កង្វះទឹកនៅក្នុងក្រុងទេសចរណ៍ គឺក្រុងព្រះសីហនុ បានធ្វើឲ្យអាជ្ញាធរផ្ដល់យោបល់ដល់ពាណិជ្ជករជាច្រើនឲ្យជីកអណ្ដូងផ្ទាល់ខ្លួន នៅពេលតម្រូវការជាមូលដ្ឋានអាចផ្គត់ផ្គង់បានតែ៥០ភាគរយប៉ុណ្ណោះ បន្ទាប់ពីអាកាសធាតុក្ដៅខ្លាំងបានធ្វើឲ្យអាងស្ដុកទឹកតែមួយគត់របស់អ្នកផ្គត់ផ្គង់ទឹក រីងស្ងួតនោះ។
ស្ថានភាពនេះធ្ងន់ណាស់ កាលពីម្សិលមិញដោយអង្គភាពពន្លត់អគ្គិភ័យក្រុងព្រះសីហនុមិនអាចពន្លត់អគ្គិភ័យមួយ ក្នុងខណ្ឌ ដែលមានភ្ញៀវទេសចរច្រើនតាមបណ្ដោយផ្លូវដ៏មមាញឹកមួយបាន ពីព្រោះរថយន្ដពន្លត់អគ្គិភ័យអស់ទឹក ហើយក្រុមពន្លត់អគ្គិភ័យមិនអាចតភ្ជាប់បំពង់ទឹកក្នុងមូលដ្ឋាន ដើម្បីពន្លត់អគ្គិភ័យនោះបាន។
គ្មាននរណាម្នាក់រងរបួសនោះទេ ក្នុងហេតុការណ៍កើតមានអគ្គិភ័យនេះ។ អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រហែល១១ និង៤០នាទីថ្ងៃត្រង់ ហើយត្រូវបានធូរស្រាលបន្តិចវិញ ពេលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើទឹកនៅក្នុងរថយន្ដរបស់ខ្លួន មុនពេលទឹកនេះអស់ ហើយបានព្យាយាមភ្ជាប់បំពង់បាញ់ទឹករបស់ខ្លួនទៅនឹងក្បាលម៉ាស៊ីនទឹក ដែលគ្មានទឹក។ ដល់ម៉ោង២រសៀល ក្រុមអ្នកពន្លត់អគ្គិភ័យអាចតភ្ជាប់ជាមួយនឹងកន្លែងផ្គត់ផ្គង់ទឹកបន្ទាន់មួយ ហើយបានពន្លត់អគ្គិភ័យនេះឲ្យរលត់ ប៉ុន្ដែ មិនអាចពន្លត់បានមុនពេលអគារពាណិជ្ជកម្មទាំងបួនត្រូវបានឆាបឆេះទាំងស្រុងឡើយ។
លោក តាក់ វ៉ាន់ថា អធិការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ យើងបានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿងដើម្បីពន្លត់អគ្គិភ័យនេះ ហើយបន្ទាប់មកបានស្នើឲ្យរដ្ឋាករទឹករាជធានីភ្នំពេញបើកបំពង់ទឹកបន្ទាន់មួយសម្រាប់អាជ្ញាធររបស់យើងពន្លត់អគ្គិភ័យនេះ”។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ការខូចខាត និងការបំផ្លិចបំផ្លាញអាចតិចជាងនេះ ប្រសិនបើយើងមានទឹកគ្រប់គ្រាន់”។ លោកបានបន្ដថា នគរបាលនៅមិនទាន់កំណត់មូលហេតុ និងប្រភពនៃអគ្គិភ័យនេះបាននៅឡើយទេ។
អគារពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវដ៏មមាញឹក ដែលរងការខូចខាត និងបំផ្លិចបំផ្លាញទាំងស្រុងនេះ រួមមានផ្ទះសំណាក់ Monkey Republic ផ្ទះសំណាក់ Mick and Craig’s ហាងលក់សម្ភារមុជទឹក ព្រមទាំងបារ និងភោជនីយដ្ឋាន Red Sky ។
អគ្គិភ័យដែលបានឆាបឆេះកាលពីម្សិលមិញ បានបង្ហាញឲ្យឃើញពីកង្វះទឹកខ្លាំង នៅក្នុងតំបន់នោះ ក្នុងរយៈពេលពីរបីថ្ងៃមកនេះ។ កាលពីថ្ងៃទី២០ ខែមីនា រដ្ឋាករទឹកខេត្តបានផ្ញើលិខិតជូនដំណឹងដល់អតិថិជនរបស់ខ្លួនជាង៥.០០០នាក់នៅក្នុងខេត្ត ដោយស្នើឲ្យពួកគេប្រើប្រភពទឹកផ្ទាល់ខ្លួន ឬក៏កាត់បន្ថយការប្រើប្រាស់ទឹក ពីព្រោះបឹងព្រែកទប់ ដែលជាអាងស្ដុកទឹកទំហំ១៥ហិកតាដែលអាចស្ដុកទឹកបានកន្លះលានម៉ែត្រគូប អំឡុងរដូវវស្សានោះ បានរីងស្ងួត។
យោងតាមលោក ប្រាក់ ចាន់រឿន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយគ្មានទឹកមកពីបឹងព្រែកទប់ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូ ដែលមានកិច្ចសន្យាផ្គត់ផ្គង់ទឹកដល់ក្រុងព្រះសីហនុ បានបើកបំពង់ទឹកដែលតភ្ជាប់ក្រុងព្រះសីហនុទៅក្បាលឆាយ ជាតំបន់ទឹកធ្លាក់នៅចម្ងាយ១៦គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
យោងតាមលោក ចាន់រឿន បានឲ្យដឹងថាប៉ុន្ដែ ដោយសារតែបំពង់ទឹកមានមិនគ្រប់គ្រាន់ និងមានការដាច់ភ្លើងញឹកញាប់នៅក្នុងតំបន់នោះ ព្រោះតែកង្វះអគ្គិសនីនៅទូទាំងប្រទេស ក្រុមហ៊ុនអានកូបូមទឹកបានត្រឹម
តែប្រហែល៥.០០០ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃៗ មកកាន់ក្រុងព្រះសីហនុ គឺបានតែប្រហែលពាក់កណ្ដាលនៃតម្រូវការរបស់អតិថិជន ដែលត្រូវការទឹកប្រហែល១០.០០០ម៉ែត្រគូប។
លោក ចាន់រឿន បានមានប្រសាសន៍ថា“ ឥឡូវនេះយើងបូមទឹកមកពីក្បាលឆាយតែប៉ុណ្ណោះ ព្រោះបឹងព្រែកទប់បានរីងស្ងួត ហើយបានធ្វើឲ្យអ្នកប្រើប្រាស់ទឹកនៅក្នុងក្រុងព្រះសីហនុមានការខ្វះខាត។ ក្រុមហ៊ុនអានកូអាចផ្គត់ផ្គង់ទឹកតាមតម្រូវការបានប្រហែលតែ៥០ភាគរយប៉ុណ្ណោះ”។
លោក ចាន់រឿន បន្ថែមថា ក្នុងចំណោមអ្នកប្រើប្រាស់ទឹកចំនួន៥.៨៦៧គ្រួសារ ដែលក្រុមហ៊ុនអានកូបានផ្គត់ផ្គង់ មានប្រជាពលរដ្ឋចំនួន៣០ភាគរយដែលរស់នៅតំបន់ខ្ពស់ដូចជា ប្រជាពលរដ្ឋមួយចំនួនដែលអគារ
របស់ខ្លួនត្រូវឆាបឆេះទាំងស្រុងកាលពីម្សិលមិញ ទំនងជាទទួលបានការផ្គត់ផ្គង់ទឹករបស់រដ្ឋ បានតិចតួចបំផុត ដោយសារតែការបូមទឹកទៅទីខ្ពស់ត្រូវការមានអគ្គិសនីបន្ថែមនោះ។
លោក ងី ស៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានដំឡើងម៉ាស៊ីនភ្លើងថ្មីនៅក្បាលឆាយ ដែលមានសមត្ថភាពបូមទឹកបាន២០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃទៅក្នុងក្រុងព្រះសីហនុ។ លោកបានបន្ថែមថា ប៉ុន្ដែ កង្វះបណ្ដាញបំពង់ទឹកបានធ្វើឲ្យមានការរារាំងដល់ការបំពេញតម្រូវការរបស់អតិថិជន។
លោកក៏បានលើកដែរថា ប្រេងឡើងថ្លៃខ្ពស់បានបង្កការលំបាកដល់ក្រុមហ៊ុនអានកូ ក្នុងការផ្គត់ផ្គង់ទឹកតម្លៃ១.០០០រៀលក្នុងមួយម៉ែត្រគូបទៅកាន់ក្រុងព្រះសីហនុ។ លោក ងី ស៊ុន មានប្រសាសន៍ថា “ យើងអាចផ្គត់ផ្គង់ទឹកបានច្រើនជាងនេះ ប៉ុន្តែ បណ្ដាញបំពង់ទឹកមានកំណត់ ហើយអគ្គិសនីចេះតែដាច់ ហើយយើងប្រើប្រេងសម្រាប់ម៉ាស៊ីនភ្លើងរបស់យើង”។
លោកមានប្រសាសន៍បន្ថែមថា “ យើងមិនអាចផ្គត់ផ្គង់ទឹកដោយប្រើតែម៉ាស៊ីនភ្លើងនោះទេ ពីព្រោះតម្លៃប្រេងគឺវាថ្លៃ បើប្រៀបធៀបទៅនឹងតម្លៃទឹកថោក ដែលយើងបានលក់ទៅឲ្យរដ្ឋាករទឹកខេត្តព្រហសីហនុនោះ។
រដ្ឋាករទឹកខេត្តព្រះសីហនុលក់ទឹកទៅឲ្យអ្នកប្រើប្រាស់ ក្នុងមួយម៉ែត្រគូបតម្លៃជាង២.០០០រៀល”។ ក្រុមហ៊ុនអានកូដែលគ្រប់គ្រងដោយលោកឧកញ៉ា កុក អាន បានជួបពិភាក្សាជាមួយមន្ត្រីថ្នាក់ខេត្តកាលពីម្សិលមិញ ហើយបានឯកភាពគ្នាដាក់បណ្ដាញបំពង់ទឹក ដែលមានទទឹង២០០សង់ទីម៉ែត្រចំនួនពីរបន្ថែម
ទៀត ដែលតភ្ជាប់ពីក្បាលឆាយមកក្រុងព្រះសីហនុ ដើម្បីធានាឲ្យបានថា អ្នករស់នៅក្រុងព្រះសីហនុអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ពេញមួយឆ្នាំ។
ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ និងម្ចាស់ហាងមួយចំនួននៅក្នុងក្រុងព្រះសីហនុ ដែលមិនមានអណ្ដូងទឹកផ្ទាល់ខ្លួននោះ តើពួកគេទៅរកទឹកមកពីទីណា ក្នុងពេលឥឡូវនេះ។
លោក បប់ ពីពីនិច (Bob Pipinich) ម្ចាស់រមនីយដ្ឋាន Aqua ក្នុងក្រុងព្រះសីហនុ បានលើកឡើងថា “ ខ្ញុំគ្រាន់តែដឹងថា ឥឡូវនេះយើងគ្មានទឹកប្រើប្រាស់ទេ ហើយខ្ញុំត្រូវតែគិតថា តើខ្ញុំត្រូវទៅរកទឹកមកពីទីណា”។
លោកមានប្រសាសន៍ថា “ វាគួរឲ្យភ័យខ្លាចណាស់ ប្រសិនបើយើងគ្មានទឹកនោះ យើងនឹងគ្មានអតិថិជនឡើយ”។ ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់បណ្ដាញបំពង់ទឹកថ្មី លោក ពីពីនិច បានលើកឡើងថា “ បញ្ហានេះមិនអាចជួយដល់ការខ្វះខាតនៅថ្ងៃនេះបានទេ។មានរោងចក្រថាមពល ដែលកំពុងតែសាងសង់ថ្មីមួយដែរ ប៉ុន្ដែ វាមិនអាចជួយដល់ការខ្វះខាតទឹកនៅថ្ងៃនេះបានឡើយ”។
ថ្វីបើម្ចាស់ហាងមួយចំនួនមានម៉ាស៊ីនភ្លើងនិងអណ្ដូងផ្ទាល់ខ្លួន ដើម្បីធានាឲ្យបានថា អតិថិជនអាចទទួលបានសេវាកម្មក៏ដោយ តែកង្វះការផ្គត់ផ្គត់ទឹករបស់រដ្ឋបានធ្វើឲ្យពួកគេជួបការលំបាកយ៉ាងខ្លាំង។
លោក ឡូរី ម៉ាតទូស (Lauri Mattus) ម្ចាស់សណ្ឋាគារ Beach Road បានមានប្រសាសន៍ថា លោកបានចំណាយប្រាក់ចន្លោះពី១.០០០ដុល្លារ ទៅ៤.០០០ដុល្លារក្នុងមួយខែសម្រាប់ម៉ាស៊ីនភ្លើង។ លោកក៏បានចំណាយ១.០០០ដុល្លារផ្សេងទៀត ដើម្បីជីកអណ្ដូងផងដែរ។ លោកបានបន្ថែមថា សព្វថ្ងៃមានការដាច់ភ្លើងបួនទៅប្រាំថ្ងៃក្នុងមួយសប្ដាហ៍ ដោយដាច់ម្ដងៗមានរយៈពេលពីពីរទៅ១២ម៉ោង។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងអាចនិយាយបានថា អ្វីៗពិបាកណាស់ ពីព្រោះមានបន្ទប់ និងផ្ទះសំណាក់កាន់តែច្រើន។ បរិមាណប្រេងដែលខ្ញុំប្រើ មិនសមសោះ ហើយមន្ត្រីមូលដ្ឋានមិនបានទទួលខុសត្រូវអ្វីឡើយ”។
ការអំពាវនាវពីអាជ្ញាធរឲ្យម្ចាស់ហាងនៅក្នុងក្រុងព្រះសីហនុមានការផ្គត់ផ្គង់ទឹកដោយខ្លួនឯង គឺវាជាគំរូថ្មីមួយរបស់រដ្ឋាភិបាលក្នុងការអំពាវនាវឲ្យសហគ្រាសឯកជនជួយផ្ដល់សេវាកម្មសាធារណៈ។
កាលពីថ្ងៃព្រហស្បតិ៍មានសេចក្ដីប្រកាសមួយត្រូវបានចុះផ្សាយ នៅក្នុងកាសែតភាសាខ្មែរមួយចំនួន ស្នើឲ្យប្រជាពលរដ្ឋដែលមានម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនប្រើប្រាស់ម៉ាសីុនភ្លើងខ្លួនឯងដើម្បីទុកអគ្គិសនីចែករំលែកទៅឲ្យប្រជាពលរដ្ឋផ្សេងៗទៀត។
ដូចនៅក្នុងក្រុងព្រះសីហនុដែរ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានជួបនូវការដាច់ភ្លើងជាប្រចាំ ភាគច្រើនគឺដោយសារតែកង្វះទឹក នៅតាមទំនប់វារីអគ្គិសនីរបស់ប្រទេសកម្ពុជា។
កាលពីខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវចំនួនពីរលើកឲ្យវិស័យឯកជនទិញរថយន្ដពន្លក់អគ្គិភ័យផ្ទាល់ខ្លួន ដើម្បីជួយបំពេញកម្លាំងពន្លត់អគ្គិភ័យរាជធានី។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យឯកជននិងរដ្ឋ បានមានប្រសាសន៍ថា ការដាក់សម្ពាធកាន់តែខ្លាំងឡើងៗរបស់រដ្ឋាភិបាលទៅលើវិនិយោគិន និងម្ចាស់អាជីវកម្ម ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ឲ្យផ្ដល់នូវអ្វីដែលប្រទេសភាគច្រើនចាត់ទុកថា ជាសេវាកម្មសាធារណៈនោះ គឺជាបញ្ហាមួយដែលត្រូវតែដោះស្រាយ។
លោកបានលើកឡើងសំដៅទៅលើការអំពាវនាវឲ្យវិស័យឯកជនមានការផ្គត់ផ្គង់ទឹក អគ្គិសនីដោយខ្លួនឯង និងមានរថយន្ដពន្លត់អគ្គិភ័យផ្ទាល់ខ្លួនថា “ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងពិចារណាឲ្យបានច្រើនជាងនេះ”។ លោកបានបន្ដថា “ វិស័យឯកជនបានបង់ពន្ធរួចហើយ ហេតុដូច្នេះពួកគេគួរតែទទួលបានទំនុកចិត្តពីភាគីរដ្ឋ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង