តើពេលនេះ “ក្រុមនិស្សិតក្មេងវត្ត” ទៅណាបាត់ហើយ? ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ចលនាយុវជននេះល្បីថាជាកម្លាំងពង្រឹងរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រើប្រាស់វត្តអារាមជាមូលដ្ឋានធ្វើសកម្មភាពរបស់ខ្លួន។
ដោយកន្លងមកល្បីខាងបំបែកបាតុកម្មនៅតាមរោងចក្រកាត់ដេរ និងធ្វើបាតុកម្មតបតប្រឆាំងនឹងគណបក្សប្រឆាំងនោះ ក្រុមនិស្សិតក្មេងវត្តមិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយញឹកញាប់ទេក្នុងពេល ថ្មីៗនេះ ហើយពួកគេក៏មិនសូវធ្វើសកម្មភាពសកម្មដែរនៅមុនការបោះឆ្នោត។
ស្ថិតក្នុងសម្លៀកបំពាក់ឃោសនាបោះឆ្នោតនៅឯសួនមុខវត្តបទុមកាលពីថ្ងៃពុធ យុវជនជាច្រើនក្នុងចំណោមយុវជន ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មកពីតាមវត្តអារាមនានាដើម្បីគ្រវីទង់គណបក្សកាន់អំណាច ពីព្រោះប្រធាននិស្សិតនៅក្នុងវត្ត បានបញ្ជាឲ្យពួកគេធ្វើដូច្នេះ។
និស្សិត អន ពិសិដ្ឋ អាយុ២២ឆ្នាំមកពីខេត្តស្វាយរៀង ដែលពេលនេះកំពុងស្នាក់នៅក្នុងវត្តថាន់ បាននិយាយថា រូបគេនិងមិត្តភក្ភិរបស់ខ្លួន ត្រូវគេជួលក្នុងម្នាក់ៗ១០.០០០រៀលឲ្យចូលរួមក្នុងយុទ្ធនាការឃោសនារបស់គណបក្សកាន់អំណាច។ ដូចអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្មេងៗជាច្រើនទៀតដែរ គឺយុវជន អន ពិសិដ្ឋ មិនគាំទ្រគណបក្សប្រជាជនកម្ពុជាទេ។
យុវជនរូបនេះនិយាយថា “ប្រធាននិស្សិតក្មេងវត្តចង់ឲ្យពួកយើងទាំងអស់គ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែវាជាសិទ្ធិបោះឆ្នោតរបស់យើង ខ្ញុំចូលចិត្តគណបក្សសង្គ្រោះជាតិជាង”។ យុវជនរូបនេះបន្តថា រូបគេត្រូវគេជួលឲ្យចូលរួមក្នុងការតវ៉ាផ្សេងៗទៀត រួមទាំងបាតុកម្មក្នុងពេលថ្មីៗនេះប្រឆាំងនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិផងដែរ ជុំវិញការអះអាងរបស់លោកដែលថា មន្ទីរឃុំឃាំងទួលស្លែង កន្លែងដែលប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានកាប់សម្លាប់អំឡុងរបបខ្មែរក្រហម ជាការប្រឌិតរបស់វៀតណាម។
អន ពិសិដ្ឋ និយាយថា “យើងមិនបានដឹងអីទេទាក់ទិននឹងការតវ៉ា [ប្រឆាំងលោក កឹម សុខា] ប៉ុន្តែយើងទៅ ដោយសារតែយើងជាក្មេងវត្ត ហើយយើងទទួលបញ្ជាពីប្រធាននិស្សិតនៅក្នុងវត្តរបស់ខ្ញុំ”។ និស្សិតប្រមាណជាង១០នាក់ ដែលត្រូវបានសម្ភាសនៅក្នុងវត្តចំនួនបួន ក្នុងចំណោមវត្តចំនួន២៧ក្នុងរាជធានីភ្នំពេញ នៅសប្ដាហ៍នេះ សុទ្ធតែយល់ឃើញដូចយុវជន អន ពិសិដ្ឋ។ ពួកគេសុទ្ធតែនិយាយថា ខ្លួនត្រូវគេជួលឲ្យចូលរួមការហែក្បួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឬធ្វើបាតុកម្មតាមបញ្ជារបស់ប្រធាននិស្សិត ដែលធ្វើសកម្មភាពនៅក្នុងវត្ត តំណាងឲ្យសមាគមនិស្សិតក្មេងវត្ត។
