យោងតាមនគរបាលបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកាត់ក្បាល និងកាត់ដៃជាកង់ៗនៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្តរតនគិរីកាលពីយប់ថ្ងៃសៅរ៍ ដោយប្តីដែលប្រច័ណ្ឌរបស់ខ្លួន។ ប្តីដែលប្រច័ណ្ឌរូបនោះបានរត់គេចខ្លួន បន្ទាប់ពីធ្វើឃាតរួច ហើយបានហៅទូរស័ព្ទមកកងរាជអាវុធហត្ថនៅថ្ងៃបន្ទាប់ដើម្បីសារភាពថា ខ្លួនជាឃាតករ។
យោងតាមលោក រ៉េន មួត នាយនគរបាលប៉ុស្តិ៍ឃុំកើន បានឲ្យដឹងថា អ្នកស្រី សុខ គន្ធា អាយុ៤៣ឆ្នាំត្រូវបានសម្លាប់ដោយកាំបិតនៅម៉ោងប្រហែល១១យប់ ហើយត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យដោយក្មួយប្រុសរបស់អ្នកស្រីដែលធ្វើការនៅក្នុងចម្ការរបស់ប្តីប្រពន្ធទាំងពីរនាក់នេះក្នុងឃុំកើន ស្រុកកូនមុំ ។
លោកបានមានប្រសាសន៍ថា “កម្មកររូបនេះបានឡើងជណ្តើរ ហើយបានឃើញសពរបស់អ្នកស្រី គន្ធា ដេកស្លាប់នៅទីនោះ ខណៈប្តីរបស់អ្នកស្រី និងម៉ូតូបានបាត់ពីផ្ទះ”។
យប់មុនថ្ងៃកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ ដួង សុផល អាយុ៤៦ឆ្នាំបានឲ្យក្មួយប្រុសរបស់ខ្លួនទៅទិញស្រាមួយលីត្រមកឲ្យខ្លួននិងប្រពន្ធផឹករហូតដល់ម៉ោង៩យប់់ដោយគ្មានការឈ្លោះប្រកែកគ្នាឡើយ។
លោក សុផល ត្រូវបានគេជឿជាក់ថា បានរត់គេចខ្លួនបន្ទាប់ពីការធ្វើឃាត ប៉ុន្តែ នៅថ្ងៃអាទិត្យនាវេលាម៉ោងប្រហែល១០ព្រឹក ជននេះបានហៅទូរស័ព្ទមកកងរាជអាវុធហត្ថស្រុកដើម្បីសារភាពថា ខ្លួនជាអ្នកសម្លាប់ប្រពន្ធ។
លោក រ៉េន មួត បានមានប្រសាសន៍ថា “ជននេះបានសារភាពថា សម្លាប់ប្រពន្ធរបស់ខ្លួន ហើយនិយាយថា ខ្លួនបានឃើញប្រពន្ធនៅជាមួយប្រុសផ្សេងចំនួនពីរលើកក្នុងរាជធានីភ្នំពេញ”។ លោកបានបន្ថែមថា ជនសង្ស័យកំពុងរត់គេចខ្លួននៅឡើយបន្ទាប់ពីហៅទូរស័ព្ទមកសារភាពរួច។
ចាប់តាំងពីខែមករាមក មានករណីអំពើហិង្សាដែលផ្ទុះឡើយដោយសារគ្រឿងស្រវឹងស្រដៀងគ្នានេះចំនួនប្រាំលើកមកហើយនៅក្នុងចំណោមសមាជិកគ្រួសារ ឬអ្នកជិតខាងក្នុងខេត្តរតនគិរីនេះដោយបន្សល់ទុកឲ្យមានមនុស្សស្លាប់ ឬពិការក្នុងនោះមានបីលើកបានកើតឡើងក្នុងស្រុកកូនមុំ នេះបើយោងតាមលោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះ។
លោក ឆាយ ធី បានមានប្រសាសន៍ថា “អំពើហិង្សានៅក្នុងឆ្នាំនេះមានការកើនឡើង បើធៀបនឹងឆ្នាំមុន។ ក្នុងពេលថ្មីៗនេះ យើងព្រួយបារម្ភយ៉ាងខ្លាំងអំពីការទទួលទានគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន ព្រោះអ្វីទាំងអស់េនះអាចធ្វើឲ្យកើតអំពើហិង្សា”៕ស៊ុយឈាង