ចៅក្រមម្នាក់បាននិយាយថា ថៅកែរោង ចក្រ និងកម្មករកាត់ដេរបួននាក់ដែលជាប់ពន្ធនាគារនឹងត្រូវកោះហៅនៅថ្ងៃនេះឲ្យមកបង្ហាញខ្លួននៅសាលាដំបូងខេត្តស្វាយ រៀងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីផ្ដល់ ”ការបញ្ជាក់” ជុំវិញកូដកម្ម និង កុប កម្មជាច្រើនលើកដែលកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរក្នុងក្រុងបាវិតកាល ពីខែមុន។
កម្មករបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ និង១៨ ខែធ្នូ ថ្ងៃទី២និងទី៣នៃការតវ៉ា។ ការតវ៉ាបានបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីអាជ្ញាធរខេត្តសន្យាដោះលែងក្រុមនេះឲ្យនៅក្រៅឃុំបណ្តោះអាសន្នជាថ្នូរនឹងការឲ្យមេដឹកនាំសហជីពដែលអះអាងថា មិនបានចូលរួមក្នុងកូដកម្មនោះ ជួយធ្វើឱ្យកម្មករស្ងប់ចិត្ត ហើយឱ្យពួកគេត្រឡប់ទៅធ្វើការវិញ។
លោក ទិត្យ សុធីបូរ៉ាឆាត ចៅក្រមស៊ើប សួរបានមានប្រសាសន៍កាលពីម្សិលមិញនៅពេលត្រូវបានសួរថា តើកម្មករទាំងបួននាក់នឹងត្រូវបានដោះលែងឬយ៉ាងណានោះថា ”ថ្ងៃនេះយើងកំពុងត្រៀមកោះហៅភាគីពាក់ព័ន្ធទាំងអស់ រួមទាំងថៅកែរោងចក្រមួយ ចំនួនដែលរងការខូចខាតច្រើនបំផុត។ ដីកាកោះហៅនឹងត្រូវចេញនៅព្រឹកនេះ”។
កម្មករទាំងបួននាក់រួមជាមួយកម្មករប្រាំពីរ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងអ្នកបើកបររថយន្តដឹកកម្មករប្រាំមួយនាក់ផងដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ប្រើអំពើហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិ។
យោងតាមចៅក្រមរូបនេះបានឲ្យដឹងថា បើទោះជាសហជីពបានឈានដល់ការព្រមព្រៀង ដោយស្ថានភាពត្រឡប់ទៅរកភាពធម្មតា វិញនៅតំបន់សេដ្ឋកិច្ចពិសេសនេះក៏ដោយ ក៏ការសន្យាដោះលែងរបស់អាជ្ញាធរខេត្តត្រូវវាយតម្លៃជាមុនសិនដោយតុលាការដែរ។
ចៅក្រម សុធីបូរា៉ាឆាត បានមានប្រសាសន៍ ថា “ការបញ្ជាក់នេះជាផ្នែកមួយនៃធាតុចូលដែលតុលាការត្រូវការសម្រាប់ការពិចារណា ហេតុដូច្នេះហើយនៅមានបញ្ហាច្រើនទៀតដែលត្រូវធ្វើផ្អែកតាមនីតិវិធីតុលាការ។ យើងមិនអាចធ្វើការសម្រេចបានទេឥឡូវនេះ”។
ចៅក្រមរូបនេះបានមានប្រសាសន៍ថា ការសាកសួរ “នឹងទាក់ទងទៅនឹងកូដកម្មហិង្សា ដូចជាអ្វីដែលត្រូវបានបំផ្លាញ…អ្វីដែល ពួកគេទទួលស្គាល់ថា បានកើតឡើងឬមិនបានកើតឡើង មិនថាមានដំណោះស្រាយណាមួយឬក៏អត់ឡើយ មូលហេតុនៃបញ្ហា និងបញ្ហាផ្សេងៗទៀត”។ លោកបានមានប្រសាសន៍ថា ការសាកសួរនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយយ៉ាងយូរបំផុត។
លោក ហេង បុង មេធាវីតំណាងកម្មករទាំងបួននាក់ដែលត្រូវបានសន្យាដោះលែងកាលពីខែមុន បានមានប្រសាសន៍ថា ការដាក់ពាក្យសុំនៅក្រៅឃុំផ្លូវការត្រូវបានដាក់ជូនកាលពីថ្ងៃទី២៤ ខែធ្នូ៕ សារុន