និស្សិតសាកលវិទ្យាល័យវ័យ២៣ឆ្នាំម្នាក់ទៀតមកពីខេត្តបាត់ដំបង ស្នាក់នៅវត្តបទុម ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែខ្លួនធ្វើការជាមន្ត្រីរដ្ឋបាលក្រៅម៉ោងនៅក្រសួងមួយនោះ បាននិយាយថា “និស្សិតទៅចូលរួមហែក្បួនដើម្បីបង្ហាញមុខឲ្យបក្សឃើញថា ពួកគេបានចូលរួមហែក្បួន ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងប្រឈមស្ថានភាពលំបាកក្នុងជីវភាពរស់នៅ”។ យុវជនរូបនេះនិយាយថា “និស្សិតមានជីវភាពក្រីក្រ ដូច្នេះពួកគេក៏ទៅចូលរួមហែក្បួនដើម្បីប្រាក់ ប៉ុន្តែចិត្តរបស់ពួកគេស្រឡាញ់គណបក្សផ្សេង”។ យុវជនរូបនេះបន្តថា ថ្វីបើខ្លួនកំពុងបម្រើការងារឲ្យរដ្ឋាភិបាលក៏ដោយ ក៏រូបគេនឹងបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះរូបគេយល់ស្របតាមគោលនយោបាយរបស់គណបក្សនេះ។
និស្សិតវ័យ២៣ឆ្នាំម្នាក់ទៀតឈ្មោះ ក្រូច គុយ មកពីខេត្តសៀមរាប ស្នាក់នៅក្នុងវត្តឧណ្ណាលោម បាននិយាយថា នៅថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដំបូង សមាគមនិស្សិតក្មេងវត្តបានស្នើឲ្យយុវជនជាង១៥០នាក់មកពីវត្តតែមួយដែលខ្លួនស្នាក់នៅ ចូលរួមក្នុងពិធីជួបជុំបើកឆាកដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅលើកោះពេជ្រ។
យុវជនរូបនេះនិយាយថា “ខ្ញុំទៅដោយសារតែខ្ញុំរស់នៅក្រោមការគ្រប់គ្រងរបស់សមាគម ហើយខ្ញុំត្រូវតែធ្វើតាមបញ្ជារបស់សមាគម ជួយដល់សង្គម ពីព្រោះសមាគមនេះបានជួយពួកយើង និងបានជួយកសាងវត្តនេះ” ប៉ុន្តែនិយាយថា ខ្លួនមិនដឹងថាត្រូវបោះឆ្នោតគំាទ្រគណបក្សណាមួយទេ។
យោងតាមយុវជន ហម វណ្ណៈ ប្រធាននិស្សិតនៅវត្តឧណ្ណាលោម បានឲ្យដឹងថា យុវជនប្រមាណ៤.០០០នាក់កំពុងរស់នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ ដែលផ្ដល់កន្លែងស្នាក់នៅ និងអាហារឥតគិតថ្លៃដល់យុវជនក្រីក្រមកពីជនបទជាយូរមកហើយ ខណៈពេលពួកគេកំពុងសិក្សា ឬបន្តការសិក្សានៅសាកលវិទ្យាក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែ “ក្មេងវត្ត” សំដៅដល់សមាគម ដែលគ្រប់គ្រងនិស្សិត មិនមែននិស្សិតខ្លួនឯងនោះទេ។វាសម្រាប់សមាគមបញ្ញវន្តក្មេងវត្ត ដែលត្រូវបានចុះបញ្ជីផ្លូវការជាអង្គការក្រៅរដ្ឋាភិបាល។ លោក សេង សុវណ្ណារា ប្រធានសមាគមបញ្ញវន្តក្មេងវត្ត គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ក្នុងឆ្នាំ២០១១។ លោកបានបដិសេធមិនឆ្លើយសំណួរពាក់ព័ន្ធនឹងសមាគមរបស់លោកទេ។
