34 C
Phnom Penh

ទោះ​​​ជា​​​មាន​​​បញ្ហា​​​ និង​​​ខ្វះ​​​មូលនិធិ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នៅ​​​តែ​​​ជំរុញ​​​គម្រោង​​​ទូរទស្សន៍​​​ឲ្យ​​​មាន​​​ដំណើរ​​​ការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គណបក្ស​​​មួយ​​​រូប​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ទោះ​​​បី​​​ជា​​​ខ្វះ​​​មូលនិធិ​​​ចាំបាច់​​​ជាង​​​២លាន​​​ដុល្លារ​​​ក៏​​​ដោយ​​​ ក៏​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​តែ​​​មាន​​​សុទិដ្ឋិនិយម​​​ថា ស្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​របស់​​​ខ្លួន​​​​​​នឹង​​​អាច​​​ចាប់​​​ផ្តើម​​​ផ្សាយ​​​នៅ​​​ពេល​​​ណា​​​មួយ​​​នៅ​​​ពាក់​​​កណ្ដាល​​​ឆ្នាំ​​​២០១៦​​​។ 

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទទួល​​​​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​​គណបក្ស​​​ប្រឆាំង​​​ដំបូង​​​បង្អស់​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​របស់​​​ខ្លួន។ គោល​​​បំណង​​​ដំបូង​​​របស់​​​ខ្លួន​​​ត្រូវ​​​ចាប់​​​ផ្តើម​​​ផ្សាយ​​​ត្រឹម​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​ ប៉ុន្តែ​​​ទូរទស្សន៍​​​ព្រះ​​​អាទិត្យ​​​បាន​​​ជួប​​​បញ្ហា​​​ជា​​​ច្រើន​​​ រួម​​​មាន​​​ការ​​​ចាប់​​​ខ្លួន និង​​​ការ​​​ដាក់​​​គុក​​​កាល​​​ពី​​​ខែ​​​សីហា​​​ ទៅ​​​លើ​​​លោក​​​ ហុង សុខហួរ​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បង្កើត​​​ទូរទស្សន៍​​​នេះ​​​។

យោ​​​ង​​​តាម​​​លោក យ៉ែម បុញាឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ឲ្យ​​​ដឹង​​​ថា​​​ រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​រៃ​​​អង្គាស​​​ថវិកា​​​បាន​​​ប្រហែល​​​៨០០.០០០​​​ដុល្លារ​​​នៃ​​​៣លាន​​​ដុល្លារ​​​ដែល​​​ខ្លួន​​​គ្រោង​​​ទុក​​​​​​នឹង​​​ត្រូវ​​​ការ​​​ចាំ​​​បាច់ស​​​ម្រាប់​​​ការ​​​​​​បើ​​​ក​​​ស្ថានីយ​​​នេះ​​​។ លោក យ៉ែម បុញាឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រាក់​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​ដៃ​​​គឺ​​​ល្មម​​​ទិញ​​​ដី​​​មួយ​​​ឡូត៍​​​នៅ​​​ក្នុង​​​ក្រុង​​​​​តាខ្មៅ​​​​​​​​ ខេត្ត​​​កណ្តាល​​​ ​​​និង​​​ដំឡើង​​​អង់​​​តែន​​​ផ្សាយ​​​​​​ ព្រម​​​ទាំង​​​ឧបករណ៍​​​ផ្សេង​​​ទៀត​​​នៅ​​​ទី​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ស្ថានីយ​​​​​​នៅ​​​តែ​​​ត្រូវ​​​ទទួល​​​ការ​​​យល់​​​ព្រម​​​ពី​​​រដ្ឋាភិបាល​​​បន្ថែម​​​ទៀត​​​ជា​​​ច្រើន​​​ មុន​​​នឹង​​​ខ្លួន​​​អាច​​​ដំណើរ​​​ការ​​​ទៅ​​​មុខ ហើយ​​​គណបក្ស​​​ត្រូវ​​​តែ​​​រៃអង្គាស​​​ឲ្យ​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​ទឹក​​​ប្រាក់​​​បន្ថែម​​​ទៀត​​​​​​ចំនួន​​​២,២លានដ​​​ុល្លារ​​​។​​​

លោក បុញាឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា “បច្ចុប្បន្ន​​​នេះ យើង​​​មាន​​​បញ្ហា​​​បី​​​ត្រូវ​​​ដោះ​​​ស្រាយ​​​សម្រាប់​​​ទូរទស្សន៍​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​។ ដំបូង​​​យើង​​​ទើប​​​តែ​​​បាន​​​ដាក់​​​ស្នើ​​​លិខិត​​​សុំ​​​​​​បន្ត​​​ពេល​​​​​​អាជ្ញាប័ណ្ណ​​​ផ្សាយ​​​របស់​​​យើង​​​ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ដំណឹង​​​ពី​​​ក្រសួង​​​ព័ត៌​​​មាន​​​នៅ​​​ឡើយ​​​ទេ​​​។ បញ្ហា​​​ទី​​​២ គឺ​​​បញ្ហា​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​កំពុង​​​រៀប​​​ចំ​​​ឯកសារ​​​ដើម្បី​​​ដាក់​​​ទៅ​​​ក្រសួង​​រៀប​​​ចំ​​​​ដែន​​​ដី​​​​​​​​​​​ ដើម្បី​​​សុំ​​​ការ​​​អនុញ្ញាត​​​ដំឡើង​​​អង់តែន​​​ទូរទស្សន៍​​​ ហើយ​​​ចុង​​​ក្រោយ​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​រត់​​​ការ​​​ឯកសារ​​​ជា​​​មួយ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​ទាក់​​​ទង​​​នឹង​​​ហ្វ្រេកង់ស៍​​​ទូរទស្សន៍​​​របស់​​​យើង​​​”។

លោក បុញាឫទ្ធិ បាន​​​ប៉ាន់​​​ប្រមាណ​​​ថា ចំណាយ​​​ចាំ​​​បាច់​​​ដើម្បី​​​បង្កើត​​​ទូរទស្សន៍​​​ គឺ​​​ត្រូវ​​​ការ​​​ទឹក​​​ប្រាក់​​​ប្រហែល​​​១,៥​​​លាន​​​ដុល្លារ​​​​​​ ហើយ​​​ប្រតិបត្តិការ​​​នឹង​​​ត្រូវ​​​ការ​​​១,៥លានដុល្លារ​​​ទៀត​​​សម្រាប់​​​ចំណាយ​​​លើ​​​ការ​​​ផ្សាយ​​​ដំបូង​​​។ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​បាន​​​ឈប់​​​រៃអង្គាស​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​លោក  ហុង  សុខហួរ​​​ និង​​​ព្រឹត្តិការណ៍​​​នយោបាយ​​​ជា​​​បន្ត​​​បន្ទាប់​​​​​​បាន​​​កើត​​​ឡើង​​​ រួម​​​មាន​​​ការ​​​ចេញដ​​​ីកា​​​ចាប់​​​ខ្លួ​​​ន​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​គឺ​​​លោក សម រង្ស៊ី និង​​​ការ​​​បណ្តេញ​​​​​​លោក រង្ស៊ី ចេញ​​​ពី​​​សភា​​​ និង​​​ការ​​​ដក​​​តំណែងអនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​លោក កឹម សុខា ចេញ​​​ពី​​​អនុប្រធាន​​​សភា​​​ជាតិ​​​ ប៉ុន្តែ នឹង​​​ចាប់​​​ផ្តើម​​​ឡើង​​​វិញ​​​នៅ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​។

លោក បុញាឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចាប់​​​ខ្លួន​​​ [លោក សុខហួរ ] ….មិន​​​អាច​​​បញ្ឈប់​​​យើង​​​ពី​​​ការ​​​បើក​​​ទូរទស្សន៍​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​យើង​​​នៅ​​​មាន​​​អ្នក​​​ជំនាញ​​​ផ្សេង​​​ទៀត​​​ដែល​​​ធ្វើការ​​​ងារ​​​នេះ​​​”៕រើន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស