មេធាវីតំណាងសិស្សវិទ្យាល័យអាយុ១៩ឆ្នាំម្នាក់ដែលបានចោទប្រកាន់អធិការ នគរបាលស្រុកមួយរូបនៅក្នុងខេត្តកំពង់ឆ្នាំងថា បានចាប់កូនក្តីរបស់ខ្លួនរំលោភនោះ លើក ឡើងថា កូនក្តីរបស់លោកស្រីនឹងប្តឹងទាស់នូវសេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាដែលបានបិទសំណុំរឿងដោយពុំបានធ្វើការពន្យល់ អ្វីសោះ។
ច្បាប់ចម្លងនៃសេចក្តីសម្រេចថ្ងៃទី២១ ខែសីហារបស់លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលបានផ្តល់ដោយក្រុមគ្រួសារក្មេងស្រីរងគ្រោះ មិនបានផ្តល់ហេតុផលចំពោះការបិទសំណុំរឿងប្តឹងលោក ហ៊ុល វាសនា ដែលជាអធិការនគរបាលស្រុកកំពង់ត្រឡាចនៅពេលមានពេល ហេតុការណ៍កើតឡើងឡើយ។
សេចក្តីសម្រេចដដែលនេះដែលក៏ទុកពេលឲ្យដើមចោទប្តឹងទាស់ផងដែរនោះមានខ្លឹមសារថា”យើងបានសម្រេចបិទសំណុំរឿងនេះដោយមិនដំណើរការទៀតឡើយ”។
លោកស្រី សន សូដាឡែន មេធាវីតំណាង ក្មេងស្រីរងគ្រោះបានមានប្រសាសន៍ថា លោក ស្រីនឹងធ្វើតាមការស្នើសុំនោះ។ “យើង នឹងប្តឹងទាស់១០០ភាគរយ។យើងកំពុងរៀបចំឯកសារដើម្បីប្តឹងទាស់នៅដើមសប្តាហ៍នេះ”។
លោកស្រី សូដាឡែន បានមានប្រសាសន៍ ថា នគរបាលបានប្រគល់សេចក្តីសម្រេចនេះដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះកាលពីថ្ងៃទី៤ ខែតុលា ហើយថា ពួកគាត់ទើបតែបានប្រាប់ លោកស្រីអំពីសេចក្តីសម្រេចនេះកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោក យូ ទិត្យវឌ្ឍនៈ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ហ៊ុល វាសនា ដែលត្រូវបានដកចេញពីតួនាទី បន្ទាប់ពីមានការចោទប្រកាន់បានស្វាគមន៍សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញា។ លោកបានថ្លែងថា ”តុលាការបានផ្តល់យុត្តិធម៌ដល់រូបខ្ញុំ ពីព្រោះខ្ញុំមិនបានធ្វើដូចអ្វីដែលគេបានចោទប្រកាន់ឡើយ។ វាជាការឈ្នះសម្រាប់មនុស្សគ្រប់គ្នា ហើយវាមិនមែនជារឿងធំដំុឡើយ”។
ចាប់តាំងពីត្រូវបានព្យួរពីតួនាទីមក លោក វាសនា បាននិងកំពុងបំពេញការងាររដ្ឋបាលធម្មតានៅស្នងការដ្ឋាននគរបាលខេត្ត។ ចៅហ្វាយរបស់លោក គឺលោក ប្រាក់ វុទ្ធី ស្នងការ នគរបាលខេត្តបានមានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើលោក វាសនា នឹងត្រូវផ្តល់តួនាទីផ្សេង ឬយ៉ាងណានោះឡើយ ប៉ុន្តែ បានអះអាងថា គាត់នឹងមិនទទួលបានការងារចាស់របស់ខ្លួនវិញឡើយ។
បងស្រីបង្កើតរបស់ជនរងគ្រោះបាននិយាយថា ប្អូនស្រីរបស់គាត់នៅមានអារម្មណ៍ ភ័យខ្លាចពីហេតុការណ៍នោះនៅឡើយ ហើយបានចោទប្រកាន់តុលាការពីបទលើកលែងសំណុំរឿងនេះ ដោយសារតែតួនាទីរបស់លោក វាសនា។
ស្ត្រីរូបនេះបាននិយាយថា ”ខ្ញុំគិតថា អាជ្ញាធរមិនអាចរកយុត្តិធម៌ឲ្យក្រុមគ្រួសារយើងបានឡើយ ពីព្រោះជនសង្ស័យជាមន្ត្រីនគរបាល”។
គាត់បានបន្ថែមថា ”ប្អូនស្រីរបស់ខ្ញុំនៅភ័យខ្លាចនៅឡើយ។ នាងបានបោះបង់ការសិក្សា ហើយមិនហ៊ានចេញក្រៅទៅជួបមិត្តភក្តិរបស់នាងឡើយ”៕សារុន