លោក ជិន ចាន់នី អតីតព្រះសង្ឃគង់នៅវត្តឧណ្ណាលោម បាននិយាយថា “ក្មេងវត្តភាគច្រើនជាអ្នកចំណូលថ្មី ពួកគេមានភាពស្មោះត្រង់ ហើយមិនដឹងពីសកម្មភាពរបស់សមាគមនេះទេ។ ប៉ុន្តែសមាគមនេះមានក្រុមស្នូលនិងក្រុមសកម្មជនដែលធ្វើអន្តរាគមន៍ រាល់ពេលដែលអាជ្ញាធរចង់ ឬត្រូវការឲ្យពួកគេធ្វើ”។
លោកបាននិយាយថា តែទោះជាយ៉ាងណា តួនាទីដ៏សំខាន់នៃសមាគមនេះមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ លោកបានបន្តថា “ពួកគេជាអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែពួកគេទទួលបានមូលនិធិទាំងស្រុងពីគណបក្សប្រជាជនកម្ពុជា ហើយពួកគេមានតួនាទីឃ្លាំមើលសកម្មភាពនៅក្នុងវត្ត មិនមែនបម្រើរដ្ឋាភិបាលនោះទេ គឺបម្រើតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ ពួកគេជាឧបករណ៍របស់គណបក្សកាន់អំណាច ដែលចាំឃ្លាំមើលយ៉ាងស្អិតចំពោះអ្នកណា ដែលបញ្ចេញទស្សនប្រឆាំង មិនថាជាព្រះសង្ឃ ឬជាក្មេងវត្តឡើយ”។
ប្រធាននិស្សិត និងជាតំណាងម្នាក់របស់សមាគមក្មេងវត្តនៅក្នុងវត្តបទុម ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមានបញ្ហានោះ បាននិយាយថា ដោយសារតែទាំងប្រធាន និងសមាជិកអភិបាលផ្សេងៗទៀតនៃសមាគមរបស់ខ្លួន ជាមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជានោះ រូបគេយល់ថា រដ្ឋាភិបាលនឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត។
លោក ខិញ ហង្សហួន អតីតប្រធានក្មេងវត្តនៅក្នុងវត្តឧណ្ណាលោម ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៨ បានអះអាងថា សមាគមនេះធ្វើកិច្ចការមនុស្សធម៌ ប៉ុន្តែលោកបានយល់ស្របថា រដ្ឋាភិបាលពិតជាស្នើឲ្យនិស្សិតរបស់សមាគមនេះ “ស្ម័គ្រចិត្ត” នៅពេលត្រូវការចាំបាច់។ លោកនិយាយថា “រដ្ឋាភិបាលជួយពួកគេ ដូច្នេះពួកគេត្រូវជួយរដ្ឋាភិបាលវិញ”។
លោក ហង្សហួន កំពុងស្នាក់នៅក្នុងវត្តឧណ្ណាលោមនៅឡើយ នៅពេលលោក ជិន ចាន់នី អតីតព្រះសង្ឃ បានសម្រេចចិត្តលាចាកសិក្ខាបទ។ លោក ជិន ចាន់នី និយាយថា លោកមើលឃើញសមាគមនេះផ្តល់សេវាសង្គមតិចតួចណាស់។ លោកបាននិយាយថា “ប្រធានសមាគមក្មេងវត្តនៅពេលនោះ គឺលោក ខិញ ហង្សហួន។ គាត់តាមឃ្លាំមើលរាល់សកម្មភាពទាំងអស់របស់ព្រះសង្ឃ ដែលជាប់សង្ស័យថា គាំទ្រគណបក្សប្រឆាំង”។ លោកនិយាយថា មិនថាលោកទៅទីណា ឬនិយាយអ្វីនៅពេលណានោះទេ លោកមានអារម្មណ៍ថាហាក់ដូចជាត្រូវគេតាមឃ្លាំមើល។
