កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានបញ្ចេញសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារដំបូងរបស់កម្ពុជា ដែលនឹងបង្កើតឲ្យមានអាជ្ញាធរសុវត្ថិភាពចំណីអាហារ ទទួលបន្ទុកកិច្ចការពារសុវត្ថិភាពរបស់អ្នកទទួលទានក្នុងស្រុក និងការធានាថា ការនាំចេញស្របតាមបទដ្ឋានអន្តរជាតិ។
ច្បាប់ដែលគេរំពឹងថានឹងព្រាងចប់រួចរាល់ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីត្រឹមដំណាច់ខែនេះ ចែងអំពីបទល្មើសផ្ដន្ទាទោសជាច្រើន ក្នុងនោះរួមមានទាំងការលក់ចំណីអាហារដែលផ្ទុកសារធាតុគ្រោះថ្នាក់ ការបិទស្លាកសញ្ញាមិនបានត្រឹមត្រូវលើចំណីអាហារ ការត្រៀម ឬការលក់ចំណីអាហារក្នុងស្ថានភាពគ្មានអនាម័យ និងការដំណើរការអាជីវកម្មចំណីអាហារដោយគ្មានអាជ្ញាប័ណ្ណផងដែរ។
បន្ទាប់ពីសិក្ខាសាលាមួយស្ដីពីច្បាប់នេះ ដែលបានរៀបចំឡើងនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ លោកស្រី នីណា ប្រែ៊នស្ត្រាប់ (Nina Brandstrup) តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍កាលពីម្សិលមិញ “ ច្បាប់នេះគឺចាំបាច់ណាស់ ពីព្រោះតែមិនទាន់មានវានៅឡើយ។ កម្ពុជា មានមហិច្ឆតាចង់ក្លាយជាប្រទេសនាំចេញចំណីអាហារដ៏ធំ ហើយដើម្បីអាចធ្វើបែបនេះទៅបាន ពួកគេចាំបាច់ត្រូវគោរពច្បាប់ចំណីអាហាររបស់ប្រទេសផ្សេងៗ ហើយពួកគេអាចធ្វើបានលុះត្រាតែពួកគេមានច្បាប់ចំណីអាហារដែលអនុវត្តបានល្អនៅក្នុងប្រទេសកម្ពុជា”។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនឹងទទួលបន្ទុកតែងតាំងប្រធានអាជ្ញាធរសុវត្ថិភាពចំណីអាហារ ដែលត្រូវមានសមាសភាពតំណាងមកពីក្រសួងផ្សេងៗ បានមានប្រសាសន៍ថា ច្បាប់នេះមានសារៈសំខាន់ណាស់ចំពោះការធ្វើឲ្យអ្នកទទួលទានមានទំនុកចិត្តលើចំណីអាហារដែលមានដាក់លក់នៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា “ អ្វីដែលសំខាន់បំផុតគឺសុវត្ថិភាពរបស់ប្រជាជនយើង និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ យើងជាអ្នកទទួលទានចំណីអាហារ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងមានអារម្មណ៍ស្រួលក្នុងចិត្ត នៅពេលយើងទទួលទានអាហារ ហើយយើងប្រាកដក្នុងចិត្តថា អាហារនោះល្អ និងមានជាតិគីមីតិចដែលអាចបំផ្លាញសុខភាពរបស់យើង”។
លោកបានលើកឡើងបន្ថែមទៀតថា ច្បាប់នេះនឹងពង្រឹងការអនុវត្តបទប្បញ្ញត្តិដែលមានស្រាប់ស្ថិតក្រោមរង្វង់សមត្ថកិច្ចរបស់កាំកុងត្រូល ដែលជាអង្គភាពអធិការកិច្ចគយរបស់ក្រសួងពាណិជ្ជកម្ម។
លោក គាម មករាឌី នាយកកម្មវិធីសុខភាព នៃអង្គការមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារផ្នែកកសិកម្ម បានមានប្រសាសន៍ថា ការអនុវត្តរបស់កាំកុងត្រូលនៅក្នុងការធានាសុវត្ថិភាពការនាំចេញនាំចូលចំណីអាហារ គួរតែធ្វើឲ្យប្រសើរឡើងជាយូរមកហើយ។
លោកថ្លែងថា “ ការងារដែលកាំកុងត្រូលបានធ្វើគឺតិចតួច នៅមានកម្រិត និងមិនពេញលេញទេ។ ផលិតផលគ្មានសុវត្ថិភាពមួយចំនួនបានធ្វើចរាចរលើទីផ្សាររួចទៅហើយ ដូច្នេះអ្នកទទួលទានប្រឈមបញ្ហាសុខភាព នៅពេលទទួលទាន និងប្រើប្រាស់ផលិតផលគ្មានសុវត្ថិភាពទាំងនោះ”។
ការងារព្រាងច្បាប់នេះដែលធ្វើឡើងដោយអង្គការ FAO និងក្រសួងពាក់ព័ន្ធដែលបានពិគ្រោះយោបល់ជាមួយមេធាវីជាតិ និងអន្តរជាតិ រួមជាមួយតំណាងមកពីវិស័យឯកជន បានចាប់ផ្ដើមនៅខែមករា ឆ្នាំ២០១៤ ហើយតាមការរំពឹងទុកថា សេចក្ដីព្រាងចុងក្រោយនឹងចប់រួចរាល់ក្នុងរយៈពេល៦សប្ដាហ៍។
អំឡុងម៉ោងសំណួរ និងចម្លើយនៅចុងបញ្ចប់នៃសិក្ខាសាលាដែលធ្វើឡើងកាលពីម្សិលមិញ អ្នកចូលរួមបានសួរថា តើច្បាប់នេះនឹងត្រូវអនុវត្តដោយរបៀបណា តើការអនុវត្តច្បាប់នេះទទួលបានមូលនិធិតាមណា ហើយអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការព្រាងអនុក្រឹត្យជាក់លាក់បន្ថែមទៅលើបទប្បញ្ញត្តិមិនច្បាស់លាស់ក្នុងច្បាប់នេះ។
លោកស្រី អុីមែនូអែល បចវ័រ (Emmanuelle Bourgois) អ្នកផ្ដល់ប្រឹក្សាផ្នែកច្បាប់ដែលបានជួយធ្វើសេចក្ដីព្រាងច្បាប់នេះ មានប្រសាសន៍ថា សេចក្ដីលម្អិតអាចនឹងដោះស្រាយបានបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត ដែលធ្វើឲ្យកម្ពុជា កាន់តែស្របទៅតាមលក្ខខណ្ឌតម្រូវរបស់អន្តរជាតិសម្រាប់ការនាំចេញចំណីអាហារ។ លោកស្រីបានគូសបញ្ជាក់ថា “អាចនឹងមានបទប្បញ្ញត្តិបន្ថែមទៀតដែលត្រូវអភិវឌ្ឍក្រោមអាជ្ញាធរសុវត្ថិភាពចំណីអាហារ”។
ចំណែកឯលោកស្រី នីណា ប្រែ៊នស្ត្រាប់ ដែលមកពីអង្គការ FAO បានថ្លែងថា លោកស្រីអាចយល់បានចំពោះក្ដីបារម្ភដែលលើកឡើងនៅក្នុងម៉ោងសំណួរចម្លើយនៅឯសិក្ខាសាលានោះ។
លោកស្រីបានមានប្រសាសន៍ថា “ សំណួរខ្លះឆ្លុះបញ្ចាំងថា ប្រជាជនមានការព្រួយបារម្ភចំពោះការអនុវត្ត ហើយខ្ញុំគិតថា នេះជាក្ដីបារម្ភដែលសមហេតុផល។ការមានច្បាប់នេះគឺជារឿងមួយ អ្នកអាចមានច្បាប់ដែលល្អបំផុតនៅក្នុងពិភពលោក ប៉ុន្តែប្រសិនបើមិនអាចអនុវត្តបាន នោះវាពិតជាគ្មានប្រយោជន៍ទាល់តែសោះ ហើយចាំបាច់ត្រូវមានការកែសម្រួលចេញខ្លះ”៕ សុខុម