34 C
Phnom Penh

កម្មករ​ម្នាក់ និង​​​អ្នក​​​បើក​​​រថយន្តម្នាក់​​​ស្លាប់​​​ក្នុង​​​គ្រោះថ្នាក់​​​រថយន្ត​​​នៅ​​​តាម​​​ផ្លូវ​​​ទៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​​​​រោងចក្រ​​​កាត់ដេរ​​​ម្នាក់​​​ និង​​​អ្នក​​​បើកបរ​​​ម្នាក់​​​បាន​​​ស្លាប់​​​ភ្លាមៗ​​​​​​នៅ​​​ពេល​​​រថយន្ត​​​របស់​​​ពួកគេ​​​បាន​​​បុក​​​ពី​​​ក្រោយ​​​រថយន្ត​​​ចត​​​ចោល​​​​​​នៅ​​​​​​​​​ជាយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៨​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។

នេះ​​​ជា​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​មាន​​​មនុស្ស​​​ស្លាប់​​​លើក​​​ទី​​​២​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ពាក់ព័ន្ធ​​​នឹង​​​កម្មករ​​​កាត់​​​ដេរ​​​ ដែល​​​ប្រឈម​​​នឹង​​​ការ​​​ធ្វើ​​​ដំណើរ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​ទៅ​​​ និង​​​មក​​​ពី​​​កន្លែង​​​ធ្វើ​​​ការ ដោយ​​​ការ​​​ជិះ​​​រថយន្ត​​​ដែល​​​ថែ​​​ទាំ​​​មិន​​​បាន​​​ល្អ​​​ ហើយ​​​ជា​​​ញឹកញាប់​​​បើក​​​ដោយ​​​អ្នក​​​បើកបរ​​​គ្មាន​​​ប័ណ្ណ​​​បើក​​​បរ។

លោក សឹុម កុសល​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​ពារាំង​​​ បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ​​​កម្មករ​​​ប្រហែល​​​៣០​​​នាក់​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ 7NG នៅ​​​ពេល​​​នោះ​​​ស្រាប់​​​តែ​​​រថយន្ត​​​ក្រុង​​​​​​របស​​​់​​​ពួកគេ​​​បាន​​​បុក​​​ពី​​​ក្រោយ​​​រថយន្ត​​​ចត​​​នៅ​​​មួយ​​​កន្លែង​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​និង​​​៣០​​​នាទី​​​ទៀប​​​ភ្លឺ បណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​កម្មករ​​​ម្នាក់​​​ឈ្មោះ​​​ ចក់ លីន អាយុ​​​១៧​​​ឆ្នាំ និង​អ្នក​​​បើក​​​បរ ​​​ម្នាក់​​​ឈ្មោះ ឡេង ភាព អាយុ​​​៣២​​​ឆ្នាំ​​​ នៅ​​​នឹង​​​កន្លែង​​​ភ្លាមៗ។ កម្មករ​​​កាត់​​​ដេរ​​​របួស​​​១៦​​​នាក់​​​ទៀត​​​​​​ត្រូវ​​​គេ​ដឹក​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក។

លោក កុសល បាន​​​និយាយ​​​ថា ម្ចាស់​​​រថយន្ត​​​​​​​​​ ដែល​​​ចត​​​នៅ​​​មួយ​​​កន្លែង​​​បាន​​​​​​រត់​​​ចេញ​​​ពី​​​កន្លែង​​​​​​កើត​​​ហេតុ​​​ តែ​​​ទោះ​ជា​​​យ៉ាង​​​ណា ​​​លោក​​​​​​បាន​​​បន្ទោស​​​​​​លើ​​​អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​ជា​​​អ្នក​​​ខុស​​​។

លោក​​​បាន​​​និយាយ​​​ថា “អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​ខុស ព្រោះ​​​គាត់​​​បុក​​​រថយន្ត​​​ម៉ាក Hino ពី​​​ក្រោយ”។ លោក​បាន​​​បន្ថែម​​​ទៀត​​​ថា ​​​អាជ្ញាធរ​​​​​​​​​ នៅ​​​មិន​​​ទាន់​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​បាន​​​បើក​​​បុក​​​រថយន្ត​​​ Hino នោះ​​​​​​នៅ​​​ឡើយ​​​ទេ។

“យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​ប័ណ្ណ​​​បើក​​​បរ​​​​​​នៅ​​​​​ជាប់​​​ខ្លួន​​​អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​​​​នៅ​​​កន្លែង​​​គ្រោះ​​​ ថ្នាក់​​​ទេ ប៉ុន្តែ​​​សាច់​​​ញាតិ​​​របស់​​​អ្នក​​​បើក​​​បរ ដែល​​​​​​បាន​​​មក​​​យក​​​សព​​​ទៅ​​​ធ្វើ​​​បុណ្យ​​​ បាន​​​ប្រាប់​​​យើង​​​ថា អ្នក​​​បើក​​​បរ​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ ហើយ​​​ថា បាន​​​ទុក​​​វា​​​នៅ​​​ឯផ្ទះ”។

លោក​​​ ហួត​​​ កល្យាណ​​​ ​​​ប្រធាន​​​មន្ទីរ​​​សុខាភិ​​​បាល​​​ស្រុក​​​​​​បាន​​​និយាយ​​​ថា អ្នក​​​ដំណើរ​​​របួស​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ភ្នំពេញ​​​ដើម្បី​​​ព្យាបាល​​​​​​​​​​​​បន្ថែម ដោយ​​​ម្នាក់​​​បាក់​​ជើង​​​ម្ខាង ​​​ហើយ​​​​​​ម្នាក់​​​ទៀត​​​បាក់​​​ឆ្អឹង​​​ថ្គាម ហើយ​​​អ្នក​​​របួស​​​នៅ​​​សល់​​​​​ពី​​​នោះ​​​នឹង​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ។

គ្រោះថ្នាក់​​​ចរាចរណ៍​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កាល​​​ពី​​​ខែ​​​មុន ដែល​​​ក្នុង​​​គ្រោះថ្នាក់​​​នោះ​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ប្រាំ​​​នាក់​​​បាន​​​ស្លាប់​​​​​​នៅ​​​ពេល​​​ដែល​​​រថយន្ត​​​គ្មាន​​​ដំបូល​​​ដែល​​​ពួក​​​គេ​​​កំពុង​​​ជិះ​​​​​​បាន​​​ក្រឡាប់​​​​​​​​​ពេល​​​ព្យាយាម​​​បើក​​​វ៉ា​​​រថយន្ត​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត។

យោង​​​តាម​​​បេឡាជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​ ដែល​​​​​​បង់​​​ប្រាក់​​​សំណង​​​សម្រាប់​​​គ្រោះ​​​ថ្នាក់​​​ទាក់​​​ទង​​​នឹង​​​ការ​​​ងារ​​​ដល់​​​ក្រុម​​​ហ៊ុន​​​មួយ​​​ចំនួន បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​រោងចក្រ​​​កាត់ដេរ​​​៦០​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​ធ្វើការ​​​កាល​​​ពី​​​ឆ្នាំ​​​មុន៕

និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស