ខណៈបណ្ដាអ្នកសង្កេតការណ៍ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នករៀបចំឲ្យមានការវាយដំយ៉ាងសាហាវព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបកាលពីថ្ងៃច័ន្ទ ស្រាប់តែបែកធ្លាយរូបភាពកាលពីម្សិលមិញ ដែលបង្ហាញពីសកម្មភាពមេបញ្ជាការយោធាជាន់ខ្ពស់មួយរូបកេណ្ឌកងទ័ពដើម្បីគាំទ្រការអំពាវនាវទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។
លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានក្រុមបុរសដែលចូលរួមបាតុកម្មគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចុះចេញពីតំណែងរបស់លោកនៅរដ្ឋសភា ទាញទម្លាក់ពីរថយន្តរបស់ពួកលោក និងជាន់ធាក់ ខណៈពេលពួកលោកចាកចេញពីរដ្ឋសភា។
បាតុកម្មនេះត្រូវបានជំរុញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលថ្លែងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការវាយដំនេះមិនត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តឡើយ ទោះបីមានការអះអាងថា នគរបាលដែលឈរជើងនៅខាងក្រៅរដ្ឋសភា ឈរមើល ក្នុងពេលដែលតំណាងរាស្ត្រទាំងពីររូបត្រូវគេទាញទម្លាក់ចេញពីរថយន្តក្តី។
កាលពីម្សិលមិញ បណ្ដាស្ថាប័នផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយរូបថតទាហានតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កេណ្ឌកាលពីថ្ងៃច័ន្ទ ជាមួយនឹងបដាដែលសរសេរថា “កឹម សុខា ជាជនញុះញង់” និង “កឹម សុខា ជាមនុស្សអាក្រក់ដែលបង្កបញ្ហាមិនចេះចប់”។
រូបថតទាំងនេះមានអមដោយញត្តិស្នើសុំមួយច្បាប់ពីលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានផ្ដល់ប្រឹក្សាដល់លោកជាផ្លូវការចាប់ពីឆ្នាំ១៩៩៧មក ដោយអំពាវនាវឲ្យដកលោក កឹម សុខា ចេញពីតំណែង។
លោក គន់ គីម បានសរសេរថា “យើងខ្ញុំទាំងអស់គ្នាជាទាហានដែលកំពុងបំពេញភារកិច្ចនៅសមរភូមិព្រំដែនកម្ពុជា-ថៃ សូមគោរពស្នើសុំសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ដកលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភា។ យើងខ្ញុំទាំងអស់គ្នាបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីសភាពការណ៍នយោបាយរបស់ប្រទេស និងបានមើលឃើញសកម្មភាពដ៏ពិសពុលរបស់លោក កឹម សុខា អនុប្រធានរដ្ឋសភាដែលកំពុងធ្វើការឃោសនាបោកប្រាស់ ញុះញង់អុចអាលដែលឈានទៅរកសង្គ្រាមស៊ីវិល”។
លោកបានបញ្ចប់ថា ត្រូវតែទម្លាក់លោក កឹម សុខា ចេញពីតំណែង “ដើម្បីសន្តិសុខជាតិ និងដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយភាពសម្បូរសប្បាយ”។
លោក យឹម ផាន់ណា មេបញ្ជាការរងយោធភូមិភាគ៤នៃកងយោធពលខេមរភូមិន្ទ ដែលគ្របដណ្ដប់ខេត្តជាប់ព្រំដែនដូចជាខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា ទាហានត្រូវបានកេណ្ឌជាផ្នែកនៃការតវ៉ាទូទៅមួយប្រឆាំងនឹងលោក កឹម សុខា។
លោកបានបន្ថែមថា “ដោយមានញត្តិធ្វើឡើងកាលពីពេលថ្មីៗនេះដើម្បីទាមទារឲ្យសម្ដេច ហេង សំរិន ដកលោក កឹម សុខា ចេញពីតំណែងចំពោះការបង្កបញ្ហា កងទ័ពមាននៅពាសពេញព្រំដែនកម្ពុជា-ថៃ។ ពួកគេទាមទារឲ្យដកគាត់ចេញពីតំណែងដោយសារតែគាត់តែងតែចង់ធ្វើឲ្យប្រទេសមានសង្គ្រាម”។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (ខុមហ្វ្រែល) មានប្រសាសន៍កាលពីម្សិលមិញថា យុទ្ធនាការបែបនេះរំលោភបំពានទាំងរដ្ឋធម្មនុញ្ញ និងការហាមប្រាមដាច់ខាតលើការបង្ហាញពីការប្រកាន់បក្ខពួកក្នុងច្បាប់គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ។
លោកលើកឡើងទៀតថា ”តួនាទីរបស់យោធាមានសារៈសំខាន់ណាស់ក្នុងការការពារដំណើរការប្រជាធិបតេយ្យដែលមានគណបក្សនយោបាយជាច្រើនប្រកួតប្រជែងគ្នា ដូច្នេះយោធាត្រូវតែឯករាជ្យ និងមិនប្រកាន់បក្ខពួក ហើយមិនត្រូវបង្ហាញថាខ្លួនឯងស្នើសុំជួសមុខឲ្យគណបក្សនយោបាយណាមួយឡើយ។ យោធាគ្មានតួនាទីបន្ទោសសមាជិកសភា ឬគណបក្សប្រឆាំងនោះទេ។ ប្រសិនបើពួកគាត់ [តំណាងរាស្ត្រ] ត្រូវបានបិទសិទ្ធិមិនឲ្យបញ្ចេញមតិ នោះយើងគ្មានលទ្ធិប្រជាធិតេយ្យសេរីនិយមឡើយ”។
ទោះបីជាគណបក្សប្រជាជនកម្ពុជា បានបដិសេធថាខ្លួនមិនបានរៀបចំបាតុកម្មប្រឆាំងលោក កឹម សុខា ដែលអំឡុងពេលនោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវគេវាយដំក៏ដោយ ក៏លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃច័ន្ទ ដោយចាត់ទុកការវាយប្រហារនេះជាគំរូនៃ ”វិធីសាស្ត្រហ្វាស៊ីស” របស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានសរសេរក្នុងសេចក្ដីថ្លែងការណ៍ចេញពីអឺរ៉ុបដែលមានខ្លឹមសារដូច្នេះថា “អំពើហិង្សានៅភ្នំពេញ ព្រឹកមិញនេះ គឺជាការឆ្លើយតបពីសំណាក់គណបក្សកាន់អំណាចទៅនឹងបាតុកម្មប្រឆាំងលោក ហ៊ុន សែន កាលពីរសៀល [ថ្ងៃអាទិត្យ] នៅទីក្រុងបា៉រីស ដែលធ្វើឲ្យបុរសខ្លាំងនៅកម្ពុជា មានកំហឹងយ៉ាងខ្លាំង។ លោក ហ៊ុន សែន បានព្រមានថា បើក្រុមប្រឆាំងធ្វើបាតុកម្មប្រឆាំងលោកនៅទីក្រុងប៉ារីស អ្នកគាំទ្រលោកនឹងធ្វើបាតុកម្មប្រឆាំងអ្នកគាំទ្ររបស់លោក សម រង្ស៊ី វិញនៅប្រទេសកម្ពុជា។ ដូចថាមែន!”។
លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ដើម្បីសួរសុខទុក្ខតំណាងរាស្ត្រដែលរងរបួស បានថ្កោលទោសការវាយប្រហារនេះតាមរយៈសារបង្ហោះលើហ្វេសប៊ុក ដោយគូសបញ្ជាក់ថា ក្រុមបាតុករក៏បានគប់ដុំថ្មទៅលើផ្ទះរបស់លោកអស់រយៈពេល៦ម៉ោងផងដែរនៅពេលរសៀលនោះ ខណៈភរិយារបស់លោកអង្គុយក្នុងផ្ទះ ហើយនគរបាលមិនបានអើពើនឹងការទូរស័ព្ទសុំជំនួយទេ។
លោកបានសរសេរថា ”នេះគឺជាភាពខ្វះការទទួលខុសត្រូវរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាលដែលមានតួនាទីការពារសុវត្ថិភាពសាធារណៈដោយមិនរើសអើងនិន្នាការ។ ខ្ញុំសំណូមពរឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ និងស៊ើបអង្កេតរកជននៅពីក្រោយខ្នង និងពាក់ព័ន្ធអំពើហិង្សានេះមកផ្ដន្ទាទោសដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងរាជរដ្ឋាភិបាល”។
បាតុកម្មកាលពីថ្ងៃច័ន្ទត្រូវបានរៀបចំឡើងដោយក្រុមយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកាលពីដើមឆ្នាំនេះបានស្បថស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ក្នុងពិធីមួយនៅមាត់ទន្លេ (មុខព្រះបរមរាជវាំង) ក្នុងរាជធានីភ្នំពេញ។ ក្រុមនេះបានច្រានចោលការទទួលខុសត្រូវចំពោះអំពើហិង្សានេះ ដោយអះអាងថា បាតុកម្មរបស់ខ្លួនបានបញ្ចប់១ម៉ោងមុនផ្ទុះអំពើហិង្សានេះ។
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយក្រុម រួមមានទាំងអង្គការសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ ដែលតែងតែបញ្ជូនបុគ្គលិករបស់ខ្លួនទៅកាន់កន្លែងបាតុកម្មនានារួមទាំងនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទផងនោះ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយគូសបញ្ជាក់ថា មនុស្សជាច្រើនក្នុងចំណោមអ្នកដែលចូលរួមបាតុកម្មគឺជានគរបាល និងមន្ត្រីស្លៀកពាក់ស៊ីវិល។សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា ”បណ្ដាអ្នកសង្កេតការណ៍បានកំណត់អត្តសញ្ញាណនគរបាលស្លៀកពាក់ស៊ីវិលមួយចំនួនដែលគេស្គាល់ថាជាសន្តិសុខ និងមន្ត្រីនគរបាលនៅក្នុងក្រុមមនុស្សដែលរួមទាំងសមាជិកយុវជន និងមន្ត្រីសាធារណៈរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ”។
សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូច្នេះថា “អ្នកអង្កេតការណ៍កំណត់ថា នគរបាលប៉ារ៉ាស្លៀកពាក់ស៊ីវិល ដែលក៏ហៅថា ជាកងសន្តិសុខដែរនោះ និងមន្ត្រីនគរបាលមួយចំនួនស្ថិតក្នុងចំណោមក្រុមមនុស្សទាំងនោះ ដែលក៏រួមមានទាំងសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីសាធារណៈផងដែរ”។
សេចក្តីថ្លៃងការណ៍នេះមានខ្លឹមសារបន្តថា “ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះយើងបានឃើញការតវ៉ាអហិង្សារាប់មិនអស់ត្រូវបានបំបែកនៅក្នុងរាជធានីដោយការប្រើអំពើហិង្សាពីសំណាក់កងសន្តិសុខរដ្ឋាភិបាល ដែលត្រូវបានដាក់ពង្រាយមិនសមហេតុផល និងដែលមិនឃើញវត្តមានឡើយពេលតំណាងរាស្ត្រពីររូបត្រូវបានវាយដំកាលពីម្សិលមិញ”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា នគរបាលគ្មានចេតនាបណ្តោយឲ្យតំណាងរាស្ត្រទាំងពីរនាក់នេះត្រូវគេវាយដំនៅខ្លោងទ្វារមុខរដ្ឋសភាឡើយ ដោយនិយាយថា ហេតុ ការណ៍េនះបង្កបញ្ហាដល់អាជ្ញាធរទៅវិញទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ ថា “អាជ្ញាធរមិនឆ្កួតអ៊ីចឹងទេ។ វាធ្វើឲ្យមានការលំបាកដល់អាជ្ញាធរ ពេលតំណាងរាស្ត្រទាំងនេះរងការវាយដំ និងរងរបួស ហើយវាធ្វើឲ្យអាជ្ញាធររបស់យើងព្រួយបារម្ភទៅវិញទេ។ អាជ្ញាធរសប្បាយចិត្ត ពេលលោក កឹម សុខា មានសុវត្ថិភាព”។
នាយឧត្តមសេនីយ៍រូបនេះបានលើកឡើងទៀតថា គេបានបង្កើតគណៈកម្មការមួយដើម្បីសើុបអង្កេតករណីវាយដំលើតំណាងរាស្ត្រទាំងពីរនាក់នេះ។
លោកបានថ្លែងថា “ព្រឹកមិញនេះ [លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] បានសម្រេច បង្កើតគណៈកម្មការមួយដើម្បីសើុបអង្កេតក្នុងគោលបំណងតាមចាប់ខ្លួនអ្នកប្រព្រឹត្តដើម្បីបញ្ជូនទៅឲ្យតុលាការដាក់ទោសទណ្ឌ”។
លោកបន្ថែមថា “គណៈកម្មការនេះនឹងដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញ ប្រាំពីររូបផ្សេងទៀត។ អ្នកទាំងអស់សុទ្ធតែជានគរបាល ដែលរួមមានដូចជាស្នងការរងនគរបាលរាជធានីមួយរូបប្រធាននាយកដ្ឋាននិងអគ្គស្នងការរងនគរបាលជាតិមួយរូប”។
ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សមិនសូវជាជឿជាក់លើគណៈកម្មការនេះក្នុងការតាមរកអ្នកបង្កការវាយដំនោះឡើយ ដោយគូសបញ្ជាក់ថា ការវាយដំកាលពីថ្ងៃច័ន្ទ លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយកគំរូតាមការបញ្ចេញប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជាលើក្រុមប្រឆាំង។
អង្គការនេះបានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “គំរូដដែលៗអំឡុងការដាក់ពង្រាយកងកម្លាំងប្រតិកម្ម គឺដាក់ឲ្យមានការប្រើអំពើហិង្សា ខណៈអ្នកផ្សេងៗទៀតដាក់ឲ្យប្រើពាក្យរំលោភបំពាន និងធ្វើការគំរាមកំហែង”។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្ថែមដូច្នេះថា “ផ្នែកផ្សេងមួយទៀតនៃរូបមន្តកងកម្លាំងប្រតិកម្មដែលកត់ត្រាទុកម្តងទៀតដោយអង្គការសហប្រជាជាតិ និងបណ្តាអង្គការផ្សេងៗនោះ គឺសម្រាប់គណបក្សប្រជាជនកម្ពុជាធ្វើពុតជាសើុបអង្កេតលើការប្រើអំពើហិង្សារបស់កងកម្លាំងប្រតិកម្ម ប៉ុន្តែ គ្រាន់តែដើម្បីបិទបាំងការជាប់ពាក់ព័ន្ធរបស់ខ្លួនប៉ុណ្ណោះ។ ការប្រើប្រាស់ក្រុមមនុស្សទៅវាយប្រហារលើសមាជិកសភាមកពីគណបក្សប្រឆាំងបញ្ជូនសញ្ញាបំភ័យដល់ពលរដ្ឋខ្មែរថា រលកថ្មីនៃអំពើហិង្សាផ្នែកនយោបាយអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់៕ សុខុម និង ស៊ុយឈាង