35 C
Phnom Penh

រដ្ឋាភិបាល​​​​​​នឹង​​​បញ្ឈប់​​​ការ​​​ហែ​​​ក្បួន​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​អំពី​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល​​​ ដោយ​​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​ប្តេជ្ញា​​​នៅ​​​តែ​​​ធ្វើ​​​ហែក្បួន​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់ ដែល​​​គំរាម​​​គ្រប់​​​គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​នៅ​​​​​​ទូទាំង​​​ប្រទេស ​​​ទោះ​​​បី​​​ជា សាលា​​​រាជ​​​ធានី​​​គំរាម​​​បញ្ឈប់​​​ពួក​​​គេ​​​ដោយ​​​ “ប្រើ​​​គ្រប់​​​មធ្យោបាយ​​​” ក៏​​​ដោយ​​​។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហោះ​ប៉ោង​ប៉ោង​នៅ​ខាង​ក្រៅ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ជាផ្នែក​នៃ​យុទ្ធនាការ​ដែល​ជំរុញ​ឲ្យ​សមាជិក​សភា​កុំ​ឲ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ រូបថតៈ ស៊ីវ ចាន់ណា​/The Cambodia Daily

​​​នៅ​​​ក្នុង​​​អ្វី​​​ដែល​​​នឹង​​ជា​​​ការ​​​តវ៉ា​​​ដ៏​​​ធំ​​​បំផុត​​​ប្រឆាំង​​​​​​នឹង​​​​​​ច្បាប់​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​ បុគ្គលិក​​​អង្គការ​​​​​​មិន​​​មែន​​​រដ្ឋាភិបាល និង​​​សមាជិក​​​សហជីព​​​ប្រមាណ​​​៦០០នាក់​​​កំពុង​​​រៀប​​​ផែន​​​ការ​​​​​​មក​​​ប្រមូល​​​ផ្តុំគ្នា​​​នៅ​​​រដ្ឋសភា​​​ដោយ​​​ចេញ​​​ពី​​​ទី​​​តាំង​​​ចំនួន​​​បួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ ពួក​​​គេ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ឲ្យ​​​លប់​​​ចោល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ដែល​​​ពួក​​​គេ​​​គិត​​​ថា មិន​​​ស្រប​​​តាម​​​រដ្ឋធម្មនុញ្ញ និង​​​​​​ខ្លាច​​​ក្រែង​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ប្រើ​​​​​​ប្រាស់​​​​​​ដើម្បី​​​បំបិត​​​សិទ្ធិ​​​ធ្វើការ​​​រិះ​​​គន់​​​របស់​​​ពួក​​​​​​គេ​​​​​​នោះ​​​។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជធានីភ្នំពេញ​​​​​​បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​តវ៉ា​​​នេះ​​​​​​វា​​​ហាក់​​​បី​​​ដូច​​​ជា​​​លឿន​​​ពេក​​​ហើយ​​ព្រោះ​​​ច្បាប់​​​នេះ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​​​​អនុម័ត​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលនៅមិន​​​ទាន់​​​​​​ក្លាយ​​​ជា​​​ច្បាប់​​​នៅ​​​ឡើយ​​​ទេ​​​ ព្រោះ​​​វា​​​កំពុង​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ពិភាក្សា​​​នៅ​​​ឡើយ​​​ ហើយ​​​​​​នឹង​​​មាន​​​​​​ការ​​​រៀប​​​ចំ​​​សិក្ខាសាលា​​​មួយ​​​​​​ដើម្បី​​​ប្រមូល​​​មតិ​​​យោបល​់​​​មក​​​បន្ថែម​​​នៅ​​​ក្នុង​​ច្បាប់​​​នេះ​​​​​​។ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​ណា​​​មួយ​​​​​​ប្រឆាំង​​​នឹង​​​ការ​​​បង្កើត​​​ច្បាប់​​​នេះ​​​ គឺ​​​​​​ជា​​​ការ​​​បង្ក​​​ភាព​​​ចលាចល​​​”។

លោក ឡុង ឌីម៉ង់ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អាជ្ញាធរ​​​នឹង​​​រារាំង​​​រាល់​​​ការ​​​ប៉ុន​​​ប៉ង​​​ណា​​​មួយ​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ការ​​​ហែ​​​ក្បួន​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពីសាលា​​​រាជធានី​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ធ្វើ​​​អ្វី​​​ខុស​​​ច្បាប់​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​នឹង​​​ប្រើ​​​គ្រប់​​​មធ្យោបាយដើម្បី​​​ធានា​​​ថា នឹង​​​មាន​​​ការ​​​គោរព​​​ច្បាប់​​​ ហើយ​​​ដើម្បី​​​ធានា​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ និង​​​សង្គម​​​។ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ដែល​​​បង្ក​​​ភាព​​​ចលាចល ឬ​​​ភាព​​​អនាធិបតេយ្យ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​បាន​​​ឡើយ​​​”។

