បន្ទាប់ពីមានការកើតឡើងបទល្មើសទូទាំងប្រទេសដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រួយបារម្ភកាលពីដើមខែនេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជួបប្រជុំជាមួយព្រះរាជអាជ្ញាមកពីក្រុងភ្នំពញនិងបណ្តាខេត្តទាំង២៤ កាលពីថ្ងៃសុក្រ ហើយបានចេញបញ្ជាឲ្យពួកគេពន្លឿនការសើុបអង្កេតទៅក្នុងករណីឧក្រិដ្ឋកម្មទាំងអស់ជាពិសេសករណីដែលពាក់ព័ន្ធនឹងការប្លន់ប្រដាប់អាវុធ។
យោងតាមលោក កើត រិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបាននិយាយប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំនោះឲ្យដឹងថា លោក វង្សវឌ្ឍានា ក៏បានឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីឲ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតចំពោះទណ្ឌិតដែលនឹងមានការដោះលែងមុនកាលកំណត់ ដោយមានប្រសាសន៍ថា លោកនឹងជួបជាមួយមន្ត្រីពន្ធនាគារ ដើម្បីពិភាក្សាអំពីការដកចេញចោរប្លន់ប្រដាប់អាវុធពីការសុំលើកលែងទោស។
លោក កើត រិទ្ធ បានប្រាប់អ្នកយកព័ត៌មាននៅឯក្រសួងយុត្តិធម៌ក្នុងក្រុងភ្នំពេញថា “ឯកឧត្តម [ លោក វង្សវឌ្ឍានា ] បានណែនាំពួកគេ [ ព្រះរាជអាជ្ញា] ឲ្យពិនិត្យឡើងវិញនូវរាល់សំណុំ រឿងទាំងឡាយដែលកំពុងតែចាត់ការដោយតំណាងអយ្យការតុលាការដោយធ្វើយ៉ាងម៉េចជំរុញកិច្ចនេះឲ្យបានឆាប់រហ័ស និងម៉ឺងម៉ាត់ ដើម្បីបញ្ចប់ការសើុបអង្កេត។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះបានមានប្រសាសន៍ដោយមិនផ្តល់សេចក្តីពិស្ដារថា “ឯកឧត្តមរដ្ឋមន្ត្រី នឹងជួបជាមួយនឹងនាយកដ្ឋានពន្ធនាគារ ដើម្បីពិនិត្យឡើងវិញលើការបន្ធូរបន្ថយទោស និងការលើកលែងទោស”។
លោក កើត រិទ្ធ បាននិយាយបន្ថែមថា មន្ត្រីក្រសួងយុត្តិធម៌ក៏នឹងជួបជាមួយនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃអង្គារ ដើម្បីព្រាងគម្រោងបង្កើនសន្តិសុខតាមទីសាធារណៈនានា។
ថ្លែងកាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលបង្កឲ្យមានអំពើហិង្សានិងក្នុងករណីខ្លះបណ្តាលឲ្យមនុស្សស្លាប់ ដែលជាអំពើប្លន់ដែលបានចាប់កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកា ដោយបណ្តាលឲ្យកុមារាអាយុ១៣ឆ្នាំម្នាក់ស្លាប់ដោយគ្រាប់កាំភ្លើងវែង ក្នុងពេលដែលជនល្មើសពីរនាក់បានព្យាយាមប្លន់ម៉ូតូមា៉ាកហុងដាឌ្រីមស៊េរីថ្មី ពីបងប្រុសរបស់វា នៅក្នុងខេត្តកំពត។
បទល្មើសបែបនោះបានកើតឡើងជាបន្តបន្ទាប់ដោយមានការប្លន់ម៉ូតូជាច្រើនករណីស្រដៀងៗគ្នានៅថ្ងៃទី១១ ខែធ្នូ ក្នុងពេលដែលកងរាជអាវុធហត្ថក្រុងភ្នំពេញបានប៉ះ ទង្គិចប្រដាប់អាវុធជាមួយជនល្មើសពីរនាក់ដែលបានបាញ់សម្លាប់យុវជនម្នាក់ ហើយប្លន់យកម៉ូតូហុងដាឌ្រីម របស់គាត់កាលពីព្រឹកថ្ងៃនោះ។
កាលពីចុងសប្តាហ៍មុន ជនល្មើសបានប្លន់ប្រដាប់អាវុធបីកន្លែងផ្សេងៗគ្នានៅក្នុងខេត្តបី គឺខេត្តកណ្ដាល ពោធិ៍សាត់ និងបាត់ដំបង ដែលក្នុងនោះស្ត្រីម្នាក់ត្រូវបាញ់ស្លាប់ និងប្លន់យកមាស និងលុយគិតជាទឹកប្រាក់ជាង ៣៣០.០០០ដុល្លារអាមេរិក៕រើន