ព្រះចៅអធិការវត្តមួយអង្គព្រះនាម វង្ស ចែត ដែលសារភាពកាលពីថ្ងៃអាទិត្យថា ខ្លួនបានរួមភេទជាមួយសាមណេរចំនួន១០អង្គនៅវត្តដាច់ស្រយាលមួយក្នុងខេត្តសៀមរាប ត្រូវបានចោទប្រកាន់កាលពីម្សិលមិញជុំវិញករណីរំលោភបំពានផ្លូវភេទនេះ ខណៈមន្ត្រីបង្ហាញថា ព្រះចៅអធិការអង្គនេះមានភាពឯកោខ្លាំងជាមួយព្រះសង្ឃក្មេងៗដែលស្ថិតក្រោមការមើលថែររបស់ខ្លួន។
ព្រះតេជគុណ វង្ស ចែត ត្រូវបានផ្សឹក និងចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីក្រុមគ្រួសាររបស់សាមណេរទាំង១០អង្គបានចេញមុខចោទប្រកាន់ថា ព្រះចៅអធិការអង្គនេះបានរួមភេទជាមួយសាមណេរទាំងនោះរយៈពេល៦ខែមកហើយ និងបានឲ្យបច្ច័យទៅសាមណេរទាំងនោះដើម្បីឲ្យបិទមាត់។
លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប មានប្រសាសន៍ថា “ចៅក្រមស៊ើបសួរ លឹម សុគន្ធារី បានចោទប្រកាន់គាត់ពីបទទិញពេស្យាចារកុមារ និងបទរួមភេទជាមួយអនីតិជន”។ លោកស្រីបានលើកឡើងបន្ថែមថា ពេលនេះ អន្ទិត វង្ស ចែត អាយុ៤៦ឆ្នាំ កំពុងជាប់ឃុំបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា បទល្មើសទិញពេស្យាចារកុមារត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ចំណែកឯបទល្មើសរួមភេទជាមួយអនីតិជនត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។
កាលពីថ្ងៃច័ន្ទ លោកស្រី ដួង ថាវរី បានបញ្ជាក់ថា សាមណេររងគ្រោះមានព្រះជន្មចន្លោះពី១១ទៅ១៧ព្រះវស្សា ហើយថា អន្ទិត វង្ស ចែត បានឲ្យប្រាក់ទៅសាមណេរទាំងនោះចន្លោះពី១២,៥០ដុល្លារទៅ២៥ដុល្លារសម្រាប់ការរួមភេទមួយលើកៗដើម្បីឲ្យសាមណេរទាំងនោះរក្សាការសម្ងាត់។
កាលពីម្សិលមិញ នគរបាលមូលដ្ឋានបានប្រាប់ថា វត្តរតនមុនី ដែលស្ថិតក្នុងស្រុកក្រឡាញ់ មានបរិយាកាសស្ងប់ស្ងាត់ធ្វើឲ្យអន្ទិត វង្ស ចែត មានឱកាសបំពានផ្លូវភេទសាមណេរទាំងនោះ។
លោក សឿន រ៉េត នាយប៉ុស្តិ៍នគរបាលឃុំរោងគោ បានមានប្រសាសន៍ថា “វត្តនេះមានព្រះសង្ឃចំនួន១៥អង្គ រួមទាំងព្រះចៅអធិការ វង្ស ចែត ដែលចាស់ជាងគេផងនៅក្នុងវត្តនេះ។ ព្រះសង្ឃចំនួន១៣អង្គមានព្រះជន្មក្រោម១៨ព្រះវស្សា ហើយមួយអង្គទៀតមានព្រះជន្មប្រហែល៣០ព្រះវស្សា។ វត្តរតនមុនី មានទីតាំងស្ថិតនៅចុងផ្លូវលំក្នុងតំបន់ជនបទ នេះបើយោងតាមលោក ឃុន សាវុធ នាយប៉ុស្តិ៍នគរបាលឃុំដែលបានលើកឡើងថា អ្វីដែលលោកដឹងពាក់ព័ន្ធប្រវត្តិរបស់អន្ទិត វង្ស ចែត គឺថា គាត់មកពីខេត្តបាត់ដំបង និងធ្វើជាព្រះចៅអធិការវត្តបាន២ឆ្នាំ។ លោកបន្តថា ”វត្តនេះស្ថិតនៅចម្ងាយពី២០០ទៅ៣០០ម៉ែត្រពីផ្ទះប្រជាពលរដ្ឋ”។
ជាការឆ្លើយតបទៅនឹងការចាប់ខ្លួន និងការសារភាពរបស់ព្រះសង្ឃអង្គនេះ ព្រះតេជគុណ ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញនៃគណៈមហានិកាយ បានមានសង្ឃដីកាកាលពីថ្ងៃច័ន្ទ និងកាលពីម្សិលមិញថា ព្រះចៅអធិការវត្ត និងមន្ត្រីសង្ឃទាំងអស់នឹងត្រូវរំឭកដាស់តឿនតាមធម៌វិន័យព្រះពុទ្ធ។
ព្រះតេជគុណ សួង ឆន ព្រះអនុគណស្រុកក្រឡាញ់ បានមានសង្ឃដីកាថា នេះជាករណីទី១នៃការរំលោភរវាងព្រះសង្ឃដែលព្រះអង្គមិនធ្លាប់បានឮ ហើយព្រះអង្គបានព្យាយាមទាញព្រះពុទ្ធសាសនាមិនឲ្យពាក់ព័ន្ធនឹងទង្វើរបស់ព្រះចៅអធិការដែលត្រូវចាប់ផ្សឹកអង្គនេះ។
ព្រះអង្គបានបន្តថា ”គាត់បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនា។ វាអាចធ្វើឲ្យពុទ្ធបរិស័ទយល់ថា នេះគឺដោយសារធម៌វិន័យធូររលង់ ប៉ុន្តែវាជារឿងបុគ្គលប៉ុណ្ណោះ”។
លោក អាឡាស្ទែរ ហ៊ីលតុន (Alastair Hilton) ទីប្រឹក្សាបច្ចេកទេសនៅអង្គការ First Step Cambodia ជាអង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រជនរងគ្រោះជាបុរសនៃការរំលោភបំពានផ្លូវភេទ ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការរំលោភបំពានតាមស្ថាប័ន បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា ខណៈពួកគេមិនបានពិនិត្យមើលការរំលោភបំពាននៅតាមវត្តអារាម ករណីព្រះចៅអធិការ វង្ស ចែត “ មិនមែនជាករណីដែលកើតឡើងតែម្តងនោះទេ”។
លោកបានមានប្រសាសន៍ថា ”ប្រសិនបើខ្ញុំនិយាយថា ការរំលោភបំពានផ្លូវភេទនៅក្នុងស្ថាប័នទំនងជារីករាលដាល នឹងមានការបដិសេធយ៉ាងខ្លាំងក្លាជាមិនខាន។ យើងបានមើលឃើញរឿងនេះកើតឡើងរាប់ទសវត្សរ៍មកហើយនៅតាមព្រះវិហារកាតូលិកទូទាំងពិភពលោក ប៉ុន្តែវាប្រាកដណាស់ថា នេះជាបញ្ហាធំ”៕ សុខុម (រាយការណ៍បន្ថែមដោយ Matt Blomberg)