកវិញ យើងនឹងបន្តពិភាក្សាជាមួយអ្នកទាំងនោះដែលផ្ដល់ជំនួយសម្រាប់ការវិនិយោគ ហើយពួកគេនឹងទទួលបានភាគហ៊ុនមួយចំនួននៅពេលសមស្របណាមួយ”។
លោក សម រង្ស៊ី បានឲ្យដឹងបន្ថែមថា គណបក្សសង្គ្រោះជាតិមានសិទ្ធិរៃអង្គាស និងវិនិយោគប្រាក់តាមចិត្តចង់ក្រោមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយថា វិធីសាស្ត្ររៃអង្គាសប្រាក់នេះមិនរំលោភបំពានលើច្បាប់ណាមួយឡើយ។
លោក ឡាមុន សូឡេអុីល (Lamun Soleil) អនុប្រធានផ្សារមូលបត្រកម្ពុជាបានលើកឡើងថា លោកមិនបានដឹងថា ស្ថាប័នរបស់លោកបានទាក់ទងជាមួយគណបក្សសង្គ្រោះជាតិឡើយ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញភាពស្របច្បាប់នៃគម្រោងរៃអង្គាសមូលនិធិថ្មីរបស់លោក សម រង្ស៊ី។
លោកបានមានប្រសាសន៍ថា “បញ្ហានេះមិនជាប់ពាក់ព័ន្ធជាមួយផ្សារមូលបត្ររបស់ខ្ញុំឡើយ ប៉ុន្តែវាជាយុត្តាធិការរបស់ស្ថាប័នរដ្ឋក្នុងការអនុវត្តច្បាប់ណាមួយ”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)