យោងតាមក្រសួងកសិកម្ម ដែលព្រមានថា កង្វះទឹកភ្លៀង គួបផ្សំនឹងការខ្វះកម្លាំងពលកម្ម អាចរារាំងរដ្ឋាភិបាលមិនឲ្យសម្រេចបានគោលដៅផលិតកម្មស្រូវរបស់ខ្លួននៅឆ្នាំនេះបានឲ្យដឹង ផ្ទៃដីស្រែជាង១៥០.០០០ហិកតាបានប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួតនៅតំបន់មួយចំនួនក្នុងប្រទេស។
ក្រសួងកសិកម្មបាននិយាយក្នុងសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា “ឆ្នាំនេះ ការរាំងស្ងួតដើមរដូវដែលមានរយៈពេលយូរ បានធ្វើឲ្យខ្វះទឹក ខណៈដែលកម្លាំងផ្នែកកសិកម្មបានថយចុះ ដូច្នេះកសិករជាច្រើននាក់កំពុងបោះបង់ចោលស្រូវ ជាជាងស្ទូងស្រូវទៅវិញ”។
ស្រូវពង្រោះគឺរហ័សជាងស្រូវសន្ទូង ប៉ុន្តែឲ្យផលតិចជាង។
លោក ហ៊ាន វ៉ានហន អគ្គនាយករងនៅក្រសួងកសិកម្ម បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានជួបហានិភ័យមិនអាចសម្រេចគោលដៅផលិតកម្មស្រូវរបស់ខ្លួនប្រហែល២,៥៧លានហិកតានៅឆ្នាំនេះ។
លោក វ៉ានហន បាននិយាយថា “យើងគិតថា ពីឥឡូវរហូតដល់ពេលដែលយើងនៅអាចដកស្ទូងស្រូវ ប្រសិនបើភ្លៀងធ្លាក់យឺត ផលិតផលមិនអាចបំពេញបានតាមគោលដៅឡើយ”។
លោកបានបន្ថែមថា “សព្វថ្ងៃនេះ យើងធ្វើកសិកម្មពឹងលើទឹកភ្លៀង ប៉ុន្តែវាពិបាកណាស់ក្នុងការទស្សន៍ទាយស្ថានភាពពីឥឡូវរហូតដល់ចុងរដូវ”។
លោក សំអាត វាសនា សមាជិកប្រតិបត្តិនៃសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា គ្រោះរាំងស្ងួតខ្លាំងបានកើតមាននៅខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តផលិតស្រូវបានច្រើនបំផុតរបស់ប្រទេសកម្ពុជា។
លោកបាននិយាយថា “ដូច្នេះជាទូទៅ កសិករជាប់បំណុលច្រើន។ ពួកគាត់ពឹងផ្អែកលើប្រាក់ផ្ញើមកឲ្យពីកូនៗដែលធ្វើការនៅក្រៅប្រទេស និងនៅតាមរោងចក្រនានាក្នុងក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ឬផ្នែកផ្សេងទៀតដូចជាសំណង់ជាដើម”។
ទោះជាយ៉ាងនេះក្តី លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ជាអង្គការក្រៅរដ្ឋាភិបាលផ្នែកកសិកម្ម បាននិយាយថា ផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតបច្ចុប្បន្ន អាចសម្រាលបាន ប្រសិនបើ ភ្លៀងធម្មតាធ្លាក់នៅដើមខែតុលា។
លោកបាននិយាយថា “ខ្ញុំគិតថា វាមិនអីទេ ថ្វីបើមិនមានទឹកភ្លៀងគ្រប់គ្រាន់នៅផ្នែកខ្លះនៃប្រទេស ដូចជា កំពង់ស្ពឺ និងបាត់ដំបងក៏ដោយ ពីព្រោះមិនទាន់ផុតរដូវភ្លៀងទេ”៕ និត