កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ “អ្នកបរិស្ថានជ្រុលនិយម” ព្រោះប្រឆាំងគម្រោងទំនប់វារីអគ្គិសនី ដោយលោកបានថ្លែងថា ប្រទេសត្រូវលះបង់ដើម្បីបានអគ្គិសនីប្រើប្រាស់។
ថ្លែងនៅឯពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រវារីអគ្គិសនីស្ទឹងតាតៃនៅក្នុងខេត្តកោះកុង លោក ហ៊ុន សែន បានប្រាប់អ្នកចូលរួមស្ដាប់ថា គ្មានការអភិវឌ្ឍណាបានមកដោយមិន”បង់ថ្លៃ” នោះទេ។
ដោយសំដៅដល់ទំនប់វារីអគ្គិសនីដែលក្រុមហ៊ុនសាជីវកម្មចិន China National Heavy Machinery Corporation បានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០១០ ដោយប្រើទឹកប្រាក់ប្រមាណ៥៤០លានដុល្លារ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ”ខ្ញុំសូមពន្យល់ថា ប្រសិនបើយើងចង់បានថាមពលកម្លាំងជាង២៤០មេហ្គាវ៉ាត់ យើងចាំបាច់ត្រូវបង់ថ្លៃលើបញ្ហាជាច្រើនដូចជា បញ្ហានៃការលិចលង់ព្រៃជាង២.០០០ហិកតានៅទីនេះ”។
លោកនាយករដ្ឋមន្ត្រី បន្ទាប់មកបានមានប្រសាសន៍សំដៅលើសកម្មជនបរិស្ថានដែលប្រឆាំងនឹងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនៅទូទាំងប្រទេស។
លោកមានប្រសាសន៍ថា “មានអ្នកបរិស្ថានជ្រុលនិយមជាច្រើននាក់ដែលតែងតែប្រឆាំងការអភិវឌ្ឍ។ ពួកគេជំទាស់ការអភិវឌ្ឍ អីក៏ទាស់ដែរ ចឹងយើងនាំគ្នាផលិតចន្លុះហើយយកចន្លុះទៅឲ្យពួកគាត់ ហើយកាត់ភ្លើងចេញពីផ្ទះគាត់ហ្មង កុំឲ្យប្រើភ្លើង ពីព្រោះពួកអ្នកឯងគិតតែម្ខាង?”។
ដោយលើកឡើងនូវការយល់ព្រមជួយដែលលោកបានទទួលពីលោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី ក្នុងពេលបំពេញទស្សនកិច្ចថ្មីៗនៅកម្ពុជាថានឹងជួយសាងសង់រោងចក្រនុយក្លេអ៊ែរនោះ លោក ហ៊ុន សែន បានសួរបែបវោហារសាស្ត្រថាតើប្រទេសចង់បានថាមពលនុយក្លេអ៊ែរឬយ៉ាងម៉េច។
ដោយលើកឡើងថា ថៃ វៀតណាម និងឡាវ ក៏នឹងប្រឆាំងវាដោយសារអាចនឹងមានការផ្ទុះនុយក្លេអ៊ែរនោះ លោកបានមានប្រសាសន៍ថា “បើអ៊ីចឹងមែន វាច្បាស់ណាស់ថា នឹងមានការប្រឆាំងតវ៉ាដ៏ធំ”។
លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន សហស្ថាបនិកអង្គការបរិស្ថានមាតាធម្មជាតិ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងនិរទេសកាលពីខែកុម្ភៈឆ្នាំមុននោះ បាននិយាយថា ការផ្ដាច់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងអ្នកបរិស្ថាន ចាំបាច់ត្រូវលុបបំបាត់ “ឲ្យបានឆាប់តាមលទ្ធភាពធ្វើទៅបាន”។
លោកបាននិយាយថា ”អ្នកបរិស្ថានត្រូវការ និងស្វាគមន៍អគ្គិសនី ជាពិសេសប្រសិនបើវាត្រូវបានផលិតនៅក្នុងស្រុកជាជាងនាំមកពីក្រៅស្រុក ប៉ុន្តែថាមពលនេះមិនត្រូវបានមកដោយសារការបំផ្លាញបរិស្ថាន ការប្រឆាំងឆន្ទៈប្រជាជន ឬរំលោភច្បាប់របស់ប្រទេសនោះទេ”៕ និត
(រាយការណ៍បន្ថែមដោយ George Wright)