សហជីពកម្មករចំនួនប្រាំបួនដែលតំណាងឲ្យកម្មករកាត់ដេរជាច្រើនក្នុងចំណោមកម្មករកាត់ដេរចំនួន៧០០.០០០នាក់នៅទូទាំងប្រទេសកម្ពុជា បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទដើម្បីទាមទារប្រាក់ខែគោល១៧៧ដុល្លារសម្រាប់វិស័យកាត់ដេរ អំឡុងពេលចរចាយ៉ាងឆាប់រហ័ស។
ក្រសួងការងារបានដំឡើងប្រាក់ខែគោលពី១០០ដុល្លារដល់១២៨ដុល្លារកាលពីខែធ្នូ ដោយធ្វើឲ្យសហជីពមួយចំនួនខកចិត្ត ប៉ុន្តែបានបន្ធូរកំហឹងរបស់ពួកគេ និងបានពន្យារពេលកូដកម្ម និងការតវ៉ាដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លារនេះកាលពីចុងឆ្នាំ២០១៣។
សហជីព និយោជក និងរដ្ឋាភិបាលគ្រោងនឹងចាប់ផ្ដើមដំណើរការរាប់ខែនៃការកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំក្រោយ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរបីសប្ដាហ៍ទៀត។ សហជីពចំនួនប្រាំបួនក្នុងចំណោមសហជីពឯករាជ្យនៅទូទាំងប្រទេស បានជួបប្រជុំគ្នានៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ដើម្បីកំណត់ការទាមទាររបស់ខ្លួន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ដែលជាសហជីពឯករាជដ៏ធំបំផុតនៅក្នុងប្រទេស បានមានប្រសាសន៍ថា “យើងបានសម្រេចពិភាក្សាប្រាក់ខែគោល១៧៧ដុល្លារជាមួយរដ្ឋាភិបាល និងនិយោជក”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលបានចូលរួមកិច្ចប្រជុំនេះដែរ បានមានប្រសាសន៍ថា “យើងជ្រើសរើសយកតួលេខនេះដោយសារតែមានការសិក្សាមួយដែលបានរកឃើញថា ចំនួនប៉ុន្មានដែលកម្មករត្រូវការដើម្បីរា៉ប់រងការចំណាយរបស់ខ្លួន”។
ពេលនេះគេនៅរង់ចាំមើលថា តើសហជីពផ្សេងទៀតយល់ស្របតាមដែរឬទេ។
លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជា ជាសហជីពដ៏ធំដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានលើកឡើងថា លោកនៅតែគាំទ្រផែនការមួយដែលក្រសួងការងារបានស្នើកាលពីពីរបីឆ្នាំមុន ក្នុងការដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារត្រឹមឆ្នាំ២០១៨។
លោកបានថ្លែងថា លោកមិនទទួលបានការអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរបស់សហជីពទាំងនេះទេកាលពីម្សិលមិញ ហើយលោក ជា មុនី ប្រធានសហជីពសេរីកម្មករ ក៏មិនទទួលបានការអញ្ជើញដូចគ្នាដែរ។
លោក ជា មុនី បានមានប្រសាសន៍ថា “គេគិតថា សហជីពរបស់ខ្ញុំពុករលួយពេក ហើយចុះសម្រុងនឹងរដ្ឋាភិបាល ដូច្នេះហើយពួកគេមិនបានអញ្ជើញយើងទេ”។ លោកបានលើកឡើងបន្ថែមថា សហជីពរបស់លោកប្រហែលជាត្រូវទាមទារការដំឡើងប្រាក់ខែគោលចន្លោះពី១៧០ដុល្លារទៅ១៨០ដុល្លារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានច្រានចោលការអះអាងរបស់លោក ប៉ាវ ស៊ីណា ដែលលើកឡើងថា មានការវិភាគសមហេតុផលនៅពីក្រោយការទាមទារប្រាក់ខែគោល១៧៧ដុល្លារនេះ។ លោកបានថ្លែងថា “ពួកគេនិយាយទាំងបិទភ្នែក។ ពួកគេគ្មានរូបមន្តទេ”។ លោកបានបញ្ជាក់ថា វាឆាប់រហ័សពេក ដូច្នេះលោកមិនទាន់អាចនិយាយបានថា តើរដ្ឋាភិបាលនឹងពិចារណាដំឡើងប្រាក់ខែគោលប៉ុន្មាននោះទេអំឡុងពេលចរចា៕ សុខុម