កាលពីថ្ងៃច័ន្ទ សាលាក្តីខ្មែរក្រហមបានស្តាប់ការរៀបរាប់ពីសាក្សីម្នាក់ ដែលបានពន្យល់អំពីការដែលមេបញ្ជាការកងពលចំនួនពីរនាក់ត្រូវគេធ្វើវិសុទ្ធិកម្ម ព្រោះតែការស្តុកអាវុធក្នុងក្រុងភ្នំពេញដើម្បីត្រៀមផែនការផ្តួលរំលំថ្នាក់ដឹកនាំរបបនេះ។
លោក កែវ លឿ ដែលជាប្រធានអង្គភាពជនពិការ ក៤ មុនពេលត្រូវផ្ទេរទៅវាលយន្តហោះខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ១៩៧៨ បាននិយាយអំពីការចូលរួមប្រជុំមួយនៅជិតវត្តភ្នំនៅដើមឆ្នាំ១៩៧៧ ដែលក្នុងពេលនោះ តា អូន ជាមេបញ្ជាការកងពល៣១០របស់កងទ័ពបដិវត្តន៍កម្ពុជា បានអំពាវនាវឲ្យមានរដ្ឋប្រហារមួយដើម្បីផ្តួលរំលំរបប ប៉ុល ពត ដោយសារស្ថានភាពរស់នៅក្រីក្ររបស់ទាហាន។
លោក លឿ បាននិយាយថា “ខ្ញុំបានដឹងថា កងពល៣១០ ដែលមាន អូន និង កឹម [ជា] មេបញ្ជាការ ជិតនឹងផ្តួលរំលំកម្លាំងខ្មែរក្រហមទៅហើយ”។
លោកបាននិយាយថា “គាត់ [តា អូន] …បានបញ្ជាក់ហេតុការណ៍ថា ទាហានគួរទទួលបានប្រាក់ខែ និងគួររស់នៅបានស្រួល ហើយថាយើងគួរទទួលបានការអនុញ្ញាតឲ្យទៅសួរសុខទុក្ខឪពុកម្តាយរបស់យើង”។
លោក លឿ បាននិយាយថា លោកមិនបានដឹង ថាតើគេកំណត់ពេលវេលាធ្វើរដ្ឋប្រហារហើយឬយ៉ាងណាទេ ប៉ុន្តែថា ពីរថ្ងៃក្រោយមក ថ្នាក់លើរបបនេះបានដឹងគម្រោងនេះ និងបានចាប់ខ្លួនមេបញ្ជាការទាំងពីរនាក់។
លោកបានបន្តទៀតថា មិនយូរប៉ុន្មានក្រោយពីការចាប់ខ្លួននោះ គេបានហៅលោកមកប្រជុំ ដែលនៅទីនោះខ្សែអាត់សំឡេងនៃការសារភាពរបស់ តា អូន ពីពន្ធនាគារទួលស្លែងក្នុងក្រុងភ្នំពេញ ជាកន្លែងដែលមានមនុស្សជាង១២.០០០នាក់ត្រូវបានគេសម្លាប់ចោលនោះ ត្រូវគេចាក់ផ្សាយតាមមេក្រូ។
លោកបាននិយាយថា “នៅពេល អូន និង កឹម ត្រូវបានចាប់ខ្លួនពីកងពល ពួកគេបានហៅទាហាននិងទាហានពិការដូចជាខ្ញុំទៅរៀនសូត្រ ដែលនៅទីនោះគេបានចាក់ខ្សែអាត់ឲ្យស្តាប់…។ អ្វីដែលខ្ញុំបានឮពីខ្សែអាត់នោះ គឺគាត់ខ្លួនឯង[តា អូន] បានសារភាពថា គាត់ជាជនក្បត់”។
លោក លឿ បាននិយាយថា ដោយសារការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនោះ រូបគាត់និងសមាជិកផ្សេងទៀតក្នុងអង្គភាព ក៤ រួមជាមួយនឹងទាហានកងពល៣១០ផង បន្ទាប់មកត្រូវបានគេបញ្ជូនទៅ “លត់ដំ” ក្នុងឆ្នាំ១៩៧៧ មុនពេលត្រូវចាត់តាំងឲ្យទៅការដ្ឋានវាលយន្តហោះកំពង់ឆ្នាំង។
អតីតប្រធានអង្គភាព ដែលបានប្រាប់សាលាក្តីថា គាត់បានចូលរួមបដិវត្ត ក្រោយពីឮការអំពាវនាវរបស់ស្តេច នរោត្តម សីហនុ ឲ្យងើបបះបោរប្រឆាំងរដ្ឋប្រហាររបស់ លន់ នល់ ក្នុងឆ្នាំ១៩៧០ បានរៀបរាប់ថាបានឃើញមនុស្សម្នាក់ត្រូវគេធ្វើទារុណកម្មនៅជិតមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ នៅពេលគេយកធ្វើជាការិយាល័យកងពល ក្រោយពីក្រុងភ្នំពេញបានដួលរលំភ្លាម។
លោកបាននិយាយថា “ខ្ញុំបានឃើញមនុស្សត្រូវគេចងនិងព្យួរកនៅនឹងមែកឈើ…។ ខ្ញុំបានឃើញផ្ទាល់ភ្នែក៣០ករណីនៃមនុស្សត្រូវគេធ្វើទារុណកម្ម។ អ្វីដែលខ្ញុំបានឮ ពួកគេបានរងការចោទប្រកាន់ថាជាខ្សែបណ្តាញខ្មាំង”។
លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវីការពារលោក នួន ជា ដែលរួមជាមួយលោក ខៀវ សំផន កំពុងត្រូវតុលាការជំនុំជម្រះក្តីពីបទឧក្រិដ្ឋកម្ម ក្នុងនោះមានទាំងបទចោទប្រល័យពូជសាសន៍ក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២ បានសួរសាក្សីយ៉ាងយូរអំពីតួនាទីរបស់គាត់ក្នុងជួរខ្មែរក្រហម ដោយសន្និដ្ឋានថា គាត់ជាកម្មាភិបាលស្មោះស្ម័គ្រម្នាក់។
លោក កូប៉េ បានសួរថា “អ្នកជាកម្មាភិបាលស្មោះត្រង់នឹងបដិវត្តន៍ពីឆ្នាំ១៩៧០រហូតមកដល់ឆ្នាំ១៩៧៩ អ្នកមិនដែលដូរចិត្ត តើត្រូវទេ”? សាក្សីបានបដិសេធការចោទសួរនេះ ដោយលោកនិយាយជាថ្មីថា នៅឆ្នាំ១៩៧៧ លោកបាន “ដូរចិត្ត” បើទោះបីជានៅមានឋានៈជាទាហានក៏ដោយ៕ និត