កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តកោះកុងបានលើកលែងការចោទប្រកាន់ស្ត្រីម្នាក់ពីបទសម្លាប់គោចំនួនពីរក្បាលដែលជារបស់លោក ហេង ហ៊ុយ ម្ចាស់ចម្ការដែលមានវិវាទដីធ្លីរយៈពេលមួយឆ្នាំមកហើយជាមួយអ្នកភូមិមូលដ្ឋាន ដែលចោទប្រកាន់លោកពីបទទន្ទ្រានយកដីស្រែរបស់ពួកគាត់។
លោក ហេង ហ៊ុយ ដែលក្រុមហ៊ុនរបស់លោកទទួលបានដីសម្បទានទំហំ៧៧៩ហិកតាសម្រាប់ដាំអំពៅនៅក្នុងស្រុកស្រែអំបិលបានប្តឹងស្ត្រីម្នាក់ឈ្មោះ ផាវ ញឿង អាយុ៣៩ឆ្នាំពីបទបំពុលគោចំនួនពីរក្បាលរបស់លោកដោយប្រើថ្នាំសម្លាប់សត្វល្អិតកាលពីឆ្នាំ២០១៣ ដែលជាហេតុនាំឲ្យមានការចោទប្រកាន់ពីបទបង្កការខូចខាតដោយចេតនា។
លោក យិន សាវាតឌី មេធានីរបស់អ្នកស្រី ញឿង បានលើកឡើងថា តុលាការបានប្រកាសសាលក្រមកាលពីថ្ងៃអង្គារ ហើយបានរកឃើញថា កូនក្តីរបស់លោកគ្មានទោសកំហុសឡើយ។ លោកបានមានប្រសាសន៍ថា “ចៅក្រម សាំង សេរី បានប្រកាសសាលក្រមនៅក្នុងតុលាការ ហើយសម្រេចលើកលែងការចោទប្រកាន់ចុងចោទព្រោះគ្មានភ័ស្តុតាងដាក់បន្ទុកឡើយ។ វាយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្ញុំ ព្រោះគាត់មិនបានប្រព្រឹត្តបទល្មើសនោះទេ ហើយតុលាការគ្មានភ័ស្តុតាងចោទប្រកាន់គាត់ឡើយ”។
ចៅក្រម ប្រធាន និងអនុប្រធានតុលាការ សុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោក ហេង ហ៊ុយ បាននិយាយថា លោកមានការខកចិត្តចំពោះសាលក្រមនេះដោយលើកឡើងថា ថ្នាំសម្លាប់សត្វល្អិតដែលរកឃើញនៅក្រោមផ្ទះរបស់អ្នកស្រី ញឿង គួរតែជាភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញពីទោសកំហុសរបស់អ្នកស្រី។ លោកបាននិយាយថា “វាអយុត្តិធម៌ណាស់ ប៉ុន្តែ យើងមិនដឹងថា យ៉ាងម៉េចទេ វាគឺជាការសម្រេចរបស់តុលាការ។
គេបានរកឃើញ ថ្នាំសម្លាប់សត្វល្អិតនៅក្រោមផ្ទះរបស់គាត់ដែលប្រើដើម្បីបំពុលគោចំនួនពីរក្បាល”។ លោក ហេង ហ៊ុយ បានលើកឡើងទៀតថា លោកនៅមិនទាន់សម្រេចនៅឡើយទេ ថាត្រូវប្តឹងទាស់ ឬក៏អត់នោះ។ អំឡុងពេលបើកសវនាការកាលពីថ្ងៃទី១០ខែមិថុនា អ្នកស្រី ញឿង បានលើកឡើងថា អ្នកស្រីមិនបានស្ថិតនៅកន្លែងដែលគោបានងាប់នោះឡើយនៅថ្ងៃកើតហេតុនោះ ហើយបានចោទប្រកាន់លោក ហេង ហ៊ុយ ថា បានព្យាយាមប្រើប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យអ្នកភូមិឲ្យឈប់តវ៉ាប្រឆាំងនឹងក្រុមហ៊ុនរបស់លោក។ ក្រុមហ៊ុន ហេង ហ៊ុយ អឹគ្រីខាលឆឺ គ្រុបទទួលបានដីសម្បទានរបស់ខ្លួនកាលពីឆ្នាំ២០០៨ ប៉ុន្តែ វិវាទបានកើតមានឡើងបន្ទាប់ពី ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានទន្ទ្រានចូលដីដែលស្ថិតនៅក្រៅព្រំប្រទល់របស់ខ្លួន។
អ្នកភូមិចំនួន២៤គ្រួសារបានព្រមព្រៀងជាមួយក្រុមហ៊ុននេះដោយព្រមចាកចេញពីដីមានវិវាទនេះកាលពីឆ្នាំ ២០១០ ប៉ុន្តែ អ្នកភូមិចំនួនបួនគ្រួសាររួមទាំងគ្រួសាររបស់លោកស្រី ញឿង ផងបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តកាលពីឆ្នាំ២០១៣ដោយអះអាងថា ពួកគាត់ត្រូវគេបង្ខំឲ្យចុះហត្ថលេខាលើកកិច្ចសន្យា ហើយបានស្នើឲ្យមានការចាត់ទុកកិច្ចសន្យានេះជាអសារបង់។ លោក ហេង ហ៊ុយ បានបដិសេធថា មិនបានទន្ទ្រានចូលដីរបស់អ្នកភូមិនោះឡើយ”៕ ស៊ុយឈាង