យោងតាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាល ដែលប្រៀបធៀបទៅនឹងឆ្នាំមុនបានឲ្យដឹងថា ជនជាតិខ្មែរប្រាំនាក់ត្រូវបានទាហានថៃបាញ់ស្លាប់ខណៈដែលពួកឆ្លងព្រំដែនចូលទៅកាប់ឈើខុសច្បាប់អំឡុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។
ការបាញ់ស្លាប់អ្នកកាប់ឈើខុសច្បាប់ពីសំណាក់ទាហានថៃនេះជាចំណុចនៃការប៉ះទង្គិចគ្នាជាប្រចាំរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយស្ថិតនៅក្នុងចំណោមប្រធានបទដែលបានលើក យកមកពិភាក្សាកាលពីម្សិលមិញអំឡុងកិច្ច ប្រជុំរួមស្ដីពីព្រំដែនរវាងមន្ត្រីកម្ពុជា និងមន្ត្រីថៃក្នុងក្រុងប៉ោយប៉ែត។
លោក សៅ វាសនា ប្រធានទំនាក់ទំនងព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ អ្នកកាប់ឈើជនជាតិខ្មែរប្រាំនាក់ត្រូវបានបាញ់ស្លាប់ ម្នាក់រងរបួស ១៥នាក់បាត់ខ្លួន ១៥ជាប់ពន្ធនាគារ ហើយក្រោយមកត្រូវបានដោះលែងវិញ និង២៩នាក់ទៀតនៅជាប់ពន្ធនាគារថៃនៅឡើយ។
ដោយលើកឡើងពីរបាយការណ៍ដែលបានបង្ហាញនៅកិច្ចប្រជុំកាលពីម្សិលមិញ លោកបានថ្លែងថា “ប្រជាជនភាគច្រើនដែលត្រូវបានទាហានថៃបាញ់ស្លាប់នោះ បានកាប់ឈើប្រណីតៗក្នុងទឹកដីថៃ”។
តួលេខ៦ខែដំបូងនៃឆ្នាំ២០១៤រកមិនបានភ្លាមៗទេ។ ប៉ុន្តែបើយោងតាមក្រសួងមហាផ្ទៃ ប្រជាជនខ្មែរ១១នាក់ត្រូវបានបាញ់ស្លាប់ ខណៈដែលពួកគាត់ទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃក្នុងកាលពីឆ្នាំមុន និង៣៤នាក់កាលពីឆ្នាំទៅមួយ។
ប្រទេសកម្ពុជាបានលើកឡើងដដែលដោយជំរុញឲ្យប្រទេសថៃចាប់ខ្លួនអ្នកកាប់ឈើទាំងនោះជំនួសឲ្យការបាញ់សម្លាប់ពួកគេ។ ប្រទេសថៃលើកឡើងថា ទាហានរបស់ខ្លួនបាញ់ដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
អង្គការសិទ្ធិមនុស្សអាដហុកលើកឡើងកាលពីម្សិលមិញថា ជនជាតិខ្មែរម្នាក់ទៀតត្រូវបានបាញ់ស្លាប់ខណៈពេលទៅកាប់ឈើក្នុងទឹកដីថៃកាលពីសប្ដាហ៍មុននេះ ជាករណីបាញ់ស្លាប់ទាក់ទងនឹងការកាប់ឈើទី៣នៅឆ្នាំនេះ ដែលឆ្លងព្រំដែនពីខេត្តឧត្តរមានជ័យ។
លោក ស្រី ណារេ៉ន អ្នកឃ្លាំមើលមកពីអង្គការអាដហុកបានលើកឡើងថា វាជាករណីទី៣ដែលទាហានថៃបាញ់អ្នកកាប់ឈើមកពីខេត្តឧត្ដរមានជ័យ បណ្ដាលឲ្យមនុស្សបួននាក់ស្លាប់ចាប់តាំងពីដើមឆ្នាំនេះមក”។
កងរាជអាវុធហត្ថក្នុងមូលដ្ឋានបានលើកឡើងថា ពួកគេមិនបានដឹងអំពីការបាញ់ស្លាប់ដូចដែលបានលើកឡើងថ្មីៗនេះទេ។
អ្នកកាប់ឈើដែលឆ្លងចូលទឹកដីថៃប្រឈមនឹងគ្រោះថ្នាក់តិចបំផុតឬក៏ច្រើនបំផុត ដែលក្នុងនោះពួកគាត់បានប្រមូលឈើប្រណីតៗឆ្លងព្រំដែន ដឹកចូលក្នុងប្រទេសកម្ពុជា ហើយជារឿយៗដឹកទៅក្រៅប្រទេស។ បើទោះជាក្រុមអ្នកកាប់ឈើអាចរកប្រាក់បានរាប់រយដុល្លារសម្រាប់ឈើក្នុង១ម៉ែត្រគូបក៏ដោយ ក៏អ្នកដែលដឹកទៅលក់នៅក្រៅប្រទេសអាចរកប្រាក់បានរាប់ពាន់ដុល្លារឯណោះ៕ សារុន