យោងតាម Lonely Planet’s Ultimate Travelist 2015 ជាបញ្ជីចាត់ចំណាត់ថ្នាក់តំបន់ទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា បរិវេណប្រាសាទអង្គរវត្តដែលស្ថិតក្នុងខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះដែលគ្មានគូប្រៀបក្នុងពិភពលោក។ប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាទទួលបានសំឡេងឆ្នោត៣៤ភាគរយច្រើនជាងដៃគូប្រកួតប្រជែងដ៏ប្រកៀកប្រកិតបំផុតរបស់ខ្លួនគឺប្រាសាទបាក់បែក Machu Picchu របស់ប៉េរូ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីLonely Planet ដែលលើកឡើងថា ខ្លួននឹងបោះពុម្ពផ្សាយសៀវភៅបង្ហាញពីទីកន្លែងនានាបានឲ្យដឹងថា គោលដៅទាំងនេះត្រូវបានចាត់ចំណាត់ថ្នាក់ដោយអ្នកជំនាញទេសចរណ៍មួយក្រុម និងអ្នកសរសេរសៀវភៅល្បីៗ ហើយកន្លែងល្បីៗកំពូលចំនួន៥០០កន្លែងគួរមាននៅក្នុងបញ្ជី ដែលត្រូវតែទៅទស្សនារបស់ភ្ញៀវទោសចរគ្រប់រូប។
តំបន់គោលដៅទេសចរណ៍អាស៊ីដទៃទៀតស្ថិតក្នុងលំដាប់កំពូលទាំង១០ គឺមហាកំផែងចិន និងប្រាសាទ Taj Mahal នៅឥណ្ឌាស្ថិតក្នុងលំដាប់ទី៤ និងទី៥ ព្រមទាំងថ្មប៉ប៉្រះទឹក Great Barrier Reef នៅប្រទេសអូស្ត្រាលី និង Machu Picchu នៅប្រទេសប៉េរូ ស្ថិតក្នុងលំដាប់កំពូលទាំង៥។
សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារថា ”សូម្បីតែក្នុងតំបន់ដែលសម្បូរដោយប្រាសាទដូចជាតំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏អស្ចារ្យ ជាឋានសួគ៌លើផែនដី ប្រាសាទធ្វើអំពីថ្មភក់រាប់ពាន់ និងចម្លាក់ឆ្លាក់ពីផ្ទៃរាបរហូតដល់ពិដានដែលដកស្រង់ចេញពីរឿងព្រេងរ៉ាមាយ៉ាណៈ មហាភារតៈនិងប៉ូរណៈ”។
ប្រាសាទបុរាណជាច្រើនដែលស្ថិតក្នុងលំដាប់កំពូលពេលធ្វើការស្ទង់មតិស្រដៀងគ្នាពីទីតាំងទេសចរណ៍ដូចជាគេហទំព័រ Trip Advisor ជាដើមបានបង្ហាញឲ្យឃើញពីកំណើនភ្ញៀវទេសចរដោយតួលេខថ្មីបំផុតបង្ហាញថា មានភ្ញៀវទេសចរបរទេស១,២៣លាននាក់បានមកទស្សនាប្រាសាទបុរាណនេះក្នុងឆមាសទី១នៃដើមឆ្នាំនេះ។
យោងតាមអាជ្ញាធរអប្សរា ដែលបានបន្ទោសកត្តាសាកលដូចជា ការផ្ទុះឡើងនូវជំងឺ Mers ក្នុងប្រទេសកូរ៉េខាងត្បូង និងការបាត់ដំណឹងយន្តហោះ Air Asia MH370 បានឲ្យដឹងថា មានការធ្លាក់ចុះបន្តិចបន្តួចនូវចំនួនភ្ញៀវទេសចរ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្មាំមុន។
បើទោះជាអាជ្ញាធរអប្សរា ពិនិត្យឃើញថា មានការធ្លាក់ចុះប្រាក់ចំណូល និងភ្ញៀវទេសចរបន្តិចបន្តួចក្នុងឆមាសទី១ក៏ដោយ ក៏ខែកក្កដា មានការកើនឡើងភ្ញៀវទេសចរ៥ភាគរយបើធៀបទៅនឹងខែដូចគ្នានេះកាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរប្រហែល១៦០.០០០នាក់មកទស្សនាឧទ្យានបុរាណអង្គរ។
លោក ទិត្យ ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការឈរនៅលំដាប់ទី១នៅក្នុងបញ្ជីផ្សេងទៀតនៃការទាក់ទាញភ្ញៀវទេសចរពិភពលោក គឺជាព័ត៌មានល្អបំផុតសម្រាប់ប្រទេសកម្ពុជា។
លោកបានថ្លែងថា “ខ្ញុំរីករាយណាស់ដោយទទួលបានព័ត៌មាននេះ។ ការចុះបញ្ជីកាន់តែច្រើន ធ្វើឲ្យប្រទេសកម្ពុជាកាន់តែល្បីឈ្មោះ និងនាំមកនូវភ្ញៀវទេសចរបន្ថែមទៀត”។ លោកបានបន្ថែមថា ក្រសួងបានសហការជាមួយអាជ្ញាធរអប្សរាដើម្បីធានាសុចរិតភាពរបស់ប្រាសាទ។ “បើទោះជាមានភ្ញៀវទេសចរកាន់តែច្រើនក៏ដោយ ក៏គ្មានបញ្ហាដែរ”។
លោកស្រី ជូ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានយល់ស្របដូច្នេះដែរ។ លោកស្រីបានថ្លែងថា ”យើងមាននីតិវិធីមួយចំនួនហើយ ដូចជាការកំណត់ចំនួនភ្ញៀវទេសចរមកទស្សនាមួយលើក”។
កាលពី២០ឆ្នាំមុន អង្គការយូណេស្កូ បានលើកឡើងថា ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំមិនលើសពី៧០០.០០០នាក់ឡើយ។ ប៉ុន្តែ កាលពីម្សិលមិញ លោកស្រី អាន ឡឺម៉េស នាយកប្រចាំប្រទេសបានថ្លែងថា អង្គការនេះជឿថា ចំនួនភ្ញៀវទេសចរកាន់តែច្រើនសព្វថ្ងៃនេះអាចគ្រប់គ្រងបាន។
លោកស្រីបានថ្លែងថា ”សមត្ថភាពមានកម្រិតដែលប្រាសាទអាចស្រូបទាញភ្ញៀវទេសចរបាននៅពេលជាក់លាក់មួយ មិនមានមានន័យថា យើងគួររឹតបន្តឹងចំនួនភ្ញៀវទេសចរមកទស្សនាតំបន់អង្គរឡើយ។ បញ្ហាស្ថិតនៅត្រង់ការរៀបចំថា តើនរណាទៅកន្លែងណា នៅពេលណាតែប៉ុណ្ណោះ”៕សារុន