ច្បាប់​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចែង​​​ថា ​​​អ្នក​​​ដែល​​​មាន​​​ផែនការ​​​រៀប​​​ចំ​​​ព្រឹត្តិការ​​​ណា​​​មួយ​​​ចាំបាច់​​​ត្រូវ​​​តែ​​​ជូន​​​ដំណឹង​​​ឲ្យ​​​​​​អាជ្ញាធរ​​​ដឹង​​​​​​​​​យ៉ាង​​​តិច​​​​​​ពីរ​​​បី​​​ថ្ងៃ​​​​​​មុន​​​។

លោក អំ សំអាត អ្នក​​​​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​បាន​​​សម្រេច​​​មិន​​​ជូន​​​ដំណឹង​​​​​​ដល់​​​សាលារាជ​​​ធានី​​​អំពី​​​ផែន​​​ការ​​​រស់​​​ខ្លួន​​​នៅ​​​​​​លើក​​​នេះ​​​​​​ ដោយ​​​សារ​​​ទម្លាប់​​​របស់​​​សាលា​​​រាជ​​​ធានី​​​ ដែល​​​តែ​​​ង​​​តែ​​​លប់​​​ចោល​​​ការ​​​តវ៉ា​​​របស់​​​ពួក​​​គេ​​​ដោយ​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​​​​សន្តិសុខ​​​សាធារណៈ​​​។

លោក អំ សំអាត​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​នឹង​​​មិន​​​លុប​​​ចោល​​​ផែន​​​ការ​​​របស់​​​ខ្លួន​​​ដោយ​​​សារ​​​ការ​​​គំរាម​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា នឹង​​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​​​​ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​នោះ​​​ឡើយ។ ​​​ការ​​​គំរាម​​​ដូច្នេះ​​​តែង​​​តែ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដោយ​​​អាជ្ញាធរ​​​មុន​​​ពេល​​​ដាក់​​​ពង្រាយ​​​កង​​​សន្តិសុខ​​​ខណ្ឌ​​​ នគរ​​​បាល​​​ ឬ​​​សូម្បី​​​តែ​​​ទាហាន​​​ ដើម្បី​​​រារាំង​​​ ឬបំបែក​​​ព្រឹត្តិការ​​​​​​តវ៉ា​​​ណាមួយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិ​​​ន​​​ខ្លាច​​​ការ​​​គំរាម​​​នេះ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​នឹង​​​ធ្វើ​​​តាម​​​ផែនការ​​​របស់​​​យើង ដើម្បី​​​តវ៉ា​​​​​​ប្រឆាំង​​​​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​។ ខ្ញុំ​​​គិត​​​ថា យើង​​​ជា​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ​​​​​​ ហេតុ​​​ដូច្នេះ​​​វា​​​គ្មាន​​​អ្វី​​​ខុស​​​ទេ​​​ដែល​​​ពល​​​រដ្ឋ​​​ធ្វើ​​​ការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ដោយ​​​សន្តិ​​​វិធី​​​ ​​​ធ្វើ​​​ការ​​​ត​​​វ៉ា​​​ និង​​​ជួប​​​ជុំ​​​គ្នា​​​ដើម្បី​​​សំដែង​​​ចេញ​​​នូវ​​​អ្វី​​​ដែល​​​ខ្លួ​​​ន​​​មិន​​​ពេញ​​​ចិត្ត​​​នោះ​​​”។

លោក អំ សំអាត ក៏​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​លោក ឡុង ឌីម៉ង់ ឲ្យ​​​មាន​​​ការ​​​ផ្អាក​​​ធ្វើការ​​​តវ៉ា​​​រហូត​​​ដល់​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាំបាច់​​​ត្រូវ​​​តែ​​​សំដែង​​​នូវ​​​ក្តី​​​ព្រួយ​​​បារម្ភ និង​​​មតិ​​​យោបល់​​​របស់​​​យើង​​​នា​​​ពេល​​​ឥឡូវ​​​នេះ​​​ ខណៈ​​​ច្បាប់​​​នៅ​​​មិន​​​ទាន់​​​​​​អនុម័ត​​​នៅ​​​ឡើយ​​​។ នៅ​​​ពេល​​​ច្បាប់​​​អនុម័ត​​​រួច​​​ វា​​​នឹង​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​កែប្រែ​​​”។

លោក ឈាង វ៉ុន សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​អ្នក​​​នាំពាក្យ​​​រដ្ឋ​​​សភា​​​​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​ចំនួន​​​បី​​​នៅ​​​រដ្ឋសភា​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​​​​ឲ្យ​​​​​​ពិនិត្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​ពិនិត្យ​​​នេះ​​​រួច​​​ហើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ពេញ​​​ចិត​​្ត​​​ចំពោះ​​​ច្បាប់​​​នេះ​​​ ហើយ​​​នឹង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​ចំណុច​​​មួយ​​​ចំនួន​​​បន្ទាប់​​​ពី​​​រៀប​​​ចំ​​​សិក្ខាសាលា​​​មួយ​​​ស្តី​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សម្រាប់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​នៅ​​​ឯ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ទី​​​១០​​​ខែ​​​កក្កដា​​​។

ច្បាប់​​​នេះ​​​នឹង​​​តម្រូវ​​​ឲ្យអង្គការ​​​មិនមែន​​​រដ្ឋាភិបាល និង​​​សមាគម​​​​​​ចុះ​​​បញ្ជី​​​ជាមួយ​​​រដ្ឋាភិបាល​​​ ដើម្បី​​​បន្ត​​​ប្រតិបត្តិការ​​​ និង​​​ធ្វើ​​​របាយការណ៍​​​​​​ជា​​​ទៀង​​​ទាត់​​​ស្តី​​​អំពី​​​សកម្មភាព និង​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​។ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​ដូច្នេះ​​​​​​នឹង​​​​​​បង្ហាញ​​​​​ឲ្យឃើញ​​​ពីការ​​​លំបាក​​​សម្រាប់​​​អង្គការ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​តូច​​​ៗ​​​ដែល​​​សមាជិក​​​មួយ​​​ចំនួន​​​របស់​​​អង្គការ​​​ទាំង​​​នោះ​​​គឺ​​​ជា​​​អ្នក​​​មិន​​​ចេះ​​​អក្សរ​​​ ហើយ​​​ថា មាត្រា​​​ដែល​​​មិន​​​ច្បាស់​​​ផ្សេង​​​ៗ​​​ទៀត​​​នឹង​​​ផ្តល់​​​អំណាច​​​ដល់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​រារាំង​​​​​​ដល់​​​អង្គការ​​​ដែល​​​ខ្លួន​​​មិន​​​ពេញ​​​ចិត្ត​​​​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​​បាន​​​ធានា​​​ចំពោះ​​​អ្នក​​​រិះគន់​​​ថា ​​​គ្មាន​​​អ្វី​​​ត្រូវ​​​បារម្ភ​​​ឡើយ​​​ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជា​​​ត្រូ​​​វ​​​ការ​​​ច្បាប់​​​នេះ​​​គឺ​​​ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​​​​ហិរញ្ញប្បទាន​​​ភេរវកម្ម​​​​​​​​​ហូរ​​​ចូល​​​​​​មក​​​ក្នុង​​​ប្រទេស​​​តាម​​​រយៈ​​​អង្គការ​​​មិន​​​មែ​​​ន​​​រដ្ឋាភិបាល​​​​​​។ លោក​​​​​​បាន​​​ប្តេជ្ញា​​​ជំរុញ​​​​​​ឲ្យ​​​ច្បាប់​​​នេះ​​​ឆ្លង​​​សភា​​​ទោះ​​​បី​​​ជា​​​មាន​​​ ឬ​​​គ្មានការ​​​ចូល​​​រួម​​​ពី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​នេះ​​​ក៏​​​ដោយ​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រាប់​​​​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក​​​បាន​​​ពិភាក្សា​​​​​​ខ្លះ​​​ៗ​​​អំពី​​​ច្បាប់​​​​​​នេះ​​​ជាមួយ​​​លោក ហ៊ុន សែន អំឡុងពេល​​​សម្រាក​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​នា​​​ពេល​​​​​​ព្រឹក​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រាប់​​​លោក​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​ចុះ​​​បញ្ជី​​​ជាមួយ​​​រដ្ឋាភិបាល​​​រួច​​​ហើយ​​​​​​​​​នឹង​​​មិន​​​ចាំ​​​បាច់​​​ចុះ​​​បញ្ជី​​​ទៀត​​​ទេ​​​នៅ​​​ពេល​​​ច្បាប់​​​ត្រូវ​​​បាន​​​អនុម័ត​​​រួច​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​​​​ច្បាស់​​​អំពី​​​ចំណុច​​​មួយ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ មាន​​​ចំណុច​​​ជា​​​ច្រើន​​​ទៀត​​​ដែល​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​អះ​​​អាង​​​ថា ចាំបាច់​​​ត្រូវ​​​តែ​​​លប់​​​ចោល​​​ព្រោះ​​​វា​​​គ្មាន​​​សារៈសំខាន់​​​​​​។ ទាំង​​​នោះ​​​គឺ​​​ជា​​​ចំណុច​​​ដែល​​​យើង​​​ក៏កំពុង​​​តែ​​​ពិចារណា​​​ផង​​​ដែរ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គាំទ្រ​​​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ កង​​​ សុធា)

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស