លោក សុខ ប៊ុន ដែលជាឧកញ៉ាក្នុងវិស័យ អចលនទ្រព្យ ត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាកាលពីថ្ងៃសៅរ៍ ជុំវិញការប្រើអំពើហិង្សាយ៉ាងសាហាវទៅលើពិធីការិនីម្នាក់កាលពីដើមខែនេះ ដោយរូបភាពវីដេអូនៃការប្រើអំពើហិង្សានោះត្រូវគេចែករំលែកព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្មានថ្ងៃបន្ទាប់ពីកើតហេតុ។
ចៅក្រមស៊ើបសួរ លាង សំណាត បានមានប្រសាសន៍ថា លោក សុខ ប៊ុន ដែលត្រូវបានចាប់ខ្លួនពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរពីប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់នៅវេលាម៉ោងប្រហែល១រសៀល។ចៅក្រមរូបនេះបានលើកឡើងបន្ថែមទៀតថា ”ខ្ញុំបានចោទប្រកាន់គាត់ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។
ប្រសិនបើត្រូវតុលាការកាត់ឲ្យជាប់ទោសនោះ លោក សុខ ប៊ុន អាចប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បន្ទាប់ពីតុលាការចោទប្រកាន់រួច លោក សុខ ប៊ុន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធគារព្រៃសដើម្បីរង់ចាំសវនាការជំនុំជម្រះទោស។
កាលពីថ្ងៃទី៧ ខែកក្កដា រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពបានបែកធ្លាយដែលបង្ហាញ ពីសកម្មភាពលោក សុខ ប៊ុន ដាល់ទាត់ធាក់ និងជាន់យ៉ាងរន្ថើនទៅលើសិល្បការិនី ឯក សុជាតា ហៅ សាសា នៅភោជនីយដ្ឋានមួយកន្លែងលើកោះពេជ្រក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ។
កញ្ញា ឯក សុជាតា បានអះអាងថា ការប្រើអំពើហិង្សានេះបានកើតឡើង បន្ទាប់ពីនាងព្យាយាមរារាំងលោក សុខ ប៊ុន និងអង្គរក្សរបស់គាត់មិនឲ្យនាំខ្លួនស្ត្រីម្ចាស់ភោជនីយដ្ឋាន ជនជាតិជប៉ុន ដែលដេកសន្លប់នៅលើសាឡុងបន្ទាប់ពីផឹកសីុជាមួយបុរសទាំងពីរ ចេញទៅក្រៅ។
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក សុខ ប៊ុន បានគេចខ្លួនទៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៧ ខែកក្កដា មួយថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញកោះហៅគាត់មកសាកសួរ។ បន្ទាប់មកលោក សុខ ប៊ុន បានជិះយន្តហោះពីប្រទេសសិង្ហបុរី ឆ្ពោះទៅទីក្រុងប៉ារីស នេះបើយោងតាមការិយាល័យនគរបាលអាំងទែប៉ូលរបស់កម្ពុជា។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យលោក សុខ ប៊ុន ដែលកាលពីសប្តាហ៍មុនបានបោះបង់ងារជា “ឧកញ៉ា” របស់ខ្លួន និងសុំផ្តល់សំណងជំងឺចិត្តដល់កញ្ញា ឯក សុជាតា ចំនួន១០០.០០០ដុល្លារ ចូលខ្លួនដើម្បីដោះស្រាយ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅពេលនោះថា ”បើយើងមើលតាមឃ្លីបវីដេអូ អំពើហិង្សាបែបនេះគឺវាហួសហេតុពេកហើយជាមួយស្ដ្រីដែលមានភាពទន់ខ្សោយម្នាក់។ កុំគិតថា ដោយសារអ្នកឯងមានលុយអាចដោះស្រាយបញ្ហាបាននោះ”។
លោក ខៀវ សុភ័គ បានលើកឡើងកាលពីម្សិលមិញថា លោក សុខ ប៊ុន មិនមែនត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងបា៉រីសទេ គឺគាត់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយស្ម័គ្រចិត្ត បន្ទាប់ពីក្រុមគ្រួសាររបស់គាត់បានប្រាប់គាត់អំពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកមានប្រសាសន៍ថា ”បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យគាត់ចូលខ្លួន ក្រុមគ្រួសាររបស់គាត់បានប្រាប់ឲ្យគាត់ត្រឡប់មកវិញ។ បន្ទាប់ពីទទួលបានដំណឹងពីក្រុមគ្រួសាររបស់គាត់ ហើយបានទៅទទួលគាត់នៅឯអាកាសយានដ្ឋាន និងបញ្ជូនគាត់ទៅតុលាការតែម្ដងកាលពីព្រឹកថ្ងៃសៅរ៍”។
លោកបានលើកឡើងទៀតថា អង្គរក្សរបស់លោក សុខ ប៊ុន ដែលលោកបដិសេធមិនប្រាប់អត្តសញ្ញាណ និងដែលក្នុងរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពគេឃើញកាន់កាំភ្លើងច្រងេងច្រងាង ហើយភ្ជង់ក្បាលកញ្ញា ឯក សុជាតា នោះ កំពុងរត់គេចខ្លួននៅឡើយ។
លោកបានមានប្រសាសន៍ថា ”ឥឡូវនេះយើងកំពុងតែរង់ចាំដីកាចាប់ខ្លួនពីតុលាការ ហើយខ្ញុំជឿជាក់ថា គាត់មិនទាន់ទៅណាឆ្ងាយទេ”។ លោកបានបន្ថែមថា លោកមិនដឹងថាបុរសរូបនេះកំពុងស្ថិតក្នុងប្រទេសនៅឡើយ ឬក៏អត់នោះទេ។
ពេលទាក់ទងកាលពីម្សិលមិញ កញ្ញា ឯក សុជាតា បានគូសបញ្ជាក់ជាថ្មីថា នាងនឹងមិនដោះស្រាយបញ្ហានេះជាមួយលោក សុខ ប៊ុន នៅក្រៅប្រព័ន្ធតុលាការឡើយ មិនថាគាត់ផ្ដល់ប្រាក់ប៉ុន្មាននោះទេ។
កញ្ញាបាននិយាយថា “ខ្ញុំនៅតែទាមទារឲ្យចាត់វិធានការផ្លូវច្បាប់លើរូបគាត់ ហើយខ្ញុំនឹងមិនធ្វើការសម្របសម្រួលណាមួយក្រៅប្រព័ន្ធតុលាការឡើយ។ ខ្ញុំឈានទៅមុខហើយ ដូច្នេះខ្ញុំនឹងមិនថយក្រោយវិញទេ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)