កាលពីម្សិលមិញ ក្រសួងមហាផ្ទៃ បានចុះកិច្ចព្រមព្រៀងជាមួួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយរបស់ចិន ដើម្បីបង្កើតស្ថានីយវិទ្យុ និងទូរទស្សន៍ប្រើប្រព័ន្ធឌីជីថលផ្ទាល់ខ្លួននៅឆ្នាំក្រោយ ដោយក្រុមហ៊ុននេះមានគម្រោងបោះទុនជាង៣០លានដុល្លារលើការវិនិយោគរួមគ្នានេះ។
ក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចុះចិត្តព្រមព្រៀងជាមួយលោក ហ័ង អុី ឈាន់ (Huang Yi Chuan) ប្រធានក្រុមហ៊ុន China Fujian Zhongya Culture Media។
លោក ស ខេង បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខាថា ”ខ្ញុំគិតថា ស្ថានីយវិទ្យុ និងទូរទស្សន៍នឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើសង្គម”។ លោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរនេះទេ ដោយគ្រាន់តែលើកឡើងថា ក្រុមហ៊ុននឹងចំណាយដើមទុន៣០លានដុល្លារប៉ុណ្ណោះ។
មុនពេលចុះកិច្ចព្រមព្រៀងនេះ លោក ម៉ៅ ប៊ុនណារិន បានលើកឡើងនៅក្នុងសុន្ទរកថាថា ស្ថានីយទូរទស្សន៍នេះនឹងធ្វើការផ្សាយតាមកាណាល់ប៉ុស្តិ៍លេខ៦១ និងវិទ្យុ FM លេខ៩០.២៥ មេហ្គាហឺត។ លោកបានបន្ថែមថា អាជ្ញាប័ណ្ណសម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍នេះត្រូវបានផ្ដល់ដោយក្រសួងព័ត៌មាន។
លោកបានមានប្រសាសន៍ថា ”ខ្ញុំបានជំរុញគម្រោងនេះជាង២ឆ្នាំមកហើយ តាមរយៈការទាក់ទងជាមួយក្រុមហ៊ុន China Fujian Zhongya Culture Media ហើយយើងបានឈានដល់ការព្រមព្រៀងគ្នានៅខែកុម្ភៈ ដើម្បីបង្កើតស្ថានីយវិទ្យុ និងទូរទស្សន៍នេះ”។
លោក ម៉ៅ ប៊ុណ្ណារិន បានលើកឡើងអំឡុងពិធីកាលពីម្សិលមិញថា ទាំងការផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ក៏អាចមើលឃើញ និងស្ដាប់ឮទូទាំងពិភពលោកផងដែរតាមរយៈប្រព័ន្ធអុីនធើណិត និងប្រព័ន្ធផ្កាយរណប។
លោកលើកឡើងទៀតថា កម្មវិធីព័ត៌មាន កម្សាន្ត សិល្បៈ សេដ្ឋកិច្ច និងកម្មវិធី “ផ្សេងៗទៀត” នឹងមាននៅលើកញ្ចក់ទូរទស្សន៍មហាផ្ទៃប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីខ្លឹមសារឡើយ។
លោកបានបន្តថា “យើងនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទូទៅ និងជំនាញបច្ចេកទេសដល់បុគ្គលិករបស់យើង នៅពេលស្ថានីយទូរទស្សន៍នេះចាប់ផ្ដើមធ្វើការផ្សាយនៅថ្ងៃអនាគត”។
កាលពីខែឧសភា នគរបាលជាតិបានចេញផ្សាយកាសែតផ្ទាល់ខ្លួន ដោយផ្ដោតលើបទល្មើស និងសន្តិសុខ ដែលធ្វើសេចក្ដីរាយការណ៍ទាក់ទិននឹងការចាប់ខ្លួន និងការស៊ើបអង្កេតរបស់នគរបាល រីឯនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក៏បានប្រកាសគម្រោងចាប់ផ្ដើមបង្កើតសេវាផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនដែរ៕ ស៊ុយឈាង