លោកនិយាយថា “មិត្តភក្ភិមួយចំនួន ដែលនៅជាព្រះសង្ឃនៅឡើយ បានបង្ហាញកាតសមាជិកគណបក្សប្រជាជនកម្ពុជារបស់ពួកគាត់ដល់ខ្ញុំក្នុងឆ្នាំ២០០៤ ឬឆ្នាំ២០០៥។ពួកគាត់និយាយថា ពួកគាត់គ្មានជម្រើសទេក្រៅពីទទួលយកកាតទាំងនេះដើម្បីការរស់រាន បើមិនដូច្នោះទេ នឹងប្រឈមការបាត់បង់កន្លែងស្នាក់អាស្រ័យជាមិនខាន”។ លោកបាននិយាយទៀតថា “ដោយសារតែមានក្មេងវត្តទាំងនេះ គ្មានអ្នកប្រឆាំង ឬអ្នកគាំទ្រគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ គឺស្ទើរគ្រប់វត្តអារាមទាំងអស់”។
ខណៈពេលព្រះសង្ឃដែលហា៊នបញ្ចេញទស្សនអំពីបញ្ហាសង្គម បានប្រឈមនឹងការរិះគន់ចំពោះការប្រឆាំងនឹងគោលការណ៍មិនចូលបក្សសម្ព័ន្ធនោះ គណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលនយោបាយជាយូរមកហើយលើវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ដែលសូម្បីតែសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព្យ វង្ស នៃគណៈមហានិកាយ ក៏បានប្រកាសគាំទ្រគណបក្សកាន់អំណាចដែរកាលពីឆ្នាំ២០០៣។បណ្ដាអ្នករិះគន់និយាយថា គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់សមាគមក្មេងវត្តដើម្បីរក្សាស្ថានភាពបែបនេះ។
ព្រះសង្ឃមួយអង្គព្រះជន្ម៣០វស្សា ដែលគង់នៅវត្តបទុមអស់រយៈពេល១០ឆ្នាំ ប៉ុន្តែសុំមិនបញ្ចេញព្រះនាម ដោយសារតែព្រះអង្គមិនចង់ឲ្យមានបញ្ហាដល់វត្តនេះ បានមានសង្ឃដីកាថា ទោះបីជាព្រះសង្ឃ និងនិស្សិតក្មេងវត្តជាច្រើនគាំទ្រគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ពួកគេត្រូវតែលាក់បាំងសកម្មភាពរបស់ខ្លួនដែរ។
ព្រះតេជគុណមានសង្ឃដីកាថា “នៅគ្រប់វត្តអារាមទាំងអស់ មិនថាតែព្រះសង្ឃទេ សូម្បីនិស្សិតក៏រស់នៅក្រោមសម្ពាធពីអាជ្ញាធរដែរ។ ពួកគេនិយាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកកសាងវត្តអារាម ដូច្នេះយើងត្រូវតែសងគុណពួកគេវិញ ប៉ុន្តែវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលនានា”។ ព្រះតេជគុណមានសង្ឃដីកាបន្ដថា ថ្វីបើមានការបំភិតបំភ័យយ៉ាងណាក្តី ក៏ព្រះអង្គជឿជាក់ថា ព្រះសង្ឃនិងនិស្សិតបានយល់ដឹងពីសិទ្ធិបោះឆ្នោតរបស់ខ្លួនរួចទៅហើយ។
ព្រះតេជគុណបានមានសង្ឃដីកាបន្ថែមទៀតថា “ថ្ងៃបោះឆ្នោត យើងមានសិទ្ធិបោះឆ្នោតគាំទ្រអ្នកណាក៏បានតាមដែលយើងចង់ ហើយភាគច្រើននឹងបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ”៕
ប្រែសម្រួលដោយ តែម សុខុម