មន្ត្រីសហជីពបាននិយាយថា នគរបាលស្លៀកពាក់ស៊ីវិលបានចាប់មន្ត្រីសហជីពពីរនាក់អំឡុងការតវ៉ាមួយនៅខាងក្រៅរោងចក្រកាត់ដេរក្នុងខេត្តកំពង់ស្ពឺកាលពីព្រឹកម្សិលមិញ ដោយបានរុញពួកគេចូលទៅក្នុងរថយន្តតូយ៉ូតាកាមរីមួយគ្រឿង ហើយបើកចេញយ៉ាងលឿន។
នគរបាលបានអះអាងថា មន្ត្រីសហជីពទាំងពីររូបនេះត្រូវបាននាំទៅកាន់សាលាដំបូងខេត្ត ទីដែលពួកគាត់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបង្កហិង្សាដោយចេតនាជុំវិញការតវ៉ានៅខាងក្រៅរោងចក្រនេះ បន្ទាប់មកត្រូវបានបញ្ជូនទៅពន្ធនាគារខេត្ត។
លោក មឿន សារ៉ា មន្ត្រីសហជីពសេរីកម្មករបានចូលរួមនៅក្នុងការតវ៉ានោះ ជាផ្នែកមួយនៃវិវាទការងារដ៏អូសបន្លាយជុំវិញការបណ្ដេញមន្ត្រីសហជីពបីរូបនៅរោងចក្រកាត់ដេរ Cerie ក្នុងស្រុកសំរោងទង កាលពីខែវិច្ឆិកា។
លោក មឿន សារ៉ា បានថ្លែងថា កម្មករបានធ្វើការតវ៉ានៅខាងក្រៅរោងចក្រនេះរៀងរាល់ព្រឹកចាប់តាំងពីថ្ងៃទី៤ ខែមករាមក ដោយអំពាវនាវឲ្យអ្នកគ្រប់គ្រងអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីខែធ្នូ ដែលណែនាំពួកគេឲ្យទទួលយកកម្មករដែលត្រូវបានបណ្ដេញចេញចូលធ្វើការវិញ។
លោកបានថ្លែងថា ទំហំកូដកម្ម និងការតវ៉ាបានថយចុះកាលពីខែមុន ដោយសារកម្មករកាន់តែច្រើនឡើងៗបានត្រឡប់ចូលធ្វើការវិញដោយខ្លាចត្រូវគេបណ្ដេញចេញ។ លោកលើកឡើងថា កាលពីព្រឹកម្សិលមិញ កម្មករប្រហែល៣០នាក់ស្ថិតនៅក្រៅរោងចក្រនៅឡើយ នៅពេលនគរបាលស្លៀកពាក់ស៊ីវិលបានមកដល់។
ដោយចេញឈ្មោះមន្ត្រីសហជីពសេរីកម្មករដែលត្រូវបានចាប់ខ្លួនគឺ យ៉ុង លាភ និង ទូច ស្រុុ៊ុន លោក មឿន សារ៉ា បានមានប្រសាសន៍ថា ”ព្រឹកនេះនៅម៉ោង៨និង១៥នាទី បន្ទាប់ពីយើងបានបញ្ឈប់ការតវ៉ា ហើយរៀបចំត្រឡប់ទៅផ្ទះវិញ មានមនុស្សប្រហែល១០នាក់ស្លៀកពាក់សម្លៀកបំពាក់ធម្មតាបានមកចាប់ពួកយើង ហើយយើងបានរត់ ប៉ុន្តែនៅពេលនោះពួកគេចាប់បានពីរនាក់”។
លោកបានថ្លែងថា “យើងមិនដឹងថា ហេតុអ្វីបានជាពួកគេមកចាប់ខ្លួនពួកយើងដូចនេះឡើយ ព្រោះយើងមិនបានប្រព្រឹត្តបទល្មើសណាមួយទេ”។
លោក ញ៉ែម សៅ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីសហជីពទាំងនេះត្រូវបានចាប់ខ្លួនដោយសារមានពាក្យបណ្ដឹងពីកម្មករដែលមិនធ្វើការតវ៉ា និងដែលបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាទាំងនេះកាលពីដើមខែមុន។
លោក ញ៉ែម សៅ បានមានប្រសាសន៍ថា “ពួកគេត្រូវបានចាប់ខ្លួនដោយសារជាប់ពាក់ព័ន្ធការញុះញង់ និងការបង្កហិង្សាដោយចេតនា ហើយយើងបានបញ្ជូនពួកគេទៅតុលាការនៅព្រឹកនេះ”។ លោកបានបន្ថែមនៅពេលល្ងាចថា អ្នកទាំងពីរត្រូវបានចោទប្រកាន់ ហើយបញ្ជូនទៅពន្ធនាគារដើម្បីរង់ចាំការជំនុំជម្រះ។
ក្រុមមន្ត្រីតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ។ បុរសម្នាក់ដែលលើកទូរស័ព្ទរបស់អ្នកគ្រប់គ្រងរោងចក្រនេះបាននិយាយថា មិនមានបញ្ហានៅរោងចក្រនេះទេ ហើយក៏បានដាក់ទូរស័ព្ទចុះ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានរាប់បញ្ជូលរោងចក្រ Cerie ជាសមាជិករបស់ខ្លួន ដែរនោះមានប្រសាសន៍ថា សហជីពសេរីកម្មករបានអនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធវិវាទនេះ ក្រៅពីការដុតកង់ឡានអំឡុងការតវ៉ា។
លោកបានថ្លែងថា ”ប៉ុន្តែមកដល់ចំណុចនេះ ពួកគេបានព្យាយាមអនុវត្តតាមនីតិវិធីច្បាប់។ ការតវ៉ាបានកើតឡើងបន្ទាប់ពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតែប៉ុណ្ណោះ”។ លោកបានបន្ថែមថា សមាគមរបស់លោកបានជំរុញឲ្យថៅកែរោងចក្រគោរពសេចក្ដីសម្រេចនេះ។
លោក មឿន សារ៉ា បានមានប្រសាសន៍ថា មន្ត្រីសហជីព និងកម្មករនឹងធ្វើការតវ៉ានៅមន្ទីរការងារខេត្តនៅថ្ងៃនេះ អំពាវនាវឲ្យដោះលែងមិត្តរួមការងាររបស់ខ្លួន បើទោះជាទទួលបានព័ត៌មានថា អ្នកតវ៉ាប្រាំបួននាក់ទៀតប្រឈមការចាប់ខ្លួនក៏ដោយ៕ សារុន