ក្រោយពីលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិចេញកាលពីចុងសប្តាហ៍ ដោយមានសិស្សប្រហែល៥៦ភាគរយបានប្រឡងជាប់ សិស្សមួយចំនួនដែលមិនបានប្រឡងជាប់ បានទៅក្រសួងអប់រំកាលពីថ្ងៃច័ន្ទ ដើម្បីដាក់ពាក្យតវ៉ាជាផ្លូវការ។
ដោយក្រសួងបានប្រកាសនៅពេលមុនប្រឡងថា នឹងមិនមានការប្រឡងជាលើកទី២ដូចដែលបានធ្វើកាលពីឆ្នាំមុននោះ សិស្សមានរយៈពេលតវ៉ា៣០ថ្ងៃ ដើម្បីស្នើឲ្យពិនិត្យពិន្ទុរបស់ខ្លួនឡើងវិញ។
យ៉ាំ ថាវីរៈ អាយុ២០ឆ្នាំ ដែលទើបតែដាក់ពាក្យតវ៉ា បាននិយាយថា “ខ្ញុំមិនដឹងថា ខុសទាស់អ្វីទេក្នុងការប្រឡងរបស់ខ្ញុំ ប្រហែលជាកំហុសបច្ចេកទេសហើយ”។
យុវសិស្ស ថាវរៈ ស្ថិតក្នុងចំណោមសិស្ស៣៦.៧៨១នាក់ដែលបានប្រឡងធ្លាក់ ក្នុងចំណោមសិស្សសរុប៨៣.៣៤១នាក់ដែលបានចូលរួមប្រឡង។ សិស្ស ថាវរៈ បាននិយាយថា គាត់រន្ធត់ចិត្តនៅពេលដឹងថា គាត់មិនបានប្រឡងជាប់ ពីព្រោះគាត់មានជំនឿទុកចិត្តថា ធ្វើត្រូវច្រើនពេលប្រឡង។
យុវសិស្សរូបនេះបាននិយាយថា “ខ្ញុំមកទីនេះនៅថ្ងៃនេះដើម្បីតវ៉ាសុំឲ្យក្រសួងពិនិត្យមើលពិន្ទុរបស់ខ្ញុំឡើងវិញ។ ខ្ញុំធ្វើបានល្អ ហេតុអីខ្ញុំទទួលបានពិន្ទុអន់បែបនេះ?”
សិស្សមួយចំនួនដែលដាក់ពាក្យតវ៉ាកាលពីថ្ងៃច័ន្ទ មិនមែនប្រឡងធ្លាក់ទេ ប៉ុន្តែ មិនសប្បាយចិត្តនឹងពិន្ទុរបស់ពួកគេ។
សិស្ស អឿន ស៊ូអីង អាយុ១៧ឆ្នាំ ដែលបាននិទ្ទេស ស៊ី បាននិយាយថា កញ្ញាបានដាក់ពាក្យតវ៉ា ពីព្រោះពិន្ទុគណិតវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេសរបស់កញ្ញាទាបជាងពិន្ទុដែលគួរទទួលបាន បើផ្អែកលើក្រដាសចម្លើយដែលកញ្ញាបានឃើញបន្ទាប់ពីបញ្ចប់ការប្រឡងនោះ។
យុវតីរូបនេះបាននិយាយថា “ខ្ញុំចង់ឲ្យក្រសួងនេះពិនិត្យឡើងវិញ ពីព្រោះខ្ញុំបានធ្វើត្រូវច្រើន”។
លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា មិនមែនគ្រប់ពាក្យតវ៉ានឹងត្រូវពិនិត្យឡើងវិញនោះទេ។
លោកបានមានប្រសាសន៍ទៀតថា “សិស្ស១០.០០០នាក់ យើងមិនអាចពិនិត្យឡើងវិញនោះទេ។ ពួកគេគួរផ្តល់ភ័ស្តុតាងខ្លះ។
លោកបានបន្ថែមទៀតថា បន្ទាប់ពីទទួលការតវ៉ា មន្ត្រីក្រសួងនឹងធ្វើការកំណត់លើពាក្យតវ៉ាដែលសមនឹងត្រូវពិនិត្យឡើងវិញ៕ និត